(ភ្នំពេញ)៖ ជាងពីរទស្សវត្សរ៍មកហើយ កម្ពុជា និងសហភាពអឺរ៉ុប បានសហការគ្នាជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងទទួលបានផលវិជ្ជមានជាច្រើនដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមក តាមរយៈការផ្តល់ជូននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ដែលជាគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប។

ប្រព័ន្ធអនុគ្រោះពន្ធនេះ អនុញ្ញាតឲ្យការនាំចូលទំនិញទាំងអស់លើកលែង​តែសព្វាវុធទៅសហភាពអឺរ៉ុប ពីប្រទេសអភិវឌ្ឍន៍តិចតួច ដោយមិនជាប់ពន្ធនាំចូលនោះទេ។ ផលវិជ្ជមានដែលគួរឲ្យកត់សម្គាល់ គឺប្រជាជនកម្ពុជារាប់លាននាក់គ្រប់និន្នាការនយោបាយ សុទ្ធតែទទួលបានផលប្រយោជន៍យ៉ាងច្រើនអំពីប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយបានផ្តល់នូវការងារជាច្រើនលើវិស័យកាត់ដេរ និងវិស័យពាក់ព័ន្ធ ធ្វើឲ្យប្រជាជនកម្ពុជាដែលជាកម្មករ កម្មការិនី រាប់លាននាក់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ យើងពិតជាអរគុណចំពោះភាពជាដៃគូសហការ និងជំនួយពីសហភាពអឺរ៉ុបក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។

អ្វីដែលគួរឲ្យសោកស្តាយនោះ គឺកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈ​កម្មការ​សហភាពអឺរ៉ុប បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ន ចំពោះប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា ដោយបានចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធការមិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។

យើងបានដឹងយ៉ាងច្បាស់ថា ការដក EBA របស់សហភាពអឺរ៉ុបនាពេលនេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ ដោយសារតែអ្នកនយោបាយមួយរូបនោះ ដែលប្រជាជនខ្មែរគ្រប់រូបបានស្គាល់​ឈ្មោះយ៉ាងច្បាស់គឺ សម រង្ស៊ី ជាមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ និងបច្ចុប្បន្នជាមេចលនាក្រុមឧទ្ទាមប្រឆាំងនឹងកម្ពុជា ដែលជាអ្នកទាញទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងកម្ពុជាឲ្យឈានដល់ដំណាក់កាលនេះ។

ហេតុផលតែមួយគត់ ដែលបុគ្គលនេះខិតខំលាបពណ៌ បំភ្លៃបំផ្លើសការពិតអំពីកម្ពុជា គឺដើម្បីញុះញង់អន្តរជាតិ និងប្រើប្រាស់ស្ថាប័នអន្តរជាតិមកគាបសង្កត់សេដ្ឋកិច្ចកម្ពុជា ក្នុងបំណងចង់បានសិទ្ធិវិលត្រឡប់ធ្វើនយោបាយ និងប្រជែងអំណាចធ្វើជានាយករដ្ឋមន្រ្តីនៅកម្ពុជាតែប៉ុណ្ណោះ។ តើនេះឬជាប្រជាធិបតេយ្យ ដែលសហភាពអឺរ៉ុបចង់បាននោះ?

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៣ សម រង្ស៊ី និង កឹម សុខា ចាញ់ឆ្នោតបែរជាដឹកនាំមហាបាតុកម្ម ចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្រោមឈ្មោះមហាបាតុកម្មអហិង្សា។ ជាសំណាងល្អចំពោះកម្ពុជា ដែលចលនានេះបានបរាជ័យទាំងស្រុង បន្ទាប់ពីមានការចាត់វិធានការបានទាន់ពេលវេលាពីសំណាក់រាជរដ្ឋាភិបាល ម្ល៉េះប្រទេសមួយនេះមិនដឹងជាធ្លាក់ដល់ស្ថានភាពបែបណានោះទេ។

ជាងនេះទៅទៀត តាមរយៈវីដេអូមួយបានបង្ហាញយ៉ាងច្បាស់ថា បុគ្គល កឹម សុខា ក៏ដូចជាគណបក្សសង្រ្គោះជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដោយមានបរទេសនៅពីក្រោយជាខ្នងបង្អែក និងបង្ហាត់បង្ហាញពីរបៀបទម្លាក់អំណាចរដ្ឋាភិបាលដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។

តើទង្វើរបស់ សម រង្ស៊ី និង កឹម សុខា នាពេលនោះ ត្រឹមត្រូវតាមបែបប្រជាធិបតេយ្យមែនទេ? ហេតុអ្វីបានជាការអនុវត្តន៍ច្បាប់របស់ប្រទេសកម្ពុជា បែរជាត្រូវបានគេចោទប្រកាន់ថាជាការធ្វើឲ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស? តើប្រជាធិបតេយ្យដែលអ្នកទាមទារនោះ ជាប្រជាធិបតេយ្យបែបណា?

គួរបញ្ជាក់ថា កម្ពុជាបានខិតខំអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យយ៉ាងត្រឹមត្រូវ ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ មានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភាជាតិ ដោយមានគណបក្សចូលរួមចំនួន​២០គណបក្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានប្រើសិទ្ធិរបស់ខ្លួនចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសអ្នកតំណាងរបស់ខ្លួនប្រកបដោយភាពសេរី យុត្តិធម៌ និងតម្លាភាពតាមបែបប្រជាធិបតេយ្យ។ ទោះបីជាកម្ពុជាខិតខំអនុវត្តយ៉ាងណាក៏នៅតែត្រូវបានគេចោទប្រកាន់ ដែលនេះជាភាពអយុកត្តិធម៌មួយសម្រាប់ប្រទេសកម្ពុជា។

កម្ពុជានៅតែបន្តទទួលបានភាពអយុត្តិធម៌ជារៀងរហូតមក ជាក់ស្តែងណាស់យើងកំពុងតែត្រូវបានសហភាពអឺរ៉ុបចោទប្រកាន់ និងគាបសង្កត់យើងតាមរយៈការគំរាមព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA និងដាក់លក្ខខណ្ឌរំលោភលើអធិបតេយ្យភាពរបស់យើងផងដែរ។

បើយើងប្រៀបធៀបក្នុងចំណោមប្រទេសដែលទទួលបានការអនុគ្រោះពន្ធ EBA រួមមានឡាវ បង់ក្លាដេស និងបណ្តាប្រទេសមួយចំនួនទៀត ស្ថានភាពនៃការគោរពច្បាប់របស់យើង លើវិស័យការងារ ការគោរពសិទ្ធិមនុស្ស និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យជាដើមគឺកម្ពុជាមានភាពល្អប្រសើរជាងបណ្តាប្រទេសទាំងនោះ។

យើងសូមស្នើសុំដោយទទូចឲ្យបណ្តាសមាជិកសភាអឺរ៉ុបទាំងអស់ ផ្តល់យុត្តិធម៌ដល់កម្ពុជា ដោយពិចារណាឡើងវិញ តាមការពិតជាក់ស្តែងជាជាងស្តាប់តាមការញុះញង់របស់គណបក្សនយោបាយប្រឆាំងនឹងកម្ពុជា ព្រោះក្រុមប្រឆាំងនេះ មិនដែលមើលឃើញកម្ពុជាក្នុងផ្លូវល្អនោះទេ ទោះបីជាកម្ពុជាបានអភិវឌ្ឍខ្លួនងើបផុតពីបន្ទាត់ភាពក្រីក្រឈានមកដល់ចំណុចមួយ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាបយ៉ាងណាក្តី ក៏ពួកគេបិទភ្នែក បិទត្រចៀក ធ្វើមិនឃើញ មិនលឺអំពីភាពរីកចម្រើននេះដែរ។ មូលហេតុ គឺគេចិញ្ចឹមចិត្តបង្ខូចឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិរហូតទាល់តែគេសម្រេចមហិច្ចិតារបស់ខ្លួនបាន។

កម្ពុជា ធ្លាប់ត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាងដប់ឆ្នាំ ក្នុងគ្រាមួយដែលកម្ពុជាទើបតែឆ្លងផុតពីរបប ប៉ុល ពត ហើយកម្ពុជារស់បានដោយលំបាក ជាពិសេសគឺប្រជាជនកម្ពុជាទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត។ បើសិនជាមានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពិតមែន ផលអវិជ្ជមាននឹងប៉ះពាល់ដល់ប្រជាជនកម្ពុជាទូទាំងប្រទេសគ្រប់និន្នាការនយោបាយមិនថា អ្នកគាំទ្រគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនោះទេ ព្រោះថាប្រព័ន្ធអនុគ្រោះពន្ធនេះ គឺជាផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជាទូទាំងប្រទេស មិនមែនជាប្រយោជន៍របស់គណបក្សនយោបាយណាមួយនោះទេ។

ហេតុដូចនេះហើយ សូមសមាជិកសភាអឺរ៉ុបទាំងអស់ សម្រេចចិត្តដោយឈរនៅខាងប្រជាជនកម្ពុជា សូមកុំឈរនៅខាងអ្នកនយោបាយណាម្នាក់ នោះទើបកម្ពុជានឹងមានការអភិវឌ្ឍជានិច្ចនិរន្តរ៍តទៅ៕

លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន