(ព្រះសីហនុ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ​បានចុះពិនិត្យដំណើរការ ធ្វើអាងចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ជាថ្មីទៀត គ្រាដែលក្រុមអ្នកបច្ចេកទេស កំពុងដំណើរការសាងសង់យ៉ាងសកម្មរាល់ថ្ងៃ ដើម្បីទប់ស្កាត់សំណល់រាវ ដែលកំពុងធ្វើឲ្យប្រឈមដល់បរិស្ថាន (ឆ្នេរ និងទឹកសមុទ្រ)។

លោក ស៊ុន ចាន់ថុល ថ្លែងថា ខេត្តព្រះសីហនុ បច្ចុប្បន្នមានការអភិវឌ្ឍលឿន សណ្ឋាគារតូចធំកំពុងរីកព្រោងព្រាត រីឯសំណល់រឹងរាវក៏មានការកើនឡើងខ្លាំងដែរ។ លោកថា កត្តានេះទាមទារមានដំណោះស្រាយជាចាំបាច់ នូវប្រពន្ធ័អាងចម្រោះត្រឹមត្រូវ ដើម្បីកាត់បន្ថយ ឬបញ្ចៀសការបំពុលទឹកសមុទ្រ និងឆ្នេរខ្សាច់។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហាទឹកសំអុយហូរចូលសមុទ្រនេះ រាជរដ្ឋាភិបាលបានសិក្សាផែនការមេរួចរាល់ហើយ។​ ពេលនេះការសាងសង់អាងចម្រោះទឹកកខ្វក់នេះ ចំពោះមុខត្រូវតែធ្វើ ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់សំណល់រាវកខ្វក់ កុំឲ្យហូរចូលសមុទ្រត្រង់ ដោយមិនបានចម្រោះនាំឲ្យខូចឆ្នេរខ្សាច់ និងទឹកសមុទ្រ។ លោកបន្តថា បើកាលណាឆ្នេរខ្សាច់ និងទឹកសមុទ្រខូចអស់ ភ្ញៀវទេសចរនឹងលែងមកលេងកំពង់សោមទៀតទេ ហេតុនេះហើយបានរាជរដ្ឋាភិបាល កំពុងជំរុញគណៈកម្មការ អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) កំពុងដុតដៃដុតជើង ធ្វើអាងចម្រោះ ទឹកកខ្វក់នេះ បើទោះជាត្រូវចំណាយថវិការច្រើនបន្តិចក្តី។

បើតាមលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា សព្វថ្ងៃនេះរដ្ឋបាលខេត្តព្រះសីហុ ដោយមាការគាំទ្រពីថ្នាក់ជាតិផង កំពុងធ្វើស្ថានីយ៍បូមទឹកកខ្វក់ចំនួន ៤កន្លែងផ្សេងគ្នា។
ស្ថានីយ៍បូមទាំងបួននេះ នឹងបូមទឹកកខ្វក់បញ្ចូលទៅ ស្ថានីយ៍ចម្រោះទឹកស្អាតមួយ មានទំហំជាង១៦ហិចតា ក៏កំពុងកែលម្អដើម្បីចម្រោះ មុននឹងបង្ហូរទៅសមុទ្រ ដើម្បីចៀសវាងការប៉ះពាល់ឆ្នេរខ្សាច់និងទឹកសមុទ្រ។ តាមផែនការគ្រោងសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ ចំនួន៤ទីតាំងផ្សេងទៀត ដើម្បីកាត់ទប់ស្កាត់ការបំពុលទឹកសមុទ្រ និងឆ្នេរខ្សាច់។

លោក យន្ត មីន មានសុទិដ្ឋិនិយមថា បញ្ហាទឹកសំអុយហូរចូលសមុទ្រនេះ នឹងត្រូវដោះស្រាយបាននៅពេលខាងមុខដ៏ខ្លីនេះ។

គួររំលឹកថាកាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ធ្លាប់បានចុះពិនិត្យស្ថានភាពនៃការសាងសង់អាងចម្រោះទឹកកខ្វក់នេះ ដែលកំពុងដំណើរការសាងសង់នៅតាមទីតាំងក្បែរឆ្នេរអូរឈើទាល និងពិនិត្យប្រពន្ធ័លូទឹកស្អុយ ក្នុងក្រុងព្រះសីហនុផងដែរ៕