(ភ្នំពេញ)៖ ទាំងមន្ត្រីរាជរដ្ឋាភិបាល និងអ្នកវិភាគសេដ្ឋកិច្ច សុទ្ធតែមើលឃើញថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដែលកម្ពុជាទទួលបានពីអឺរ៉ុប គឺគង់តែបាត់បង់នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីកម្ពុជាងើបចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នោះ។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​អ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា បានប្រាប់បណ្តាញព័ត៌មានព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ប្រសិនបើអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅរយៈពេល១៨ខែទៀតមែននោះ គឺវាអាចលឿនមុនពេលកំណត់ជាង២-៣ឆ្នាំ នៅពេលដែលកម្ពុជាចាកចេញពីកុ្រមប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច (LDCs) នៅ៤-៥ឆ្នាំខាងមុខ ដូច្នេះកម្ពុជាត្រូវធ្វើការងារពង្រឹងខ្លួនឯង មុនពេលបន្តិច។

លោក សុផល យល់ឃើញថា ការដក EBA ពិតជាប៉ះទង្គិចដល់វិសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ផ្ទុយទៅវិញបញ្ហា EBA នេះអាចជួយកម្ពុជា ខិតខំខ្លាំងជាងមុន និងប្រញាប់ប្រញាលជាងមុន ដើម្បីធ្វើកំណែរទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង កាត់បន្ថយការចំណាយថ្លៃដើមទាំងផ្លូវការ និងមិនផ្លូវការ លែងពឹងពាក់លើកការអនុគ្រោះតទៅទៀត។

អ្នកវិភាគសេដ្ឋកិច្ចរូបនោះមើលឃើញថា វិស័យកាត់ដេរ និងស្បែកជើង ជាវិស័យដែលប៉ះទង្គិចខ្លាំងជាងគេ នៅពេលដែលអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ ដែលទាមទារឲ្យមានការចូលរួមទាំងកម្មករ រាជរដ្ឋាភិបាល និងថៅកែរោងចក្រ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម ប៉ុន្តែលោកជឿថាប្រសិនរាជរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពកំណែទម្រង់ផ្ទៃក្នុងបាននោះ វិស័យផ្សេងៗក្រៅពីវិស័យកាត់ដេរ អាចនឹងទទួលផលបានច្រើន ហើយទាញកម្លាំងពលកម្មពីវិស័យកាត់ដេរបានមួយចំនួន។

ជាមួយគ្នានេះ លោកបណ្ឌិត គីម ហ៊ាង អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ដែលជាអ្នកតាមដានស្ថានភាពសង្គម សេដ្ឋកិច្ចកម្ពុជានោះ បានបញ្ចេញទស្សនៈស្រដៀងគ្នា នឹងលោក ច័ន្ទ សុផល ផងដែរថា EBA គឺគង់តែបាត់ទេ នៅពេលកម្ពុជាយើង លែងជាប្រទេសក្រីក្រទៀត។

លោកថា «EBA គឺសម្រាប់តែប្រទេសក្រីក្របំផុត ហើយកម្ពុជាឈប់ក្រីក្របំផុត ដូច្នេះអឺរ៉ុបក៏ឈប់ឲ្យកម្ពុជាដែរ។ ការបាត់ EBA វាអាចពិបាកក្នុងរយៈពេលខ្លី តែវានឹងធ្វើឲ្យកម្ពុជាកាន់តែរឹងមាំក្នុងរយៈពេលយូរអង្វែង»

លោក គីម ហ៊ាង លើកឡើងថា ដើម្បីដោះស្រាយបញ្ហា គឺកាត់បន្ថយថ្លៃដើម នៃការផលិតទំនិញកម្ពុជា រួមមានកម្លាំងពលកម្ម ថ្លៃភ្លើង ទឹក ដឹកជញ្ជួន វត្ថុធាតុដើម បង់ពន្ធ ការចំណាយលើរដ្ឋបាល និងច្បាប់ទម្លាប់ជាច្រើន ដែលរាជរដ្ឋាភិបាលត្រូវតែហ៊ានវះកាត់ ដើម្បីបន្ថយថ្លៃដើមផលិតមកវិញ ហើយដំណោះស្រាយមួយទៀត គឺធនធានមនុស្ស។ ប្រទេសកម្ពុជា ពិតជាត្រូវការធនធានមនុស្សជាច្រើន ដើម្បីប្រកូតប្រជែងទាំងកំរិតជាតិ និងអន្តរជាតិ ហើយពួកគេដាច់ខាតត្រូវតែជាក្រុមមនុស្ស ដែលមានគំនិតជាតិនិយម ដោយធ្វើការដើម្បីជាតិ និងសង្គមពិតប្រាកដ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ឆ្នាំ២០១៩ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានថ្លែងថា ការអនុគ្រោះ EBA នេះ គឺគង់តែបាត់ទេ ដូច្នេះកម្ពុជាត្រូវកែប្រែទម្លាប់ពីពឹងការអនុគ្រោះ មកជាប្រទេសដែលមានម្ចាស់ការលើកខ្លួនឯង។ ការធ្វើម្ចាស់ការខ្លួន ដែលលោកចង់សំដៅ គឺការធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ធ្វើឲ្យបរិយាកាសវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា កាន់តែប្រសើរជាងមុន។

លោក វង្សី វិស្សុត ក៏បានពន្យល់ផងដែរថា ការដាក់ចេញនូវកំណែទម្រង់ ប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុងនេះ នឹងធ្វើឲ្យកម្ពុជាមានភាពឯករាជ្យ ដោយមានគោលការណ៍ខ្លួនទីពឹងខ្លួន ប៉ុន្ដែនៅតែរកស៊ីជាមួយបណ្ដាលប្រទេសដទៃ ដោយមិនមានគំនាបដូចពីមុខឡើយ។

លោកបញ្ជាក់យ៉ាងដូច្នេះ «យើងធ្វើកិច្ចការជាមួយគេ ដោយឈរលើគោលការណ៍ពាណិជ្ជកម្ម ឈប់ពឹងអនុគ្រោះពន្ធ អាហ្នឹងវា ធ្វើឲ្យយើងមានទម្លាប់មួយ អត់គេងាប់។...ឯករាជ្យមានន័យថា អត់វា (EBA) មិនងាប់ មិនមែនមិនរកស៊ីជាមួយគេទេ នៅតែរត់ទៅរកស៊ីជាមួយគេទៀត ប៉ុន្ដែរកស៊ីដោយឈរលើគោលការណ៍ស្មើភាព និងគោលការណ៍ទីផ្សារ មិនមែនគោលការណ៍អនុគ្រោះ»

នៅពេលដែលកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុងនេះ ដាក់ចេញរួចហើយ ទោះបីជាសហគមន៍អឺរ៉ុប មានបំណងដកចង់ប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជា (EBA) ក៏ដោយ ក៏កម្ពុជា នៅតែនាំចេញបានដដែល។ នេះជាការគូសបញ្ជាក់បន្ថែម របស់រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា «កំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង បានន័យថា ផ្ទៃក្នុងកាន់តែខ្លាំងឡើង ឲ្យវាមានភាពប្រកួតប្រជែងខ្លាំងឡើង ក៏ប៉ុន្ដែបើកចំហរជាមួយប្រទេសខាងក្រៅផងដែរ»

សូមបញ្ជាក់ថា សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ រយៈពេលគិតចាប់ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាននៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ គឺមានរយៈពេល១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។

សហភាពអឺរ៉ុបជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុបមានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងទឹកប្រាក់បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិក ពីប្រព័ន្ធអនុគ្រោះពន្ធ៕