(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅឆ្នាំ២០១៨កន្លងទៅនេះ បានផលិតអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី បានចំនួន៣៩៣,៥៩១សន្លឹក និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានចំនួន ៣៦៨,៥២៩សន្លឹក។

នេះបើតាមរបាយការណ៍ដែលបានបង្ហាញ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ​សរុបតាំងពីដើមគ្រា ពោល​ចាប់តាំងពីឆ្នាំ២០១២ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានចំនួន​១០,១០១,២៩៥សន្លឹក និងប្រគល់ជូនស្នងការដ្ឋាន​នគរបាលរាជធានី-ខេត្ត បានចំនួន​១០.០៨១.៤៧២សន្លឹក លើផែនការ​១០.៩៤៤.១០១នាក់។

ក្រៅពីនេះ ក្រសួងបានធ្វើកែតម្រូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលខុស ស្ទួនខ្មៅដៃ និងបាត់ បោះពុម្ពឡើងវិញ បានចំនួន​៦៥,៥៥៩សន្លឹក កែតម្រូវទិន្នន័យមិនបានការចំនួន ២១៣,៤២៣នាក់ និងដោះស្រាយជូនប្រជាពលរដ្ឋតាមប្រព័ន្ធ​ទំនាក់ទំនងសង្គមបានចំនួន ៥,៦៥៤នាក់​។

ដោយឡែក ​លទ្ធផលការងារលិខិតឆ្លងដែន ក្នុងឆ្នាំ២០១៨ រួមមាន​ ផ្ដល់លិខិតឆ្លងដែនគំរូថ្មីជូនប្រជាពលរដ្ឋ បានចំនួន​៤១០,៥៩៩ក្បាល បន្តសុពលភាពលិខិតឆ្លងដែនគំរូចាស់ ចំនួន​៧៤៦ក្បាល និងផ្តល់លិខិតធ្វើដំណើរជូនពលករ​កម្ពុជាធ្វើការនៅបរទេស បានចំនួន​៦៦​៤៩៧ក្បាល។

បន្ថែមពីនេះ ក្នុងឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន បានចំនួន​៩,១៨១ច្បាប់ សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ​ជូនប្រជាពលរដ្ឋ បានចំនួន​៥,០២៤​ច្បាប់ ស្មើ​៣០,១៤៤សន្លឹក និងទទួលសាលក្រម និងដីកាសម្រេចកែតម្រូវ ពីសាលាដំបូងរាធានី ខេត្តចំនួន​១៦ ​ស្មើ​៧៩៦ច្បាប់៕