(ភ្នំពេញ)៖ អ្នកនាំចេញកសិផលរបស់កម្ពុជាទៅអឺរ៉ុបមួយរូប បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនថា ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms-EBA) នឹងនៅជាមួយកម្ពុជា ហើយអឺរ៉ុបនៅតែជាមិត្តរបស់កម្ពុជាមិនអាចបំភ្លេចបាន។

ការលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនយ៉ាងដូច្នេះរបស់លោក សុង​ សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដែលនាំចេញអង្ករ និងម្រេចទៅអឺរ៉ុប ធ្វើឡើងបន្ទាប់ពីអឺរ៉ុប នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍ខ្លួន ប្រកាសចាប់ផ្តើមដំណើរការនីតិវិធីដែលអាចនាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនៃទំនិញកម្ពុជា លើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA) ។

លោក សុង សារ៉ន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកុម្ភៈនេះថា «មានហេតុផល២យ៉ាង ដែលខ្ញុំបង្ហាញនូវជំនឿជាក់បែបនេះ។ ហេតុផលទី១ ក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុបនោះ បានលើកឡើងថា ការប្រកាសឲ្យអនុវត្តន៍នីតិវិធីនេះ វា​មិន​ទាន់​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទេ ប្រសិនបើស្ថានការណ៍បានល្អឡើងវិញនោះ នីតិវិធីនេះនឹងត្រូវលុបចោលវិញ និងទី២៖ នីតិវិធីរបស់អឺរ៉ុប គឺគ្រាន់តែជាការព្យួរប៉ុណ្ណោះ មិនមែនដក ឬលុបចោលតែម្តងនោះទេ។ យើងមានរយៈពេល៦ខែក្នុងការធ្វើការជាមួយអឺរ៉ុប ព្រោះតែរយៈពេល៦ខែដំបូង (ចាប់គិតថ្ងៃទី១១ ខែកុម្ភៈ) គឺជារយៈពេលពិនិត្យតាមដាន និងវាយតម្លៃ ហើយប្រសិនបើស្ថានការណ៍ល្អឡើងវិញនោះ យើងនៅតែមានសង្ឃឹម»

បើទោះជានៅមានសង្ឃឹមថា EBA មិនបាត់បង់យ៉ាងណាក្តី ប៉ុន្តែអ្នកនាំចេញរូបនេះក៏មិនផ្តេកផ្តួលនោះដែរ ដោយលោកអះអាងថា ទោះបីបាត់ EBA ក្តីក៏លោកនៅតែបន្តធ្វើដំណើរអាជីវកម្មទៅមុខបន្តទៀត ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយដល់ការកាត់បន្ថយការចំណាយផ្លូវការ និងក្រៅផ្លូវការផ្សេង ដើម្បីជួយកាត់បន្ថយថ្លៃដើម។

លោក សារ៉ន និយាយថា «ខ្ញុំចាប់ផ្តើមមុខរបរនេះ ដោយសាររាជរដ្ឋាភិបាល និងសហគមន៍អឺរុបបង្កើតឲ្យមាន EBA ។ តែទោះបាត់ EBA ខ្ញុំក៏នៅតែបន្តដំណើរទៅមុខជាមួយអាជីវកម្មរបស់ខ្ញុំ ដោយសាររដ្ឋាភិបាលនៅតែបន្តគាំទ្រកំណែទម្រង់វះកាត់ការចំណាយផ្លូវការ និងមិនផ្លូវការចោល»

លោក សុង សារ៉ន ក៏បានច្រានចោលការលើកឡើងមួយ ក្នុងន័យបំប៉ាងព័ត៌មានជុំវិញការអនុវត្តន៍នីតិវិធីផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា EBA ថា អឺរ៉ុបចាប់ផ្តើមគិតពន្ធចាប់ពីថ្ងៃចេញដំណឹងនេះទៅ ការពិតមែនមែនដូច្នេះទេ គឺប្រសិនបើអឺរ៉ុបសម្រេចព្យួរមែននោះ គឺរហូតដល់ពាក់កណ្តាលឆ្នាំ២០២០ ទើបអនុវត្តន៍ បានសេចក្តីថា ក្រោយពាក់កណ្តាលឆ្នាំ២០២០ ទើបអឺរ៉ុបគិតពន្ធពីកម្ពុជា។

សូជម្រាបថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ មេដឹកនាំកំពូលរបស់សភាពាណិជ្ជកម្មកម្ពុជា គឺអ្នកឧកញ៉ា គិត ម៉េង, មេដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក Arnaud Darc ព្រមទាំងមេដឹកនាំវិស័យឯកជននានាសរុបចំនួន៤០អង្គភាព បានចុះហត្ថលេខាលើលិខិតដ៏សំខាន់មួយ ជាភាសាអង់គ្លេស ផ្ញើទៅកាន់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ដើម្បីស្នើឲ្យគណៈកម្មការអឺរ៉ុប និងប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំងអស់ បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ចៀសវាងការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់ថា EBA (Everything But Arms) នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពរបស់ប្រជាជនកម្ពុជា។

ក្នុងញាតិតវ៉ានោះបានសង្កត់ធ្ងន់ថា ប្រសិនអឺរ៉ុបការដក EBA នឹងមានផលប៉ះពាល់ដល់ជីវភាពរបស់កម្មកររាប់លាននាក់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលពឹងផ្អែកទៅលើវិស័យកាត់ដេរ។​ ការដក EBA មានឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំង ទៅដល់ស្ដ្រី៨៥ភាគរយរស់នៅតាមជនបទ ដែលជាកម្មការិនីកាត់ដេរ ក្នុងចំណោមអ្នកកាត់ដេរ៧០០,០០០នាក់។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រាប់សមាជិកសភាប្រទេសអៀកឡង់ ដែលជាប្រទេសសមាជិកសហគមអឺរ៉ុបថា កុំព្យាយាមបង្កើតកំហុសជាលើកទី៣ មកដល់ប្រទេសកម្ពុជា តាមរយៈការដាក់ទណ្ឌកម្មដោយដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទង្វើរបស់សហគមន៍អឺរ៉ុប កំពុងយកប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់ទៅធ្វើជាចំណាប់ខ្មាំង។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សហគមន៍អឺរ៉ុបធ្លាប់បានសាងកំហុសមកលើប្រទេស និងប្រជាជនកម្ពុជាចំនួនពីរលើករួចមកហើយ។ កំហុសទាំងពីរនោះ ទី១៖ គឺការគាំទ្រឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ និងកំហុសទី២៖ គឺការគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិរហូតដល់ទៅជាង ១២ឆ្នាំ ដោយធ្វើមើលមិនឃើញពីទុក្ខវេទនា និងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរក្នុងរបបមួយនេះ៕