(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សួស យ៉ារ៉ា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានហៅ លោកស្រី​ Federica Mogherini ប្រធាន​ផ្នែក​គោលនយោបាយ​ការបរទេស​ នៃ​សហភាពអឺរ៉ុប និង លោកស្រី Cecilia Malmström ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុបថា ជាជនឆ្វេងនិយមអឺរ៉ុប ដែលកំពុងឃុបឃិតប្រឆាំងប្រជាជនក្រីក្រនៅកម្ពុជា។

ការរិះគន់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទៅលើមន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបនេះបានធ្វើឡើងប​ន្ទាប់ពី សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនៃទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA) ។ កម្មវិធី EBA អាចនឹងលុបចោល ប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។

លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកគាត់ទាំងពីរនេះគឺមិនបានយកការពិតកម្ពុជា ទៅពិភាក្សា ដូចការសន្យាថា យើងនឹងបើកនូវកម្មវិធីពិភាក្សាគ្នា ដែលជាកិច្ចសន្ទនារវាងកម្ពុជា និង អឺរ៉ុបទេ តែគាត់បែរជា​យកអាហ្នឹង (EBA) ទៅធ្វើជារបៀបវារៈ ដើម្បីឱ្យគាត់បានជាប់ឆ្នោតកាន់តំណែងឡើងវិញ ដូច្នេះហើយគាត់បង្វែរករណីអឺរ៉ុបកំពុងបែកបាក់នោះ ដោយយកកម្ពុជា ដើម្បីលើកខ្លួនគាត់ឱ្យល្បី ដូច្នេះមិនមែនពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រជាជនអឺរ៉ុប និងប្រជាជនកម្ពុជានោះទេ រឿង EBA នេះគឺជារឿងបុគ្គលខ្លួនគាត់តែម្តង»

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សួស យ៉ារ៉ា បានអំពាវនាវឱ្យ សហគមន៍អឺរ៉ុបត្រូវគិតឡេីងវិញអំពីការដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា៕

Advertising