(កំពង់ចាម)៖ ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ នេះ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា ទើបតែក្នុងរយៈពេលមួយខែប៉ុណ្ណោះ ពន្ធប្រថាប់ត្រាប្រមូលបាន៣០ភាគរយទៅហើយ នៃផែនការប្រមូលពន្ធប្រចាំឆ្នាំ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ក្រោយពេលដែលអាជ្ញាធរខេត្ត បានពង្រឹងការប្រមូលពន្ធប្រថាប់ត្រា កាលពីចុងឆ្នាំ២០១៨ លុះនៅក្នុងខែមករាកន្លងទៅ ក្នុងឆ្នាំ២០១៩នេះ ការប្រមូល ពន្ធប្រថាប់ត្រា បានរហូតដល់៣០ភាគរយហើយ នៃផែនការសរុបប្រចាំឆ្នាំ ពោលការប្រមូលពន្ធនេះ មានសន្ទុះកើនឡើងគួរជាទីមោទន។ លោកបន្តថា បើស្ថិតនៅលើការប្រឹងប្រែងរបស់អស់លោក លោកស្រី មានសន្ទុះយ៉ាងដូច្នេះ លោករំពឹងទុកថាយ៉ាងច្រើនត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ ការប្រមូលពន្ធប្រថាប់ត្រានេះ អាចនឹងប្រមូល គ្រប់ផែនការនៃសារពើពន្ធប្រចាំឆ្នាំ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម ដែលបានពុះពារខិតខំសម្រេចសមិទ្ធផល លើគ្រប់ផ្នែកក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។

ក្នុងនោះ រួមមានជាអាទិ៍ ការចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី តាមរយៈយន្តការនានា ការគ្រប់គ្រងសំណង់លំនៅដ្ឋាន និងការរៀបចំដែនដីនគរូបនីយកម្ម ។ល។ ដែលសមិទ្ធផលជាស្នាដៃធំៗ សម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីការប្ដេជ្ញាចិត្ត ការចូលរួមយ៉ាងសកម្ម ពីអស់លោកថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ចាមនោះឡើយ។

ទោះជាយ៉ាងនោះក្តី លោកក៏បានណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធ និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ខិតខំរួមគ្នាបន្ថែមទៀត ក្នុងការដោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលនៅសេសសល់។ ទន្ទឹមនឹងនេះក៏ត្រូវត្រៀមលក្ខណៈឆ្លើយតបឲ្យបានទាន់ពេលវេលា នូវតម្រូវការថ្មីៗ របស់ប្រជាពលរដ្ឋបន្ថែមទៀត ពិសេសត្រូវផ្ដោតជាសំខាន់លើការងារ ជំរុញឲ្យបានខ្លាំងក្លានូវកម្មវិធីកំណែទម្រង់នានា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការអាទិភាពដែលអាជ្ញាធរខេត្ត យកចិត្តទុកដាក់បំផុត៕