(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងសហការគ្នាបើកការស៊ើបអង្កេត លើករណីបង្កៃគ្រាប់បែកដោយកំណត់ម៉ោងឲ្យផ្ទុះ នៅក្នុងកាស៊ីណូ និងសណ្ឋាគារ «ហ្គោលឌែន» នាក្រុងប៉ោយប៉ែត ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លំាំងកាលពីយប់មិញ។

គ្រាប់បែកកែច្នៃមួយ ដោយមាននាឡិកាកំណត់ម៉ោងឲ្យផ្ទុះ ត្រូវបានឧក្រិដ្ឋជនយកទៅលាក់ទុកនៅក្នុងបន្ទប់ទឹកប្រុសជាន់ក្រោមនៃកាស៊ីណូ និងសណ្ឋាគារ «ហ្គោលឌែន» របស់លោកឧកញ៉ា កុក អាន នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែគ្រាប់បែកមិនបានផ្ទុះនោះឡើយ ដោយត្រូវគេប្រទះឃើញទាន់ រហូតមន្រ្តីស៊ីម៉ាក់ចុចបំផ្ទុះទាន់ពេលផងដែរ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងបញ្ជាក់ថា «សមត្ថកិច្ចរបស់យើងកំពុងរួមសហការគ្នា ស្រាវជ្រាវករណីនេះ ដើម្បីតាមចាប់ជនល្មើសយកមកផ្ទន្ទាទោសតាមច្បាប់ ប៉ុន្តែយើងមិនអាចទាន់ បញ្ជាក់បន្ថែមនោះទេ ពីព្រោះជាការងារកំពុងស៊ើបអង្កេត»

បើតាមលោកស្នងការ មុនពេលប្រទះឃើញគ្រាប់បែកកែច្នៃនេះ មានបុរសជាភ្ញៀវម្នាក់បានចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែពេលនោះបានឮសំឡេង។ ដោយមានការសង្ស័យក៏តាមរកមើល ហើយក៏ឃើញប្រអប់មួយ រួចយកទៅឲ្យអ្នកអនាម័យ ហើយអ្នកអនាម័យយកទៅឲ្យសន្តិសុខ។ បុរសសន្តិសុខ ក៏បានដឹងថាជាគ្រឿងផ្ទុះ ក៏យកទៅបោះចោលនៅមុខកាស៊ីណូ រួចប្តឹងទៅសមត្ថកិច្ច និងមន្រ្តីស៊ីម៉ាក់ ដើម្បីចុចបំផ្ទុះចោលតែម្តងចៀសវាងគ្រាប់បែកបានផ្ទុះមុន តាមពេលវេលាកំណត់។

ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ ខណៈដែលពលរដ្ឋ ជាពិសេសភ្ញៀវដែលកំពុងស្ថិតនៅក្នុងកាស៊ីណូ និងសណ្ឋាគារលំដាប់មួយនេះ ក៏ភ័យយ៉ាងខ្លាំងផងដែរ៕

Advertising