(ភ្នំពេញ)៖ ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ បានអំពាវនាវដល់ពលករដូចគ្នាទាំងអស់ កុំឱ្យចាញ់បោកការឃោសនាភូតកុហករបស់ ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិដែលថា នឹងវិលចូលមកប្រទេសកម្ពុជានោះ។ ទន្ទឹមនឹងនេះ ពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ ក៏បានស្នើឱ្យពលករទាំងអស់ធ្វើការធម្មតា ដើម្បីរកចំណូលផ្ញើមកកាន់គ្រួសារ។

ការអំពាវនាវនាថ្មីៗនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី ប្រកាសវិលចូលប្រទេសកម្ពុជា គ្រាដែលតុលាការ និងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល កំពុងត្រៀមចាប់ខ្លួនទណ្ឌិតរូបនេះ មកអនុវត្តទោស បន្ទាប់ពីលោករត់គេចខ្លួនអស់រយៈពេលជាង៣ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណា ខណៈដែលប្រកាសវិលត្រឡប់នេះ លោក សម​ រង្ស៉ី បានបង្គាប់ឱ្យសកម្មជនរបស់ខ្លួនរៃអង្គាថវិកាពីអ្នកគាំទ្រឱ្យបានចំនួន៣០ម៉ឺនដុល្លារ ហើយអះអាងថា ការវិលត្រឡប់របស់លោក គឺដើម្បីផ្លាស់ប្តូររបបកម្ពុជា។

ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ បានបង្ហាញជំហរមិនគាំទ្រចំពោះទង្វើរបស់ លោក សម រង្ស៉ីនេះឡើយ ហើយស្នើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ ធ្វើការធម្មតា កុំឱ្យចាញ់បោកការឃោសនាដើម្បីរកផលប្រយោជន៍នេះតទៅទៀត។

សូមបញ្ជាក់ថា ទាក់ទឹងនឹងការឃោសនាវិលត្រឡប់ ដើម្បីរៃអង្គាសប្រាក់ពីអ្នកគាំទ្ររបស់ លោក សម រង្ស៉ី នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានសរសេរកំណាព្យចំនួន៤ឃ្លា បង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីដាស់អារម្មណ៍ លោក សម រង្ស៉ី ដែលកំពុងសុបិន នៅឯនាយសមុទ្រ ដ្បិតទណ្ឌិតរូបនេះ តែរកវិធីគ្រប់យ៉ាងដើម្បីឱ្យខ្លួនត្រឡប់មកកម្ពុជា ដោយរួចផុតពីការជាប់គុក។

កំណាព្យ៤ឃ្លាដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook មានខ្លឹមសារយ៉ាងដូច្នេះ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង) សង្សារបងអើយដល់ពេលហើយឬនៅ?។ ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង) ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។

អ្នកតាមដានបញ្ហានយោបាយបានសន្និដ្ឋាន កំណាព្យនេះ គឺសម្តេចតេជោ ហ៊ុន សែន មានចេតនាយ៉ាងពិតប្រាកដផ្ញើទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី គ្រាដែលការភ្នាល់រវាងសម្តេច និងទណ្ឌិតរូបនេះជិតដល់ឱសានវាទ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩។

អ្នកតាមដានបញ្ហានយោបាយ បានសាកល្បងបកស្រាយឃ្លាកំណាព្យខាងលើនេះយ៉ាងដូច្នេះ។

ឃ្លាទី១ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ»។ សម្តេចតេជោ ចង់បញ្ជាក់ថា ទោះបីទណ្ឌិត សម រង្ស៉ី ប្រឹងប្រែងធ្វើសកម្មភាពគ្រប់បែបយ៉ាងឲ្យសម្តេចតបត និងឆ្លើយតប តែសម្តេចនៅតែរក្សាភាពស្ងាត់ស្ងៀមគ្មានការតបតអ្វីទាំងអស់។

ឃ្លាទី២ «សង្សារបងអើយដល់ពេលហើយឬនៅ?»។ ឃ្លានេះសម្តេចតេជោ ហ៊ុន សែន ធ្វើជាសួរឌឺទៅទណ្ឌិត សម រង្ស៉ី តែតាមការពិតសម្តេចចង់រំលឹកថា ការភ្នាល់រវាងសម្តេច និងទណ្ឌិត សម រង្ស៉ី ជិតដល់ពេលហើយ។

ឃ្លាទី៣ «ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ»។ ឃ្លានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចគ្មានការស្នើសុំការលើកលែងទោសដល់ទណ្ឌិត សម រង្ស៉ី ទៀតនោះទេ ដោយសម្តេចចាត់ទុកទណ្ឌិតរូបនេះជាមនុស្សចិត្តខ្មៅ។ ចិត្តខ្មៅ ក៏ព្រោះតែសម្តេចធ្លាប់បានសូមព្រះរាជទានលើកលែងទោសពីរដងរួចមកហើយ តែទណ្ឌិតនេះមិនត្រឹមតែមិនដឹងគុណនោះទេ ថែមទាំងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរថែមទៀតដល់រូបសម្តេច និងក្រុមគ្រួសារ។

ឃ្លាទី៤ «ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។ ឃ្លានេះ សម្តេចតេជោ ចង់គូសបង្ហាញថា មានឧបសគ្គជាច្រើននៅចំពោះមុខទណ្ឌិត សម រង្ស៉ី ធ្វើម្តេចនឹងអនុញ្ញាតឲ្យទណ្ឌិតរូបនេះអាចវិលត្រឡប់ចូលស្រុក ដូចអ្វីដែលខ្លួនបានសន្យាជាមួយអ្នកគាំទ្រនោះ៕