(ភ្នំពេញ)៖ ខណៈដែលទិវានៃក្តីស្រឡាញ់ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ ជិតឈានចូលមកដល់នោះ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹក ដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន, របស់ក្រុមគ្រួសារ, ពិសេសដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពនៃសង្គមជាតិ។

តាមសេចក្ដីអំពាវនាវ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្ត សាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ ជិតឈានចូលមកដល់ហើយ។ បច្ចុប្បន្នទិវានេះ បាននិងកំពុងជ្រៀតចូលមកក្នុង សង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឲ្យមនុស្សមួយចំនួន បានទទួលយក និងប្រើប្រាស់ ដោយភាពភ័ន្តច្រឡំ នាំឲ្យមានផលប៉ះពាល់ ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង។

ក្រសួងវប្បធម៌បានបន្ថែមទៀតថា «ក្នុងបរិការណ៍នេះ ប្រជាជនជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឲ្យស៊ីជម្រៅ ចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាស្វែងយល់ ឲ្យគ្រប់ជ្រុងជ្រោយ ពីខ្លឹមសារ និងឥទ្ធិពល នៃវប្បធម៌ ទំនៀមទម្លាប់ ពីខាងក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឲ្យបាននូវអត្ថិភាព ជាប្រជាជាតិថ្លៃថ្នូរមួយ ដែលមានវ័យចំណាស់ រាប់ពាន់ឆ្នាំ មកហើយនៅទ្វីបអាស៊ីនេះ»

ក្រសួងលើកឡើងទៀតថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកប ដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះសរ ចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍៖ ក្រុមគ្រួសារ, ឪពុកម្តាយ, ប្ដី ប្រពន្ធ, កូន, ចៅ និងចំពោះអ្នក ដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា៖ ជនពិការ, កុមារកំព្រា, និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាព ការជួបជុំពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ, ការសរសេរលិខិតជូនពរ, ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌, ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ, បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ៕