(កំពង់ចាម)​៖ មុខសញ្ញាលួចម៉ូតូយ៉ាងសកម្មចំនួន៣នាក់ ត្រូវកម្លាំងនគរបាលជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងអាជ្ញាធរមួលដ្ឋាន ចុះស្រាវជ្រាវ និងចាប់ខ្លួនបានជាបន្ដបន្ទាប់ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ជនសង្ស័យដែលកម្លាំងនគរបាលជំនាញ បានបង្ក្រាបបានជាបន្ដបន្ទាប់នេះ ទី១៖ឈ្មោះ​ ហេង សាទី ​អាយុ១៥ឆ្នាំ មានទីលំនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម, ទី២៖ឈ្មោះ នួន ដែន ​អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម និងទី៣៖ឈ្មោះ ឃឿន ឌី ​អាយុ៣៤ឆ្នាំ ​មានទីលំនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ជាមុខសញ្ញាដោះលែងពីពន្ធនាគារ ក្នុងបទល្មើសលួចម៉ូតូ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ផ្អែក​តាមការសាកសួរចម្លើយមុខសញ្ញាទាំង០៣នាក់ខាងលើ បានធ្វើសកម្មភាព​០៣ករណី ដោយករណីទី១៖​លួចម៉ូតូ ម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅចំណុចភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម, ករណីទី២៖លួចម៉ូតូ ម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម និងករណីទី៣៖​លួចម៉ូតូ និងទូរស័ព្ទចំនួន០២គ្រឿង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

​បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមផ្លូវច្បាប់ តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕