(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ តាមរយៈអង្គភាព Fresh News នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សូមប្រកាសគាំទ្រអភិក្រមទី៥ គឺវះកាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានអនុវត្តទៅលើឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ក្រោយសំញែងទ្រព្យសម្បត្តិ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុប ឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ តាមសំណើ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានចាត់ទុកថា ការអនុវត្តអភិក្រមទី៥របស់សម្ដេចតេជោ ហ៊ុន សែន ​គឺបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារ បម្រើប្រជាពលរដ្ឋ​ដែលបានដាក់ចេញសម្រាប់អាណត្តិថ្មីនេះ ដើម្បីជៀសវាងការថ្នាំងថ្នាក់ណាមួយមកលើរាជរដ្ឋាភិបាល ជាពិសេសក្រុមដែលមាននិន្នាការនយោបាយប្រឆាំង ដែលតែងមើលបំណាំចំពោះការដឹកនាំរបស់សម្ដេចជាដើមនោះ។

​ការលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌ ត្រូវបានសម្តេចតេជោ ហ៊ុន សែន​ ​​បានលើកឡើងថា នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់ ហើយនេះជាអភិក្រមទី៥ «គឺជាការវះកាត់» ដែលសម្តេចតេជោបានដាក់ចេញ សម្រាប់ការកំណែទម្រង់ស៊ីជម្រៅនៅក្នុងសកម្មភាពរបស់ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើ Facebook ផ្លូវការរបស់សម្តេចជាមួយព្រះរាជក្រឹត្យយ៉ាងដូច្នេះថា៖ «នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់»។

កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅក្នុងពិធីខួបកំណើតបានប្រកាសនៅលើវេទិកាចែកប្រាក់ដល់កូនៗ ចំនួន៥នាក់ ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។

ការចែកលុយដល់កូនៗរហូតដល់កន្លះលានដុល្លារនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ដោយងឿងឆ្ងល់ថា ឋានៈត្រឹមជាមេបញ្ជាការអាវុធហត្ថខេត្តមួយ មានទ្រព្យសម្បត្តិចែកកូនៗ រហូតដល់៥០ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះលោក គឹម រស្មី បានអះអាងជាសាធារណៈថា លោកក៏បានបញ្ជូនកូនទៅរៀនដល់ប្រទេសសឹង្ហបុរីផងដែរ៕