(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហោះនូវរូបភាពចំនួន៨សន្លឹកជាមួយខ្លឹមសារដ៏មានអត្ថន័យមួយចំនួន ដើម្បីដាស់តឿនស្មារតីប្រជាពលរដ្ឋ យុវជនខ្មែរទាំងអស់​ ឲ្យបានដឹង និងចងចាំនូវអ្វីដែលជាដើមចម នាំឲ្យប្រទេសកម្ពុជាដ៏កម្សត់មួយ ធ្លាក់ចូលភ្លើងសង្គ្រោម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សង្រ្គាមដែលបានកើតឡើងកន្លងមកលើទឹកដីកម្ពុជា គឺបណ្តាលមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៌ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួន ដែលបានរុញប្រទេសជាតិ ឲ្យធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍។

សម្តេចតេជោនាយករដ្ឋមន្ត្រីលើកឡើងទៀតថា កម្ពុជាឆ្អែតឆ្អន់ហើយចំពោះសង្គ្រាម និងការនិរាសព្រាត់ប្រាស់ ក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត ដូចច្នេះជម្រើសយក «សន្តិភាព» គឺធំជាងអ្វីទាំងអស់ ព្រោះសន្តិភាពជាដង្ហើមនៃជីវិត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «រូបថតជ្រុងមួយនៃជីវិតយុវជន យុវនារីខ្មែរ ក្នុងសម័យសង្រ្គាមរត់លូន។ សង្រ្គាមដែលបានកើតឡើងកន្លងមក គឺបណ្តាលមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៌ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួន ដែលបានរុញប្រទេសជាតិ ឲ្យធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍។

ជីវិតយុវវ័យខ្ញុំផ្ទាល់ គឺគ្មានស្គាល់អ្វីដែលហៅថា សេចក្តីសុខ និងសប្បាយ។ សូម្បីតែការសិក្សាក៏មិនបានពេញលេញដែរ។ ខ្ញុំបានចូលធ្វើទាហានតាំងពីអាយុ១៨ឆ្នាំ ដើម្បីវាយពួកប៉ុលពត ត្រូវរបួសពេញខ្លួន និងពិការភ្នែកម្ខាងមកទល់សព្វថ្ងៃទៀតផង។ យើងឆ្អែតហើយសង្រ្គាម និងការនិរាសព្រាត់ប្រាស់។ ពេលនេះយើងជ្រើសរើស «សន្តិភាព» ជាធំលើសអ្វីៗទាំងអស់ ព្រោះគឺជាដង្ហើមនៃជីវិត។

យើងនាំគ្នាថែរក្សា និងការពារសន្តិភាព ឲ្យបានរឹងមាំល្អ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន ហើយអនាគតកូនក្មួយយុវជនយុវនារី ក៏កាន់តែមានឱកាសល្អៗ ឆ្ពោះទៅរកជីវិតរុងរឿងក្នុងសម័យសន្តិភាព ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយចុងសប្តាហ៍»៕