(ត្បូងឃ្មុំ)៖ ដូចអ្វីដែលបានគ្រោងទុក នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាកាន់ឧបករណ៍នេសាទត្រី មានឈ្នាង អង្រុត​ជាដើម មកចូលរួមចាប់ត្រី ក្នុងពិធីចាប់ត្រីបែបធម្មជាតិ ដែលប្រារព្វឡើងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សេចក្តីរាយការណ៍ពីផ្ទាល់ ពីទីតាំងកំពុងរៀបចំពិធីចាប់ត្រី នៅបឹកក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពីធីចាប់ត្រីនេះ មិនត្រឹមតែប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ដែលមកចូលរួម សូម្បីប្រជាពលរដ្ឋតំបន់ផ្សេងៗ ឆ្ងាយៗ ក៏មកចូលរួមចាប់ត្រីផងដែរ ដែលធ្វើឲ្យអ្នកចូលរួមក្នុងការចាប់ត្រីនៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុនៗ។

បើតាមគណៈកម្មការរៀបចំពិធីបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ពិធីចាប់ត្រីបែបធម្មជាតិនេះ រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះមានអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ។

ពីធីចាប់ត្រីបែបធម្មជាតិនេះ ត្រូវបានរៀបចំឡើងជាយូរលង់ណាស់មកហើយ ដែលជាកេរដំណែលរបស់ដូនតាបន្សល់ទុក គឺឲ្យតែដល់រដូវប្រាំងដាច់ទឹកភ្លៀង បងប្អូនប្រជាពលរដ្ឋ តែងតែនាំគ្នា ប្រារព្ធពិធីចុះចាប់ត្រីតាមបែបធម្មជាតិ៕