(ភ្នំពេញ)៖ ពីដែនសមុទ្រកម្ពុជានាភាគនិរតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានសរសេរកំណាព្យចំនួន៤ឃ្លាបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងបង្កការងឿងឆ្ងល់យ៉ាងខ្លាំងដល់មិត្តអ្នកអានផងដែរ។

កំណាព្យ៤ឃ្លាដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook ថ្ងៃនេះ មានខ្លឹមសារយ៉ាងដូច្នេះ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង) សង្សារបងអើយដល់ពេលហើយឬនៅ?។ ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង) ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។

កំណាព្យ៤ឃ្លារបស់ប្រមុខរាជរដ្ឋាភិបាលដែលជាអ្នកចូលចិត្តតែងនិពន្ធមួយរូបដែរនោះ បានបង្កការងឿងឆ្ងល់ជាខ្លាំងចំពោះអត្ថន័យដ៏ជ្រាលជ្រៅបង្កប់នៅក្នុងកំណាព្យនេះ។

មានពាក្យមួយឃ្លាគេតែងតែលើកឡើងថា គ្រប់សកម្មភាព គ្រប់ទង្វើរបស់អ្នកនយោបាយ គ្មានសកម្មភាពណាមួយ ឬទង្វើណាមួយដែលមិនភ្ជាប់ជាមួយបញ្ហានយោបាយនោះឡើយ។ សម្រាប់កំណាព្យខាងលើរបស់សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានគេសន្និដ្ឋានមានអត្ថន័យផ្សារភ្ជាប់ទៅបញ្ហានយោបាយផងដែរ។

អ្នកតាមដានបញ្ហានយោបាយបានសន្និដ្ឋាន កំណាព្យនេះ គឺសម្តេចតេជោ ហ៊ុន សែន មានចេតនាយ៉ាងពិតប្រាកដផ្ញើទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី គ្រាដែលការភ្នាល់រវាងសម្តេច និងទណ្ឌិតរូបនេះជិតដល់ឱសានវាទនាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។

អ្នកតាមដានបញ្ហានយោបាយ បានសាកល្បងបកស្រាយឃ្លាកំណាព្យខាងលើនេះយ៉ាងដូច្នេះ។

ឃ្លាទី១ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ»។ សម្តេចតេជោ ចង់បញ្ជាក់ថា ទោះបីទណ្ឌិត សម រង្ស៉ី ប្រឹងប្រែងធ្វើសកម្មភាពគ្រប់បែបយ៉ាងឲ្យសម្តេចតបត និងឆ្លើយតប តែសម្តេចនៅតែរក្សាភាពស្ងាត់ស្ងៀមគ្មានការតបតអ្វីទាំងអស់។

ឃ្លាទី២ «សង្សារបងអើយដល់ពេលហើយឬនៅ?»។ ឃ្លានេះសម្តេចតេជោ ហ៊ុន សែន ធ្វើជាសួរឌឺទៅទណ្ឌិត សម រង្ស៉ី តែតាមការពិតសម្តេចចង់រំលឹកថា ការភ្នាល់រវាងសម្តេច និងទណ្ឌិត សម រង្ស៉ី ជិតដល់ពេលហើយ។

ឃ្លាទី៣ «ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ»។ ឃ្លានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចគ្មានការស្នើសុំការលើកលែងទោសដល់ទណ្ឌិត សម រង្ស៉ី ទៀតនោះទេ ដោយសម្តេចចាត់ទុកទណ្ឌិតរូបនេះជាមនុស្សចិត្តខ្មៅ។ ចិត្តខ្មៅ ក៏ព្រោះតែសម្តេចធ្លាប់បានសូមព្រះរាជទានលើកលែងទោសពីរដងរួចមកហើយ តែទណ្ឌិតនេះមិនត្រឹមតែមិនដឹងគុណនោះទេ ថែមទាំងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរថែមទៀតដល់រូបសម្តេច និងក្រុមគ្រួសារ។

ឃ្លាទី៤ «ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។ ឃ្លានេះ សម្តេចតេជោ ចង់គូសបង្ហាញថា មានឧបសគ្គជាច្រើននៅចំពោះមុខទណ្ឌិត សម រង្ស៉ី ធ្វើម្តេចនឹងអនុញ្ញាតឲ្យទណ្ឌិតរូបនេះអាចវិលត្រឡប់ចូលស្រុក ដូចអ្វីដែលខ្លួនបានសន្យាជាមួយអ្នកគាំទ្រនោះ។

នេះគ្រាន់តែជាការសាកល្បងបកស្រាយពីអត្ថន័យនៃកំណាព្យរបស់សម្តេចតេជោ ហ៊ុន សែន ពីសំណាក់អ្នកតាមដានបញ្ហានយោបាយតែប៉ុណ្ណោះ។ តែអត្ថន័យពិតនៃកំណាព្យនេះ គឺមានតែសម្តេចតេជោ ជាម្ចាស់កំណាព្យប៉ុណ្ណោះទើបអាចបញ្ជាក់បាន៕