(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយ ដោយប្រើរូបភាពជា «សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា» ដែលចែកចាយដោយ ទណ្ឌិត សម រង្ស៉ី ក្នុងគោលបំណងញុះញង់បំបែកបំបាក់ គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរ ការអភិវឌ្ឍប្រទេសជាតិ។

សេចក្តីថ្លែងការណ៍ដ៏កក្តៅគគុកនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ គណបក្សប្រជាជនកម្ពុជា សូមប្រកាសបដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដោយប្រើរូបភាពជា “សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា" ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលត្រូវបានបង្កើតឡើងដោយជនទុច្ចរិត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ " អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា និងគេហទំព័រហ្វេសប៊ុកឈ្មោះ " Ar Kambang Knong Ar Kambang " ហើយត្រូវបានចែកចាយដោយទណ្ឌិត សម រង្ស៊ី នៅក្នុងគេហទំព័ររបស់ខ្លួន នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ»។

ក្រៅពីទាត់ចោលសេកច្តីថ្លែងការណ៍ក្លែងក្លាយនោះ គណបក្សប្រជាជនកម្ពុជា ក៏ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ និងសូមប្តឹងដល់ស្ថាប័នមានសមត្ថកិច្ច ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខរកជនដែលពាក់ព័ន្ធនឹងបទល្មើសខាងលើ យកមកផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន។

គណបក្សប្រជាជនកម្ពុជា បានប្រកាសថា ខ្លួនស្ថិតនៅជានិច្ចជាមួយប្រជាជន ដើម្បីបន្តថែរក្សាសន្តិភាព និងការ
អភិវឌ្ឍ ។ គណបក្សប្រជាជនកម្ពុជា ទាំងមូលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ និងគោរពនូវតួនាទី
ជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៏ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើម្បីញុះញង់ និងបំបែកបំពាក់គណបក្សប្រជាជនកម្ពុជា។

សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា៖