(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងចំអកឲ្យប្រទេសអូស្ត្រាលីថា ចេះខ្លាចរអាចំពោះការលូកដៃពីប្រទេសដទៃទៅក្នុងកិច្ចការនយោបាយរបស់ខ្លួន តែបែរជាមកហាមប្រទេសកម្ពុជាមិនឲ្យខ្លាចរអា ឬចាត់វិធានការទប់ស្កាត់ចំពោះផែនការរបស់ប្រទេសដទៃលូកដៃចូលកិច្ចការនយោបាយរបស់ប្រទេសកម្ពុជា។

ការថ្លែងចំអករបស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃប្រទេសអូស្ត្រាលី បានសម្រេចលែងផ្តល់សិទ្ធិចូលក្នុងប្រទេសអូស្ត្រាលីដល់មហាសេដ្ឋីរបស់ចិន លោក ហួង ស៊ាងម៉ៅ បន្ទាប់មហាសេដ្ឋីរូបនេះ បានផ្តល់​លុយដល់​គណបក្ស​នយោបាយ​ចំនួន២​ នៅ​ក្នុងប្រទេសអូស្រ្តាលី​។ ក្រសួងមហាផ្ទៃអូស្ត្រាលី ថែមទាំងបានច្រានចោលការសុំចូលសញ្ជាតិអូស្ត្រាលី របស់លោក ម៉ៅ ថែមទៀតផង។

បើតាមលោក ខៀវ កាញារីទ្ធី ដែលបានដកស្រង់ខ្លឹមសារព័ត៌មានរបស់ព័ត៌មានបរទេសបានគូសបញ្ជាក់ថា ការសម្រេចចាត់វិធានការរបស់ក្រសួងមហាផ្ទៃអូស្ត្រាលី ចំពោះមហាសេដ្ឋីចិននេះ ក្រោមការចោទប្រកាន់លោកមហាសេដ្ឋី ម៉ៅ ​មាន​ទំនាក់ទំនង​ជាមួយ​បក្ស​កុម្មុយនិស្ត​ចិន​។

ប្រទេសអូស្ត្រាលីដែលគេដឹងថាជាសម្ព័ន្ធមិត្តរបស់អាមេរិកតាមរយៈមន្ត្រីសភារបស់ខ្លួន បានសម្តែងប្រតិកម្មយ៉ាងខ្លាំងចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការទៅលើអតីតគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំអតីតបក្សប្រឆាំងមួយនេះ បន្ទាប់ពីអាជ្ញាធរបានរកឃើញប្រធានអតីតបក្សប្រឆាំងនេះ បានធ្វើសកម្មភាពឃុបឃិតជាមួយបរទេសក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

សកម្មភាពឃុបឃិតបានថ្លែងដោយផ្ទាល់មាត់របស់លោក កឹម សុខា ដែលជាអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិថែមទៀតផង។

តាមរយៈការអនុវត្តន៍វិធានការរបស់ប្រទេសអូស្ត្រាលីនេះ បានបង្ហាញថា អូស្ត្រាលីកំពុងអនុវត្តន៍យ៉ាងតឹងរឹងនូវច្បាប់របស់ខ្លួនដែលហាមប្រទេសដទៃមិនឲ្យលូកដៃចូលកិច្ចការនយោបាយរបស់ខ្លួន តែបែរជាមករាំង និងប្រតិកម្មចំពោះការអនុវត្តន៍ច្បាប់របស់កម្ពុជាចំពោះការប្រព្រឹត្តទោសក្បត់ជាតិរបស់លោក កឹម សុខា ទៅវិញ។

លោក ខៀវ កាញារីទ្ធ បានចំអកឲ្យអូស្ត្រាលីថា «ប្រទេស​អូស្ត្រាលី​ខ្លាំង​ប៉ុណ្ណឹង​ នៅ​ខ្លាច​គេ​លូក​ដៃ​ក្នុង​នយោបាយ​គាត់​ តែ​គាត់​ហាម​កម្ពុជា​មិន​ឲ្យ​ខ្លាច​ដូច​គាត់​ទេ។ ជា​ខ្លា​បង្រៀន​ខ្លេ​ ឬ​ ខ្លេបង្រៀនខ្លា​?»

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន