(រតនគិរី)៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកំសាន្ដនៅក្នុងខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គិតពីថ្ងៃ៤-៥-៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានចំនួន២១,៤១៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន​២០,៨៣៥ននាក់ ភ្ញៀវអន្តរជាតិមានចំនួន​៥៨០នាក់ ដែលចំនួននេះកើនឡើង៨.១៩ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានតែភ្ញៀវទេសចរចំនួន ១៩,៧៩៥នាក់ប៉ុណ្ណោះ។​

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរ មកកំសាន្តសប្បាយក្នុងទឹកដីខេត្តរតនគិរី ជារៀងរាល់ឆ្នាំ គឺផ្តើមចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ មានសុខសន្តិភាព ពាសពេញផ្ទៃប្រទេស ធ្វើឲ្យ្យប្រជាពលរដ្ឋមានជីវភាពធូរធា។

លោកបន្តថា ទន្ទឹមនឹងខេត្តរតនគិរី ជាខេត្តអេកូទេសចរណ៍ ព្រមទាំងមានតំបន់រមណីយ៍ដ្ឋាន ទេសចរណ៍ធម្មជាតិ១៤ កន្លែងជាពិសេសរមណីយ៍ដ្ឋានធម្មជាតិបឹងយក្ខឡោម ទឹកធ្លាក់៧ជាន់ (អូរសៀងលែ) និងបឹងលំកុដ ដែលគ្រប់ភ្ញៀវទេសចរជាតិអន្តរជាតិ មិនដែលមើលរំលង៕​