(ភ្នំពេញ)៖ អ្នកចងក្រងប្រវត្តិសាស្ត្រស្ដីពីប្រទេសកម្ពុជា ទាំងអ្នកនិពន្ធបរទេស និងអ្នកនិពន្ធខ្មែរ​ ពេលសរសេរដល់ចំណុច «លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម ចេញពីអំណាចកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០» ភាគច្រើននៃអ្នកនិពន្ធសុទ្ធតែសរសេររំលេច និងភ្ជាប់នូវខ្លឹមសារថា សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយខ្នងក្នុងការធ្វើរដ្ឋប្រហារនេះ ដើម្បីប្ដូរប្រទេសកម្ពុជាពីរបបរាជានិយម ទៅជារបបសាធារណរដ្ឋតាមបែបសហរដ្ឋអាមេរិក...តែអាមេរិកបែរជាបដិសេធថា ការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ គ្មានជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកទៅវិញ។

Facebook ផ្លូវការរបស់ស្ថានទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ខណៈធ្វើការផ្សព្វផ្សាយនូវសេចក្ដីថ្លែងការណ៏របស់ខ្លួនពាក់ព័ន្ធទៅនឹងទិវាជ័យជំនះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយត្រូវបានពលរដ្ឋខ្មែរ ជាច្រើនដែលដឹង និងឈឺចាប់ចំពោះការធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ ទើបនាំឲ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម ទើបឈានទៅដល់ការកើតមានរបបប្រល័យ ពូជសាសន៏នៅកម្ពុជា គឺដោយសារតែសហរដ្ឋអាមេរិកជាអ្នកឈរពីក្រោយខ្នងនៃការធ្វើរដ្ឋប្រហារនេះ បើមិនដូច្នេះទេ ក៏មិនអាចកើតមានរបបប្រល័យពូជសាសន៏បានដែរ។

ជាការឆ្លើយតប បែរជាស្ថានទូតសហរដ្ឋអាមេរិកអះអាងដោយធ្វើការកត់សម្គាល់ថា «សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ។ រហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ»។ ការបដិសេធរបស់ស្ថានទូតសហរដ្ឋអាមរិកនៅពេលនេះ តើសហរដ្ឋអាមេរិកមានបំណងបំភ្លៃ ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ឬក៏ចង់គេចចេញពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមនាំយកប្រទេសកម្ពុជា ឲ្យធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម ក្រោយខ្លួនគាំទ្រឲ្យ លន់ នល់ ធ្វើរដ្ឋប្រហារ ទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ?។ «បំណុលឈាម» ជាង៦០០លានដុល្លារ (បូកសរុបទាំងការប្រាក់ទាំងដើមផង) ដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យរដ្ឋាភិបាលរបស់លោកសេនាប្រមុខ លន់ នល់ ខ្ចីដែលភាគច្រើនដើម្បីទិញអាវុធរបស់ខ្លួនយកមកបាញ់សម្លាប់រវាងខ្មែរ និងខ្មែរគ្នាឯងនោះ តើសហរដ្ឋអាមេរិកមានអ្វីត្រូវដោះសារ។

គ្រាប់បែក B52 ដែលមួយគ្រាប់ៗមានទម្ងន់រាប់តោន ទម្លាក់ពីលើយន្តហោះ សម្លាប់ពលរដ្ឋខ្មែរស្ទើរាល់ថ្ងៃនៅចន្លោះចុងទស្សវតន៏៦០ និងដើមទស្សវតន៏៧០ ពលរដ្ឋខ្មែរគ្រាន់តែឮសំលេងពីចម្ងាយ ម្នាក់ៗស្លត់ រន្ធត់រហូតបាត់បង់ស្មារតី និងបង្កគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិ ដីស្រែ ចំការរបស់ពលរដ្ឋខ្មែររហូតមកដល់សព្វថ្ងៃនេះ គឺនៅលើគ្រាប់នោះ សរសេរអក្សរ Made in U.S.A ឬ US AIR FORCE៕