(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហោះរូបភាពនៅលើទីលានវាយកូនហ្គោលជាច្រើនសន្លឹកជាមួយឈុតអាវដ៏ក្រហមឆ្អិនឆ្អៅជាមួយការបញ្ជាក់ថា ដើរវាយកូនហ្គោលបានរហូតដល់ទៅ ១៨ឡូ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ទៀតថា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សម្តេចហាត់ប្រាណនៅផ្ទះ ដោយហែលទឹក ជិះកង់ និងដើរលើម៉ាស៊ីន ដែលប្រើពេលដល់ទៅ ៦០ ទៅ៩០នាទី តែសម្រាប់ថ្ងៃសៅរ៍នេះ សម្តេចមានពេលគ្រប់គ្រាន់ក្នុងការដើរវាយកូនហ្គោល។

ជាមួយការបង្ហាញភាពរឹងមាំផ្នែកសុខភាពហើយនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឆ្លើយតបទៅនឹងអតីតសមាជិកគណបក្សប្រឆាំងមួយរូប ដែលបានប្រមាថអាយុជីវិតរបស់សម្តេចផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅបុគ្គលនោះឲ្យយកចិត្តទុកដាក់លើសុខភាពខ្លួនឯងប្រសើរជាងគិតពីសុខភាពរបស់សម្តេច។ សម្តេចតេជោ ក៏ឆ្លៀតប្រាប់ទៀត បើបុគ្គលរូបនោះរង់ចាំរហូតដល់សម្តេចស្លាប់ទើបហ៊ានវិលចូលស្រុកធ្វើនយោបាយនោះ គឺមានតែរង់ចាំជាតិក្រោយប៉ុណ្ណោះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះ «សូមផ្តាំទៅលោកម្នាក់ ដែលធ្លាប់យកស្រីជាអនីតិជនអាយុក្រោម ១៨ឆ្នាំ នៅខេត្តបាត់ដំបង ដែលរត់ទៅនៅកាណាដា ដែលទើបបង្ហោះក្នុង Facebook ថា លោក ហ៊ុន សែន នៅមិនបានយូរទៀត ដែលចង់សំដៅលើសុខភាពខ្ញុំថាមិនអាចរស់បានយូរទៀត។ សូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯងប្រសើរជាងគិតមកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ទើបហ៊ានចូលស្រុកដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ»។

បើទោះបីក្នុងសារនេះសម្តេចតេជោ ហ៊ុន សែន មិនបានបង្ហាញពីឈ្មោះបុគ្គលដែលបានប្រមាថអាយុជីវិតសម្តេចយ៉ាងណាក្តី។ តែអ្នកតាមដានសារឆ្លើយឆ្លងតាមបណ្តាញសង្គម Facebook គេអាចសន្និដ្ឋានបានថា សាររបស់សម្តេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ីមួយរូបគឺលោក សោ ចាត់ដេត។

លោក សោ ចាន់ដេត តែងតែបានបង្ហោះសារនិយាយប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុន សែន ហើយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ លោក ក៏បានបង្ហោះសារប្រមាថជីវិតសម្តេចតេជោផងដែរ។

លោក សោ ចាន់ដេត បានសរសេរថា «លោក​ ហ៊ុន​ សែន​ អាចនៅមិនបានយូរទៀត។ តាមការ​សង្កេតឃើញ​ភាពប្រញាប់ប្រញាល់​ នៃការបញ្ចេញឥទ្ធិពល​ ហ៊ុន​ ម៉ាណែត​ យេីងអាចធ្វេីការសន្និដ្ឋានបានថា​ សុខ​ភាព​លោក​ ហ៊ុន​ សែន​ ឆ្លងមិនផុតទេ ច្បាស់​ជា​ត្រូវ​ដួលមួយរំពេចភ្នែក»៕