(ភ្នំពេញ)៖ កម្ពុជា-ចិនបានរៀបចំទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ដំបូង» នៅសាលមហោស្រពចតុម្មុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន។

ទិវាដ៏អធិកអធ័មខាងលើនេះ ក៏មានវត្តមានចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជននៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។

នៅក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឡើងអានសារលិខិតអបអរសាទរការប្រារព្ធទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌រវាងកម្ពុជា និងចិនដំបូង» របស់សម្ដេចតេជោ ហ៊ុន សែន ជូនគណៈអធិបតី និងភ្ញៀងកិត្តិយសឱ្យបានជ្រាប។

តាមរយៈសារលិខិតខាងលើ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ដំបូង» នៅឆ្នាំ២០១៩នេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងបណ្ដាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា។

ចំណែកឯលោក ឡ ស៊ូកាង ក៏បានឡើងអានសារលិខិតរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនផងដែរ ដោយលោកបានបង្ហាញការរំពឹងទុកថា ប្រទេសទាំងពីរ កម្ពុជា-ចិន នឹងយកឆ្នាំទេសចរណ៍-វប្បធម៌រវាងកម្ពុជា និងចិននេះ ជាឱកាសល្អក្នុងការបង្កើនការផ្លាស់ប្ដូរវិស័យវប្បធម៌ ពង្រីកការផ្លាស់ប្ដូរមនុស្ស និងមនុស្សរវាងប្រទេសទាំងពីរ ជំរុញការយោគយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ខាងផ្នែកអរិយធម៌ និងការផ្សារភ្ជាប់ដួងចិត្តប្រជាជនប្រទេសទាំងពីរ រក្សាពូនជ្រុំឫសគល់មនោសញ្ចេតនាមេត្រីភាពប្រជាជន និងសង្គមកាន់តែជ្រៅជ្រះ និងរឹងមាំ ដើម្បីបង្កើតសមាគមរួមដែលមានវាសនាតែមួយ។

លោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រីរដ្ឋមន្ត្រី ភឿង សកុណា សុទ្ធតែបានលើកឡើងថា ទេសចរណ៍ និងវប្បធម៌ គឺជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌។ ទេសចរណ៍វប្បធម៌ ក៏ត្រូវបានអង្គការទេសចរណ៍ពិភពលោក ចាត់ទុកជាទីផ្សារទេសចរណ៍ពិភពលោកដែលមានទំហំធំជាងគេ ស្មើនឹងប្រមាណ ៤០% នៃទីផ្សារទេសចរណ៍សរុប និងមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈដែលទេសចរណ៍វប្បធម៌នៅកម្ពុជាមានជាង ៥០% នៃទីផ្សារទេសចរណ៍សរុប។

ក្រោយពីគណៈអធិបតីឡើងថ្លែងសន្ទរកថា និងអានសារលិខិតរបស់នាយករដ្ឋមន្ត្រី នៃប្រទេសជាមិត្តទាំងពីរហើយនោះ គេសង្កេតឃើញមានការសម្ដែងសិល្បៈរួមគ្នា រវាងក្រុមសិល្បករ-សិល្បការិនីកម្ពុជា-ចិនផងដែរ ក្នុងនោះរួមមាន៖ របាំចិន «ពោធិសាត់ព្រះហស្ថមួយពាន់» ចម្រៀងខ្មែរ «អារ៉ាប់ពីយ៉ា» ចម្រៀងចិន «អ្នកម្ដាយ» បទចម្រៀងខ្មែរ «រាត្រីជួបភក្ត្រ» របាំចិន «ទេពនិករការពារសត្វលោក» ការប្រគំឧបករណ៍ខ្លុយឫស្សីរបស់ចិន «ចម្រៀងថ្មីរបស់គង្វាល» របាំបុរាណខ្មែរ «អប្សរា» របាំងចិន «Magnolia Blossom» ការសម្ដែងក្បាច់កាយសម្ពន្ធរបស់កម្ពុជា របាំចិន «សម្រស់ស្រវឹង» ចម្រៀងចិន «ផ្កាម្លិះ» និងចម្រៀងរួមគ្នារវាងក្រុមសិល្បករ-សិល្បការិនីកម្ពុជា-ចិន «Auld Lang Syne» ដែលមើលទៅហាក់បង្ហាញពីភាពជិតស្និទ្ធយ៉ាងស្អិតល្មួតរវាងវប្បធម៌ប្រទេសទាំងពីរ។

ក្រោយការសម្ដែងត្រូវបានបញ្ចប់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជម្រាបជូនអង្គពិធី ពិសេសគឺភាគីចិនថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ចង់ឱ្យមានកម្មវិធីសម្ដែងសិល្បៈរួមគ្នាយ៉ាងដូច្នេះ នៅឆ្នាំក្រោយៗទៀត ដើម្បីឱ្យចំណងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធលើសពីនេះទៀត៕