(កណ្ដាល)៖ លោកឧត្តមសេនីយ៍ឯក ចៅ តុល នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ចែកអំណោយជូនដល់ប្រជាពលរដ្ឋ៤០០គ្រួសារ នៅក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ពិធីចែកអំណោយនេះក៏មានការចូលរួមពី លោក វ៉ាអែល រ៉ូម៉ាស៊ី តំណាងប្រធានសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ ដែលអំណោយទាំងនេះគឺបានមកពីការឧបត្ថម្ភរបស់សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម។

ថ្លែងក្នុងឱកាសនោះ លោក ចៅ តុល បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា អំណោយទាំងនេះ សបញ្ជាក់ឲ្យឃើញពីទឹកចិត្តជ្រះរបស់សប្បុរសជនក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពរស់នៅលំបាកពិតប្រាកដ។

លោកបន្ថែមថា នេះក៏ជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា មិនទុកឲ្ហបងប្អូន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ចៅ តុល ក៏បានជម្រាបជូនពីស្ថានភាពនយោបាយដែលកំពុងតែវិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា និងពិភពលោកផងដែរ។ លោកបានអំពាវនាវដល់ពលរដ្ឋថា កុំជឿតាមការញុះញង់អុជអាលរបស់ជនអគិតមួយចំនួនដែលគិតអាក្រក់មកលើរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

លោក ចៅ តុល អះអាងបន្ថែមទៀតថា គ្មានពេលណាដែលប្រទេសកម្ពុជា មានសុខសន្ដិភាព ដូចពេលនេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនឡើយ ដូច្នេះសូមចូលរួមថែរក្សាសន្ដិភាពដែលរកបានដោយលំបាកនេះទាំងអស់គ្នា៕