(បន្ទាយមានជ័យ)៖ ផ្ទះចំនួន ១៤០ខ្នងជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសាងសង់ឡើងនៅលើដីសមាគមអតីតយុទ្ធជន (ការ៉េ២) ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានសាងសង់ជិតរួចរាល់ហើយ ហើយគ្រោងប្រគល់ជូនអតីតយុទ្ធជនក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងពេលចុះពិនិត្យការសាងសង់ទីជម្រកសម្រាប់អតីតយុទ្ធជននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ចែងឲ្យរៀបចំសាងសង់ផ្ទះ១៤០ខ្នងក្នុងដំណាក់ដំបូងជូនអតីតយុទ្ធជននៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយការខ្វះខាតទីជម្រករបស់ពួកគេ។ លោកបន្តថា ការសាងសង់ផ្ទះនេះ គឺកើតចេញពីគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

«សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ក៏ជាសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។ សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះការរស់នៅរបស់បងប្អូនអតីតយុទ្ធជន»។ នេះជាការបញ្ជាក់លោកទេសរដ្ឋមន្ត្រី គន់ គីម។

ក្នុងឱកាស​នោះ​លោកអគ្គលេខាធិការ​ ក៏បានកោតសសើរចំពោះថ្នាក់ដឹកនាំ​សមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ដែលបាន​ខិតខំ​ធ្វេី​ផ្លូវ​ចូល​ ឈូសឆាយដីបែងចែកជាឡូត៍​ សាងសង់ផ្ទះបាន៣០ខ្នង​ហើយនឹងកំពុងបន្តសាងសង់តាមផែនការ​។

លោក​ទេសរដ្ឋមន្ត្រី គន់ គីម ដែលសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងាររបស់អតីតយុទ្ធជននេះ ក៏បានក្រើនរំលឹកក្រុមជាងឲ្យយកចិត្តទុកដាក់ពីគុណភាពក្នុងការសាងសង់​ និងខំប្រឹងសាងសង់ឲ្យរួចតាមផែនការនៅចុងខែកុម្ភ: ដើម្បីរៀបចំឲ្យបងប្អូនដែលត្រូវទទួលបានផ្ទះមកចាប់ឆ្នោតយកលេខរៀងផ្ទះ​។

លោក គន់ គីម ​ក៏បានជំរុញថ្នាក់ដឹកនាំ​សមាគមអតីតយុទ្ធជនថ្នាក់​ស្រុក និងខេត្ត ត្រូវចុះពិនិត្យមើលអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតឬជួបបញ្ហាប្រឈមអ្វីមួយត្រូវជួយដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេល​វេលា ហើយបេីហួសពីលទ្ធភាពក្នុងការដោះស្រាយត្រូវរាយការណ៍ជូនថ្នាក់លេីបន្ត៕