(ព្រះវិហារ)៖ «វិទ្យាស្ថានអាស៊ីកម្ពុជា» ដែលមានទីតាំងនៅក្នុងសាលាគរុកោសល្យ និងវិក្រិត្យការខេត្តព្រះវិហារ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានគេសង្ស័យថា អត់មានច្បាប់អនុញ្ញាត ដោយសារតែវិទ្យាស្ថាននេះមានឈ្មោះដល់ទៅ២រួមមាន ឈ្មោះវិទ្យាស្ថានអាស៊ីកម្ពុជា និងឈ្មោះ សកលវិទ្យាល័យអាស៊ីបច្ចេកវិទ្យា ក្រោយបើកដំណើរការអស់ រយៈពេលជាច្រើនខែមកហើយ។

លោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ពាក់ព័ន្ធនិងបញ្ហាវិទ្យាស្ថានអាស៊ីកម្ពុជា មានច្បាប់ឬគ្មានច្បាប់នោះ លោកបានណែនាំឲ្យ នាយកវិទ្យាស្ថានអាស៊ីកម្ពុជា ត្រូវបង្ហាញច្បាប់អនុញ្ញាត ទាំងច្បាប់បើកវិទ្យាស្ថាន និងច្បាប់ជួលទីតាំងដាក់តម្កល់នៅក្នុងសាលា ហើយលោកសន្យាថា ក្រោយសន្និបាតរបស់មន្ទីរអប់រំចប់ លោកនឹងចុះពិនិត្យអំពីបញ្ហានេះ បើសិនមិនមានច្បាប់ទេនឹងអនុវត្តទៅតាមច្បាប់។

ពាក់ព័ន្ធបញ្ហាវិទ្យាស្ថានអាស៊ីកម្ពុជាមានឈ្មោះ២នោះ អភិបាលរងខេត្តព្រះវិហាររូបនេះ បានបន្ថែមថា វិទ្យាស្ថានអាស៊ីកម្ពុជា ដែលបើកសាខានៅខេត្តព្រះវិហារនេះ គឺមានសាខាមួយទៀត នៅខេត្តក្រចេះ ហើយចំពោះការដាក់ឈ្មោះថា សកលវិទ្យាល័យអាស៊ីបច្ចេកវិទ្យានោះ សាលាចង់តម្លើងហ្គ្រេតពីវិទ្យាស្ថានទៅសកលវិទ្យាល័យ។

ចំណែកខាងមន្ទីរអប់រំថា មិនមែនសុំភ្លាម បានភ្លាមនោះទេ ដោយសារតែក្រសួងធ្វើការពិនិត្យចង់ដឹងថា តើវិទ្យាស្ថានមានសិស្សសិក្សាប៉ុន្មាននាក់? តើវិទ្យាស្ថានមានទីតាំងច្បាស់លាស់ហើយឬនៅ? តើវិទ្យាស្ថានមានសម្ភារគ្រប់គ្រាន់អត់? នោះទើបក្រសួងអនុញ្ញាតច្បាប់ជាក្រោយ។ ប៉ុន្តែទោះជាយ៉ាងណា លោកអភិបាលរងខេត្តថា នឹងចុះពិនិត្យក្រោយសន្និបាតរបស់មន្ទីរអប់រំចប់។

សម្រាប់លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារវិញ ក៏បានឲ្យដឹងថា សកលវិទ្យាល័យអាស៊ីបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងសាលាគរុកោសល្យនោះ គឺមិនទាន់មានច្បាប់ចេញពីក្រសួងអប់រំនោះទេ ហើយចំពោះវិទ្យាស្ថានអាស៊ីកម្ពុជាវិញ ស្ថិតនៅក្រោមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្រង់ថា មានច្បាប់ឬអត់ច្បាប់ លោកអត់ដឹងទេ ព្រោះមិនស្ថិតក្រោមមន្ទីរអប់រំ។

លោក ហេង កូយ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ បានឲ្យដឹងផងដែរថា វិទ្យាស្ថានអាស៊ីកម្ពុជា មានទីតាំងក្នុងសាលាគរុកោសល្យខេត្តនោះ ខាងវិទ្យាស្ថានបានធ្វើច្បាប់ស្នើសុំទៅក្រសួងការងារហើយដែរ ត្រង់ថា លោករដ្ឋមន្ត្រីក្រសួងការងារ បានឯកភាពឬយ៉ាងណានោះ លោកមិនទាន់ដឹងនៅឡើយទេ។

ចំណែកលោក អ៊ុ វឌ្ឍនា នាយកសាលាគរុកោសល្យ និងវិក្រិតការខេត្តបានឲ្យដឹងថា ការជួលអគារគរុកោសល្យឲ្យទៅវិទ្យាស្ថានអាស៊ីកម្ពុជា គឺជួលបណ្តោះអាសន្នរយៈពេលខ្លីទេ ទំរាំអគារគេធ្វើរួច ហើយការជួលនេះ គឺមានការឯកភាពគ្នា ដើម្បីយកថវិកាមកប្រើប្រាស់ក្នុងសាលាដោយមួយឆ្នាំបាន២៤០០ដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សសូមសំណូមពរ ទៅអាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធផ្សេងៗ គួរពិនិត្យឲ្យច្បាប់លាស់ជាមុនសិន មុនអនុញ្ញាតឲ្យច្បាប់ទីតាំងបើកសាលារៀនឯកជន ឬវិទ្យាស្ថានចៀសវាងការខាតបងថវិកាដោយសារតែសាលារៀន និងវិទ្យាស្ថានឯកជននោះគ្មានច្បាប់៕