(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជិត២០០នាក់ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទីតាំងអនាធិបតេយ្យ​ និងសំណង់មិនរៀបរយ​នៅក្នុងភូមិ២​ ភូមិ៣​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។

ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​, លោកឧត្តមសេនីយត្រី​ សុង​ លី​ ស្នងការរងនគរបាលរាជធានីភ្នំពេញ​, លោកវរសេនីយ៍ឯក​ ទៀង​ ចន្ទ័សារ​ អធិការនគរបាលខណ្ឌ និងលោកវរសេនីយ៍ឯក​ ថោង​ ពិសិដ្ឋ​ មេបញ្ជាការ​កងរាជអាវុធហត្ថខណ្ឌដូនពេញ​ ព្រមទាំងមានការចូលរួមពីនគរបាលខណ្ឌដូនពេញចំនួន​៨០នាក់, កំលាំងកងរាជអាវុធហត្ថខណ្ឌដូនពេញចំនួន២៤នាក់, កំលាំងព្រហ្មទណ្ឌ​កំរិតស្រាល​ ក្រុង​ ចំនួន​៣៣នាក់ និងប្រជាការពារខណ្ឌ​ចំនួន​៤០​នាក់។

របាយការណ៍របស់សាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះកម្លាំងគណ:បញ្ជាឯកភាពខណ្ឌបានឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀនចំនួន​១៥នាក់​ (ក្នុងនោះស្ត្រីចំនួន​០៨នាក់)​ និងបានរុះរើ​ជម្រកអនាធិបតេយ្យ​​ចំនួន​១១ ក្នុងនោះបន្ទប់ចំនួន​៤​បន្ទប់​ ដែលបន្ទប់នីមួយៗប្រក់តង់​ ប្រកស័ង្កសី​ ដែលជាជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀន។

បើតាមរបាយការណ៍ ការចុះប្រតិបត្តិការនោះកំលាំងអាជ្ញាធរ និងសមត្ថកិច្ច បានចែកជា​០៣គោលដៅ​ ដឹកនាំដោយលោកអភិបាល​រង​ នាយក​ នាយករង​ ប្រធានការិយាល័យ ដោយបានចុះឆែកឆេរផ្ទះសរុបរួម៩៤ខ្នងផ្ទះ​។

សម្រាប់ជនសង្ស័យទាំង១៥នាក់ និងវត្ថុតាងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការតាមច្បាប់៕