(ភ្នំពេញ)៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរចិន «Lanmei» បានជួបបញ្ហាបច្ចេកទេស (ម៉ាស៊ីនយន្តហោះ) នៅពាក់កណ្តាលផ្លូវអាកាស ខណៈកំពុងធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ជាមួយអ្នកដំណើរជាង២០០នាក់ បានរយៈពេលប្រមាណ៣០នាទីប៉ុណ្ណោះ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្រោយជួបបញ្ហាបច្ចេកទេស ក្រុមបើកយន្តហោះ បានសម្រេចចិត្តបកក្បាលត្រឡប់មកភ្នំពេញវិញ ហើយបានចុះចតដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ​នៅវេលាម៉ោង៩៖៥០នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។ តែហេតុការណ៍នេះបានធ្វើឲ្យអ្នកដំណើរជាង២០០នាក់ មានទាំងជនបរទេស និងជនជាតិខ្មែរផងនោះ យំស្ទើរមិនចង់ចេញទៅហើយ។

មន្រ្តីជាន់ខ្ពស់ម្នាក់ ដែលបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់បន្ថែមដល់បណ្តាញព័ត៌មាន Fresh News ថា ពិតជាមានហេតុការណ៍នេះកើតឡើងមែន ពោលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ «Lanmei» ​បានហោះឡើងបានប្រហែលកន្លះម៉ោង ក៏ហោះត្រឡប់មកព្រលានដើមវិញ ក្រោយក្រុមពីឡុត មើលឃើញនូវបញ្ហាបច្ចេកទេសនៅក្នុងយន្តហោះ។

យ៉ាងណាក៏ដោយ នៅពេលធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ យន្តហោះដែលមានជើងហោះហើរ លេខ LQ 670 ភ្នំពេញ-បាងកក បានចុះចតដោយសុវត្ថិភាព មិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែសម្រាប់បញ្ហាបច្ចេកទេសវិញ មិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ គ្រាន់តែថាមានបញ្ហានៅក្នុងម៉ាស៊ីនយន្តហោះ។

អ្នកដំណើរម្នាក់នៅក្នុងយន្តហោះនោះ ក៏បានឲ្យដឹងផងដែរថា យន្តហោះក្រុមហ៊ុនអាកាសចរ «Lanmei» ជើងហោះហើរលេខ LQ 670 ភ្នំពេញ-បាងកក ដែលបានចេញដំណើរនៅវេលាម៉ោង ៩៖០៥នាទីព្រឹកមិញ បានវិលត្រឡប់មកចុះចតបន្ទាន់វិញនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីហោះហើរចេញបាន៣០នាទីមក។

អ្នកដំណើររូបនេះបានបន្តទៀតថា ​បន្ទាប់ពីហោះចេញពីព្រលានភ្នំពេញបាន៣០នាទីមក ពីឡុតបាន​ប្រកាសឲ្យដឹងថា ម៉ាស៊ីនយន្តហោះមានបញ្ហាបច្ចេកទេស ដូច្នេះយន្តហោះ​ត្រូវ​ហោះត្រឡប់ទៅ​វិញ។ សម្រាប់អ្នកដំណើរទាំងអស់ បាន​រង់ចាំដូរយន្តហោះទៅបាងកកវិញនៅម៉ោង៥រសៀលថ្ងៃដដែលនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍ចិន Lanmei Airlines (Cambodia) Co.,Ltd បានបើកសម្ពោធជាផ្លូវការ នៃការដាក់ដំណើរការជើងហោះហើរ នៅប្រទេសចំនួន៦ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧៕