(ពោធិ៍សាត់)៖ ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ (PIPP), លោក ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា ជោគជ័យ ជោគវាសនា និងលទ្ធផលអនាគតរបស់សង្គមជាតិ គឺពឹងផ្អែក និងជាកត្តាសំខាន់បំផុតរបស់យុវជន យុវនារី ជាអ្នកបន្តវេនជំនាន់ក្រោយ។

យុវជនទាំងអស់មានតួនាទីជាពុម្ព ជាសសរគ្រឹះជាអ្នកបន្តវេន និងជាទំពាំងស្នងឬស្សី សម្រាប់ការចូលរួមទ្រទ្រង់ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះត្រូវខិតខំកសាង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ តាមរយៈការបណ្តុះគំនិតបណ្តុះនូវវប្បធម៌កតញ្ញូ និងចរឹតជាតិនិយម។

លោក ម៉ៅ ធនិន បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដោយបានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត ប្រមាណ៥០០នាក់។

បន្ទាប់ពីលោក តេង ចិន្តា នាយករង តំណាងលោក ង៉ែត តាត នាយកវិទ្យាស្ថានបច្ចេកទេសខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងបង្ហាញអំពីស្ថានភាពទូទៅរបស់សាលា ស្ថិតិការបណ្តុះបណ្តាល និងបញ្ហាប្រឈមទាក់ទងនឹងការជួយផ្សព្វផ្សាយ គៀងគរដល់ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុនជាតិ អន្តរជាតិ ដើម្បីជួយកសាងនូវអគារសិក្សា បំពាក់សម្ភារ បរិក្ខា រោងជាង និងបន្ទប់ពិសោធន៍រួចមក, លោក ម៉ៅ ធនិន បានកោតសរសើរ ដល់គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ ផ្ទេរចំណេះដឹង បទពិសោធន៍ល្អៗ ដល់ក្មួយជាសិស្ស និស្សិត មានមូលដ្ឋានគ្រឹះ បានយកទៅអនុវត្តន៍ ក្នុងកិច្ចការងារអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ថ្នាក់ដឹកនាំខេត្តរូបនេះ បានបញ្ជាក់ថាយុវជន យុវនារីទាំងអស់ជាអ្នកបន្តវេនជំនាន់ក្រោយ ត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ រក្សាឲ្យបាននូវភាពថ្លៃថ្នូរ មានគុណធម៌ អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួន ពិសេសបន្តបណ្តុះនូវវប្បធម៌កតញ្ញូ និងចរិតជាតិនិយម ស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ។ ក្នុងនាមអាជ្ញាធរខេត្ត លោកបានផ្តាំផ្ញើដល់ក្មួយៗសិស្ស និស្សិតទាំងអស់ ឲ្យគោរពវិន័យ ខិតខំសិក្សារៀនសូត្រ ឃ្លាតឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ។

ឆ្លៀតក្នុងថ្ងៃដដែល លោកអភិបាលខេត្ត បានបន្តជួបសំណេះសំណាល និងដោះស្រាយទុក្ខកង្វល់ ជូនបងប្អូនប្រជាពលរដ្ឋ បានជាច្រើនករណី ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារងាយរងគ្រោះ នៅសាលាខេត្ត៕