(ភ្នំពេញ)៖ នគរបាល​អង្គភាព​ពន្លត់អគ្គិភ័យរាជធានី​ភ្នំពេញ​ បាន​ត្រៀមកម្លាំង​ជា​ច្រើន​នាក់ ​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​​ជិត​២០​គ្រឿង ​សម្រាប់​ជួយ​អន្តរាគមន៍​ទៅ​លើ​គ្រោះថ្នាក់​អគ្គិភ័យ ​ដែល​អាច​នឹង​កើត​មាន​ឡើង ​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន ​ចាប់ពី​ថ្ងៃ​៥ ​រហូត​ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ២០១៩ខាង​មុខនេះ។

លោក ព្រំ យ៉​ន ប្រធាន​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​ រាជធានី​ភ្នំពេញ ​បានឲ្យ​ដឹង​ថា អង្គភាព​របស់​លោក​បាន​ត្រៀមកម្លាំង​ជា​ច្រើន​នាក់ ​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ចំនួន​៨​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ក្នុង​១​គោលដៅ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ដើម្បី​ត្រៀមចាំ​អន្តរាគមន៍​គ្រោះ​អគ្គិភ័យ ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជាយ​ថាហេតុ ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន។

លោក​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៩​នេះ​ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​តូច​ទាំង​ធំ​ចំនួន​១០​ករណី ហើយ​ខណៈ​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សរុប​ចំនួន​៩៦​ករណី៕