(ភ្នំពេញ)៖ ជារឿងត្រេកអរមួយសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ នៅពេលនេះអន្លង់ផ្សោតកាំពី ទទួលបានកូនផ្សោតថ្មីមួយទៀតហើយនៅដើមឆ្នាំ២០១៩នេះ។

យោងតាមការផ្សព្វផ្សាយរបស់អង្គការសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជា (WWF-កម្ពុជា) បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល ក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោយប្រទះឃើញ ក៏បានរាយការណ៍ជូនលោក ស្រី ស៉ីថា ជាមន្ត្រីនគរបាលទេសចរណ៍ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី។

បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអង្គការ WWF បានចុះទៅពិនិត្យ និងស្វែងរកកូនផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញកូនផ្សោតទើបកើតថ្មីនោះមែន។ ក្រុមការងារក៏បានផ្តិតយករូបថតរបស់កូនផ្សោតដែលទើបកើតថ្មីនោះ និងមេរបស់វាព្រមទាំងធ្វើការអង្កេតដោយផ្ទាល់។

អង្គការ WWF បានបញ្ជាក់ថា តាមរយៈការអង្កេតជាក់ស្តែងបានបង្ហាញថា កូនផ្សោតថ្មីស្ថិតនៅក្នុងក្រុមហ្វូងផ្សោតធំចំនួនប្រមាណជាប្រាំមួយក្បាល។

WWF បានចាត់ទុកវត្តមានកូនផ្សោតទើបកើតថ្មីនេះ បានឆ្លុះបញ្ជាំងពីភាពវិជ្ជមាន នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងអង្គការ WWF-កម្ពុជា និងដៃគូអភិរក្សដូចជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរ ប្រជាសហគមន៍នេសាទ ភ្នាក់ងារទេសចរធម្មជាតិ និងអាជ្ញាធរថ្នាក់ខេត្ត ស្រុកឃុំ និងដៃគូអភិរក្សនានា។

 បើតាមលោក អេង ជាសាន ប្រធានរដ្ឋបាលជលផល​ បានឲ្យដឹងថា សត្វផ្សោតនៅទន្លេមេគង្គបានកើតជារៀងរាល់ឆ្នាំ។ ក្នុងនោះឆ្នាំ២០១៥ កើតបាន ១២ក្បាល, ឆ្នាំ២០១៦ កើតចំនួន ១១ក្បាល, ឆ្នាំ២០១៧ កើតចំនួន ៩ក្បាល និងឆ្នាំ២០១៨ កើតចំនួន ៩ក្បាល។

លោក អេង ជាសាន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បច្ចុប្បន្ននេះផ្សោតនៅទន្លេមេគង្គរបស់កម្ពុជាមានចំនួនសរុបជាង ១០០ក្បាល។ លោក អេង ជាសាន បានសម្តែងការអបអរសាទរចំពោះវត្តមានកូនផ្សោតថ្មី ដែលជាប្រភេទសត្វកម្រមួយនៅកម្ពុជា។

សត្វផ្សោតនៅទន្លេមេគង្គនៅអន្លង់ផ្សោតកាំពី ក្នុងខេត្តក្រចេះ និងអន្លង់ផ្សោតនៅខេត្តស្ទឹងត្រែង កំពុងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិដ៏ទាក់ទាញមួយនាពេលបច្ចុប្បន្ន។ លោកប្រធានរដ្ឋបាលជលផល បានចាត់ទុកវត្តមានសត្វផ្សោតថ្មីនេះ នឹងក្លាយជាការរួមចំណែកសំខាន់មួយទៀតក្នុងវិស័យទេសចរណ៍នៅតាមដងទន្លេមេគង្គ។

លោក អេង ជាសាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍នេសាទចូលរួមការពារសត្វផ្សោតទាំងអស់គ្នា ដើម្បីបង្កើនចំនួនសត្វផ្សោតឲ្យបានកាន់តែច្រើនក្នុងទន្លេមេគង្គរបស់កម្ពុជា៕