(ភ្នំពេញ)៖ លោក ត្រាំ អ៉ីតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតម្លើងឋានៈ និងតែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ពិធីនេះដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យ៉ាងច្រើនកុះករផងដែរ។

លោក ត្រាំ អ៉ីវតឹក បានលើកឡើងថា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងចតុកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រង់មុំទី៣ ថា «ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤» គឺវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាកម្មវិធីអាទិភាពមួយ ដែលបានចែងក្នុងផែនការសកម្មភាពរួមដំណាក់កាលទី៣ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោកបានបន្ថែមថា ក្នុងកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ ជាពិសេសមានតួនាទីយ៉ាងសំខាន់ កំណត់នូវនិន្នាការវិវត្តន៍ នៃសង្គមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត។

លោកបានសំណូមពរ ដល់ឥស្សរជន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សា ដែលទើបទទួលការតែងតាំងថ្មីនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ លើភារកិច្ចដែលបានប្រគល់ឱ្យ និងត្រូវធ្វើការដោយមានកិច្ចសហការ ជាមួយថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីដកស្រង់បទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត។ ម្យ៉ាងទៀត ត្រូវមានទំនាក់ទំនងល្អ ជាមួយមន្ត្រីថ្នាក់ក្រោម ដោយដើរតួជាអ្នកសម្របសម្រួលការងារ និងធ្វើខ្លួនជាគម្រូល្អដល់មន្ត្រីថ្នាក់ក្រោម ហើយជាពិសេសពង្រឹងឱ្យបានខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការឱ្យបានល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ប្រមូលផ្តុំនូវធនធានបញ្ញា ដើម្បីធានានូវការគ្រប់គ្រង ការដឹកនាំ ប្រកបដោយប្រសិទ្ធភាពការងារ តម្លាភាព និងគណនេយ្យភាព៕