(រតនគិរី)៖ ដើម្បីឆ្លើយតបអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ចូលរួមកំណែទម្រង់មន្រ្តីរាជការតាមក្រសួង ស្ថាប័ន ស្ថាប័នរដ្ឋនោះ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានអនុវត្តការងារកាន់តែខ្លាំងឡើង ទៅលើសកម្មភាពការងារទាំងឡាយរបស់មន្រ្តីនៅតាមមន្ទីរនានាក្នុងខេត្ត។

យុទ្ធនាការចុះពង្រឹងការងារមន្រ្តីរាជការ អភិបាលខេត្តរតនគិរី បានចាត់ឲ្យមន្ទីរមុខងារសាធារណៈ ចុះទៅចុះពិនិត្យត្រួតពិនិត្យវត្តមាន ការគ្រប់គ្រង ការបែងចែក ការដំឡើងថ្នាក់ និង/ឬ ឋានន្តរស័ក្តិ និងពណ៌នាមុខដំណែងមន្ត្រីរាជការស៊ីវិល និងប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា តាមបណ្តាមន្ទីរអង្គភាព និងក្រុង ស្រុកទាំង៩ ជុំវិញខេត្តរតនគិរី ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ កំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ។

លោក វ៉ាន សោភា ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះថា ក្រុមការងារមន្ទីររបស់លោក បានចុះអនុវត្តការងារនេះ ដោយកំណត់អំពីគោលបំណង គោលដៅ កាលបរិច្ឆេទសមាសភាពក្រុមការងារបានយ៉ាងច្បាស់លាស់ ព្រមទាំងសហការជាមួយទីចាត់ការគ្រប់គ្រង ធនធានមនុស្សនៃសាលាខេត្ត ដើម្បីធ្វើកិច្ចការងារនេះរួមគ្នា ឈានទៅរកភាពជោគជ័យ។

លោក វ៉ាន សោភា បានថ្លែងថា អភិបាលខេត្តបានគិតគូចំពោះកិច្ចការពង្រឹងការងារមន្រ្តីរាជការនៅតាមមន្ទីរអង្គភាព និងក្រុង ស្រុកទាំង៩នៅក្នុងខេត្ត ដើម្បីឆ្លើយតបការដាក់ចេញនូវអភិក្រមទាំង៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាដើម្បីចូលរួមបម្រើប្រជាពលរដ្ឋកាន់តែប្រសើរឡើងនៅតាមមូលដ្ឋាន។ លោកបញ្ជាក់ថា «ចំណាត់ការរបស់ឯកឧត្តមខេត្តនេះ ​ដើម្បីកុំឲ្យមន្រ្តីជិះសេះលែង ដៃតទៅទៀត»

ចំពោះចំណាត់ការនេះ អភិបាលខេត្តរតនគិរី បានណែនាំដល់មន្រ្តីរាជការទាំងអស់ ត្រូវខិតខំធ្វើការខ្លាំងឡើងក្នុងនោះ និងជាពិសេសត្រូវសហការផ្ទៃក្នុងឲ្យបានល្អ និងចុះដោះស្រាយបញ្ហាជាក់ស្តែងជូនប្រជាពលរដ្ឋ ដែលត្រូវការដំណោះជាការចាំបាច់៕