(បាត់ដំបង)៖ ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាជាតិ ដឹកនាំដោយលោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានជួបប្រជុំជាមួយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីស្ថានភាពការងារទូទៅរបស់ខេត្ត និងពិភាក្សាការងារប្រឈម នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានចូលរួមពីសមាជិករាជរដ្ឋាភិបាល តំណាងក្រសួងពាក់ព័ន្ធនានា គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ថ្នាក់ដឹកនាំជំនាញនានា ក្នុងរចនាសម្ព័ន្ធសាលាខេត្តចូលរួមផងដែរ។

បន្ទាប់ពីការណែនាំឲ្យស្គាល់ពីសមាសភាពរវាងភាគីទាំង២រួចមក លោក ងួន រតនៈ អភិបាលខេត្ត បានរាយការណ៍ជូនអង្គប្រជុំ ដោយរៀបរាប់ពីលក្ខណៈភូមិសាស្រ្ត ប្រជាពលរដ្ឋ ការប្រកបរបរ អាជីវកម្ម វិនិយោគ កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង។

លោក ងួន រតនៈ បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត បានអនុវត្តន៍ការងារលើគ្រប់វិស័យ ក្រៅពីការកសាងសមិទ្ធិផលផ្សេងៗ មានការរីកចម្រើនហើយ រដ្ឋបាលខេត្ត បានបម្រើការងារផ្សេងៗជាច្រើនទៀត ជូនប្រជាពលរដ្ឋ និងបានផ្សព្វផ្សាយជូនដំណឹងពីការងារថ្មីៗ ឲ្យពួកគាត់បានដឹងយកទៅអនុវត្តន៍ ព្រមទាំងជួយសម្រួលបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគិននៅក្នុងខេត្ត ទាំងវិនិយោគិនបរទេស វិនិយោគិនក្នុងស្រុក ពិសេសវិស័យកសិកម្ម កសិឧស្សាហកម្ម និងសេវ៉ាកម្មផ្សេងៗជាច្រើនទៀត។

នាឱកាសនោះដែរ លោក ជា វ៉ាន់ដេត ចង់ដឹងពីលទ្ធផលការងារ និងបញ្ហាប្រឈមរបស់មន្ទីរពាក់ព័ន្ធក្នុងខេត្ត ក្នុងនោះលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបកស្រាយពីការងារបានអនុវត្តន៍កន្លងមក ជូនអង្គប្រជុំយ៉ាងក្បោះក្បាយ ដោយបានបញ្ជាក់ពីសក្តានុពលការងារកសិកម្ម របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមមួយចំនួន និងសំណូមពរដល់អង្គប្រជុំជួយដោះស្រាយផងដែរ។

លោក ជា វ៉ាន់ដេត បានបញ្ជាក់ផងដែរថា ក្នុងនាមគណៈកម្មការទី៣នៃរដ្ឋសភាជាតិ បាននាំរាល់សំណូមពរ របស់មន្ទីរជំនាញជួយ និងអន្តរាគមន៍សម្របសម្រួលដោះស្រាយ រវាងថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយណា ដែលអាចធ្វើទៅបាន។

លោក អ៊ូ ស្រ៉ី អនុប្រធានគណៈកម្មការក៏ចង់ដឹងពីទីកន្លែងសត្វឃាតដ្ឋាន នៅក្នុងខេត្តមានប៉ុន្មានកន្លែង មានលក្ខណៈសមរម្យហើយឬនៅ? ការយកភាស៉ីផ្សារទូទៅក្នុងខេត្ត មានការអនុវត្តសមរម្យតាមសៀវភៅបន្ទុក ត្រឹមត្រូវដែរឬទេ ?

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត បានបកស្រាយជូនអង្គប្រជុំថា ចំពោះទីតាំងសត្វឃាត ក្នុងខេត្តមានចំនួន១៤ក្រុង-ស្រុក ដោយមន្រ្តីម្នាក់តែងតាំងដោយរដ្ឋមន្រ្តី ជាអ្នកទទួលខុសត្រូវតាមក្រុង-ស្រុករបស់ខ្លួន ចំពោះការចល័តសត្វ មានបញ្ហាប្រឈមខ្លះដោយសារខេត្តបាត់ដំបង ជាខេត្តនៅជាប់ព្រំដែន។

លោក ងួន រតនៈ បានជម្រាបជូនអង្គប្រជុំថា ការងារយកភាស៉ីផ្សារ គឺផ្សាររដ្ឋនិងផ្សារឯកជនហើយការដើរយកភាស៉ីផ្សារ មានបញ្ហាតិចតួច តែមិនមានអ្វីធ្វើឲ្យប៉ះពាល់អ្វីធំដុំនោះទេ ហើយពុំមានការលុបចោលអាជ្ញាប័ណ្ណណាមួយនោះឡើយ។

លោក ងួន រតនៈ បានឲ្យដឹងទៀតថា តួលេខការនាំអង្ករចេញ លោកមិនបានដឹងច្បាស់លាស់ទេ គ្រាន់តែដឹងតាមព័ត៌មានថា ការនាំអង្ករចេញទៅបរទេស បានច្រើនជាងគេ ចំពោះរោងចក្រស៉ីម៉ងត៍នៅខេត្តបាត់ដំបង បាននិងកំពុងអនុវត្តន៍បានល្អប្រសើរ។

លោក អ៊ូ ស្រ៉ី ចង់ដឹងពីការនាំចេញដំណាំកសិផលផ្សេងៗ និងនាំចូលនូវបន្លែផ្លែឈើពីប្រទេសថៃ ត្រូវតែមានការត្រួតពិនិត្យត្រឹមត្រូវ របស់សមត្ថកិច្ចតាមព្រំដែនដែរទេ? បើតាមសេចក្តីណែនាំរបស់សម្តេចតេជោ បានប្រកាសនាពេលថ្មីៗនេះថា នៅតាមបន្ទាត់ព្រំដែន ទុកតែស្ថាប័ន២បានហើយ គឺស្ថាប័នគយ និងនគរបាលអន្តោប្រវេសន៍ ក្រៅពីនោះត្រូវដកចេញទាំងអស់។

បន្ទាប់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបកស្រាយថា វិស័យធនធានទឹក ទោះជាមានអាងស្តុកទឹកមួយចំនួនហើយក៏ដោយ តែការផ្គត់ផ្គង់ទឹកសម្រាប់បង្ហូរទឹក ជូនប្រជាពលរដ្ឋស្រោចស្រពស្រែចម្ការ ពុំទាន់បានបំពេញតាមតំរូវការ របស់ប្រជាពលរដ្ឋឡើយ ក្នុងនោះដោយសារតែប្រជាពលរដ្ឋ ធ្វើស្រែលើសផែនការ ដោយខ្លះធ្វើ១ឆ្នាំ២ទៅ៣ដង មូលហេតុស្រូវលក់បានថ្លៃ នេះជាបញ្ហាប្រឈមផងដែរ។ តែអាងស្តុកទឹកពហុបំណងសេកសកបាត់ដំបង មានវ៉ារីអគ្គីសនីផ្គត់ផ្គង់ក្នុងខេត្តបានមួយចំនួនធំ។ មន្ទីរជំនាញកំពុងតែមានគម្រោង ធ្វើពង្រីកប្រឡាយមេ អាងស្តុកទឹកនៅតាមបណ្តាស្រុកមួយចំនួន ដើម្បីផ្គត់ផ្គង់ទឹកបន្តទៀត ដើម្បីបំពេញតម្រូវការស្រោចស្រពដីស្រែចម្ការ របស់ប្រជាពលរដ្ឋនាពេលអនាគត។

ប្រធានមន្ទីរធនធានទឹកបានបន្តថា ទោះមានអាងស្តុកទឹកតូចធំច្រើនជាងមុនក៏ដោយ តែបញ្ហាប្រឈមក្នុងការបង្ហូរទឹក គឺបង្ហូរទឹកបានតែចម្ងាយជិត ឬមានកម្រិត គឺមិនអាចបង្ហូរទឹកតាមប្រឡាយ ទៅកន្លែងឆ្ងាយបាននោះទេ។

ប្រធានគណៈកម្មការថ្លែងថា គម្រោងរបស់វិស័យផ្សេងៗ ពិសេសវិស័យធនធានទឹកគឺមានខ្នាតធំៗ តែកញ្ចប់ថវិកាមានតិចតួច មិនអាចធានាការចំណាយ ក្នុងការអនុវត្តការងារបន្ត ដោយជួបការលំបាក លោកនឹងទទួលយកព័ត៌មាននេះ ទៅរាយការណ៍ជូនថ្នាក់លើជ្រាបផងដែរ។

ការពិក្សាសួរដេញដោលរវាងភាគីទាំង២ ធ្វើឲ្យគណៈកម្មការទី៣នៃរដ្ឋសភាជាតិ បានដឹងច្បាស់លាស់ពីភាពរីកចម្រើន លើគ្រប់វិស័យលើទឹកដីខេត្តបាត់ដំបង និងមានបញ្ហាប្រឈមដែលត្រូវរួមគ្នា ដោះស្រាយនៅពេលក្រោយផងដែរ៕