(ភ្នំពេញ)៖ លោក គួច ម៉េងលី បានថ្លែងថា ដោយសារតែស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែខ្ពស់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាសំណូមពរជាច្រើន ពីសំណាក់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម បានធ្វើឲ្យលោកខិតខំប្រឹងប្រែងពង្រីកខ្លួនបង្កើតសាលាឯកជនឲ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាល។

លោកថ្លែងទៀតថា កត្តាទាំងអស់នេះហើយ ធ្វើឲ្យវិស័យអប់រំឯកជនរបស់លោក ដែលត្រូវបានបង្កើតឡើងឆ្នាំ២០០៥ កាន់តែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលចាប់ផ្តើមដំបូង មានសិស្សត្រឹមតែ៤នាក់ប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនសិស្សកើនឡើងដល់ជាង១,១០០០នាក់។

លោក គួច ម៉េងលី ដែលជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីអំពី ការពង្រីកសាខាថ្មី នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសង្កាត់ចោមចៅ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារតម្រូវការខ្ពស់ពីលោកឪពុកអ្នកម្តាយ ហើយដោយសារយល់ឃើញថា បច្ចុប្បន្នភាពនេះ ប្រទេសខ្មែរយើងមានស្ថិរភាពល្អ សេដ្ឋកិច្ចនៅតាមតំបន់ នានាមានការលូតលាស់ មានការអភិវឌ្ឍទាំងបរិមាណប្រជាជន និងសេដ្ឋកិច្ចជាតិ។ ចោមចៅ គឺជាកន្លែងមួយដែលមិនខុសពីកន្លែងនានាទេ គឺជាតំបន់ដែលពោរពេញដោយសក្តានុពល ហើយជាតំបន់យុទ្ធសាស្ត្រមួយ ដែលខ្ញុំបានគិតដល់ហើយមើលឃើញ»

លោកបន្តថា «យើងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការពង្រីកសាខា។ ចោមចៅ គឺជាទីតាំងយុទ្ធសាស្រ្តមួយរបស់យើងក្រៅពីសាខាម៉ៅសេទុង សាខាទួលគោក និងសាខាចាក់អង្រែ។ នៅតំបន់នោះ និងតំបន់ជុំវិញចោមចៅ កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យមានកំណើនប្រជាជន និងសំណង់អគារធំៗជាច្រើន កំពុងរើកដុះដាល»

បើតាមលោក គួច ម៉េងលី មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្នមាន៣ទីតាំងគឺ ការិយាល័យកណ្តាល ស្ថិតនៅតាមបណ្តោយ មហាវិថីម៉ៅសេទុង, សាខាទួលគោក ស្ថិតនៅផ្លូវលេខ២៨៩ និងសាខាចាក់អង្រែ ស្ថិតនៅផ្លូវជាតិលេខ២។ លោកថា ក៏គ្រោងនឹងពង្រីកសាខាថ្មីៗបន្ថែមទៀត នៅផ្សារថ្មី ទួលសង្កែ សែនសុខ ច្បារអំពៅ ជ្រោយចង្វារ ទឹកថ្លា ភ្នំពេញថ្មី ទេពផន ព្រែកភ្នៅ។

លោក គួច ម៉េងលី បានគូសបញ្ជាក់ដែរថា សាខាសែនសុខនឹងក្លាយជាសាខាពិសេសជាងគេ ដែលមានទំហំដី៣ហិកតា ព្រមទាំងមានទីតាំងលេងកីឡា និង MJQ Square​ ផងដែរ។ ក្រៅពីនៅក្រុងភ្នំពេញ លោកក៏មានទីតាំងយុទ្ធសាស្ត្រ ដែលនឹងត្រូវបើកនៅតាមខេត្តដែរ ដូចជា កំពង់ស្ពឺ កំពង់ចាម សៀមរាប និងបាត់ដំបង។

សូមជំរាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានទទួលពានរង្វាន់ និងការទទួលស្គាល់គុណភាពអន្តរជាតិមួយចំនួន គឺពាន់រង្វាន់ទទួលស្គាល់ជាអន្តរជាតិ ទៅលើគុណភាព ឧត្តមភាព ការចូលរួមចំណែកក្នុងសង្គម (CSR) ភាពជាអ្នកដឹកនាំពីប្រទេសនានាជាច្រើនដូចជា៖ ប្រទេសសិង្ហបុរី ប្រទេសបារាំង សហព័ន្ធអារ៉ាប់ ប្រទេសស្វីស សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ប្រទេសប្រេស៊ីល ហុងកុង និងប្រទេសប្រ៊ុយណេផងដែរ៕