(ស្ទឹងត្រែង​)៖ នៅថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០១៩​ ក្រោយការធ្វើបទអន្តរាគមន៍​ និងពិភាក្សា​យ៉ាងផុលផុស​អស់រយៈពេល១ថ្ងៃកន្លះ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អង្គសិក្ខាសាលាស្តីពី «ការត្រួតពិនិត្យគ្រឿងញៀនទិសឥសាន្ត​ និងការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់​ ស​ គ្មាន​គ្រឿងញៀន» ​បានបិទបញ្ចប់ក្រោមវត្តមាន អ្នកចូលរួមអ្នកពាក់ព័ន្ធសរុបចំនួន២៥០នាក់​។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ «បញ្ហាគ្រឿងញៀន គឺជាបញ្ហាសង្គមមួយដ៏ស្មុគស្មាញ ដែលយើងមិនអាចធ្វើការដោះស្រាយ ដោយពឹងផ្អែក​តែលើ​សមត្ថកិច្ចណាមួយ ឬ អាជ្ញាធរ នៅថ្នាក់ណាមួយបានឡើយ។ ការដោះស្រាយបញ្ហាគ្រឿងញឿន ត្រូវតែមានការចូលរួមពីគ្រប់សមាសភាពសង្គម ដោយចាប់ផ្តើមពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អង្គភាព ដោយមានយន្តការ​ច្បាស់លាស់នៅក្នុងមូលដ្ឋាន និងធ្វើការងារជាពហុវិស័យ»។

ក្នុងឱកាសនោះ​ដែរ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឆ្លងតាមលទ្ធផល នៃអង្គសិក្ខា​សាលា​ ដើម្បីលើកកម្ពស់ការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុងអាណត្តីទី៦ នៃរាជរដ្ឋាភិបាល កាន់តែមាន​ប្រសិទ្ធភាព បានដាក់ចេញនូវការណែនាំដូចខាងក្រោម៖

*ទី១៖ ខេត្តនីមួយៗ ត្រូវរៀបចំឱ្យមាន​ផែនការប្រតិបត្តិការ​ត្រួត​ពិនិត្យ​​គ្រឿងញៀន និងដាក់ឱ្យអនុវត្តជាប្រចាំពីថ្នាក់ខេត្ត ដល់ភូមិ-ឃុំ/ សង្កាត់​។ ផែនការនេះត្រូវមានខ្លឹមសារ និង​សកម្មភាពឆ្លើយតប ជាពហុវិស័យស្របតាមយុទ្ធសាស្រ្តទាំង៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
*ទី២៖ ខេត្តនីមួយៗ ត្រូវរៀបចំយន្តការ និងរចនាសម្ព័ន្ធ​ប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន ច្បាស់លាស់ចាប់ពីថ្នាក់ខេត្ត ក្រុង/ស្រុក សង្កាត់/ឃុំ ( មូលដ្ឋាន ) ឱ្យស្របតាមខ្លឹមសារ​បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពី ការពង្រឹងវិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន
*ទី៣៖ ខេត្តនីមួយៗ ត្រូវរៀបចំ និងពង្រឹងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពឱ្យមានលទ្ធភាព និងសមត្ថភាពអាច​ទទួលព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនដោយផ្អែក​លើសហគមន៍។ ខេត្តក៏ត្រូវរៀបចំយន្តការគាំទ្រ ចំពោះដំណើរ​​​​ការព្យាបាលនេះផងដែរ។
*ទី៤៖ អង្គភាពអនុវត្តច្បាប់ ត្រូវធ្វើការពង្រឹង​ប្រសិទ្ធភាព​ស៊ើប​អង្គេត ភាពស្មោះត្រង់នឹងវិជ្ជាជីវៈ ​ដល់មន្រ្តី​អនុវត្តច្បាប់​គ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ព្រោះកិច្ចការនេះ ជាកត្តា​ចំបង​ក្នុងកិច្ចប្រតិបត្តិការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
*ទី៥៖ គ្មានកិច្ចសហការល្អរវាងកម្លាំងក្នុងសង្គម ឬកម្លាំងនៅ​មូលដ្ឋាន គឺគ្មានជោគជ័យ ឬគ្រាន់តែជាជោគជ័យ​បណ្តោះ​អាន្ន ហេតុនេះត្រូវពង្រីក និងកៀគរឱ្យមានការចូលរួម​នូវ​កម្លាំង​សរុប មធ្យោបាយសរុប នៅក្នុងមូលដ្ឋាន ទាំងសង្គម​ស៊ីវិល ទាំងប្រជាពលរដ្ឋ ទាំងដៃគូ គឺចូលរួមជា​ធ្លុងមួយ​រាល់ខ្លឹមសារ នៃការអនុវត្តផែនការប្រតិបត្តិនៅថ្នាក់ ( ស្រុក/​ក្រុង ឃុំ/សង្កាត់ និង ភូមិ)។
*ទី៦៖ ខេត្តជាប់ព្រំដែនទាំងអស់ ត្រូវចាប់ផ្តើមជ្រើសរើស​ភូមិ ឃុំ/សង្កាត់ ជាប់ព្រំដែន រៀបចំធ្វើជាភូមិ ឃ/សង្កាត់ ស គ្មានគ្រឿងញៀន ព្រោះកិច្ចការនេះជាមួយព្រះរាជាណា​ចក្រ​ថៃ គឺត្រូវបានប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ​ឯកភាពគ្នាជាគោលការណ៍រួចហើយ។ ជាមួយឡាវ សម្តេច​ក្រឡាហោម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តី​ក្រសួង​សន្តិសុខសារធារណៈឡាវ ក៏បានព្រមព្រាងគ្នាដែរ។ ត្រូវរៀបចំការងារថ្នាក់ខេត្ត ក្រុង/ស្រុក ដើម្បីជួយការងារ និងគាំទ្រដល់ភូមិ ឃុំសង្កាត់ ស គោលដៅនានា។
*ទី៧៖ ថ្នាក់ជាតិ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវ​សម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​ទាំងអស់ ជួយខេត្តក្នុងការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់​ក្រោម​​​​ជាតិ​ទាំងអស់ទាំងសម្រាប់ការអនុវត្តខ្លឹមសារបទ​បញ្ញា​លេខ ០១​ បប ចុះថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦​របស់រាជរដ្ឋាភិបាល និង​ការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់​ ស ​គ្មានគ្រឿងញៀន សម្រាប់គ្រប់ខេត្តជាប់ព្រំដែន។
*ទី៨៖ ខេត្ត ក្រុង ស្រុក ត្រូវរៀបចំក្រុមការងារមួយ ជួយ​គាំទ្រដល់ដំណើរការ អនុវត្តភូមិ-ឃុំ សង្កាត់ ស គ្មាន​គ្រឿងញៀន។
*ទី៩៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជួយ​សម្រប​សម្រួល និងផ្តល់នូវសម្ភារផ្សព្វផ្សាយ អប់រំ ក្នុងជំហាន​ដំបូង នៃការ​ចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិ និងផែនការ ភូមិ-​​ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន។

ក្នុងឱកាសដ៏ថ្លៃថ្លា​នេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់នូវគ្រឿងឥស្សរិយយស​ ប័ណ្ណសរសើរ និងផ្តល់ថវិកា​រលើកទឹកចិត្តផងដែរ៕