(ភ្នំពេញ)៖ ចាប់តាំងពីពេលរត់ចេញពីប្រទេសកម្ពុជាជាលើកទី៣ ដើម្បីគេចពីការអនុវត្តន៍ច្បាប់របស់តុលាការកម្ពុជាកាលពីឆ្នាំ២០១៥ លោក សម រង្ស៉ី តែងតែបានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការវិលចូលក្នុងប្រទេសកម្ពុជាវិញ។ តែការប្តេជ្ញា និងសន្យារបស់លោក សម រង្ស៉ី ដែលបានផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងដល់អ្នកគាំទ្ររបស់ខ្លួននោះ ត្រូវបានប្រែជារលាយសូន្យដូចអំបិលត្រូវទឹក ព្រោះអ្នកក្លាហាន សម រង្ស៉ី មិនបានគោរពសន្យានោះឡើយ។

នៅឆ្នាំ២០១៥ លោក សម រង្ស៉ី ក្នុងជំនួបជាមួយអ្នកគាំទ្រនៅក្រៅរួមទាំងពលករនៅកូរ៉េខាងត្បូងផងថា នឹងវិលចូលស្រុកខ្មែរវិញ បើទោះបីត្រូវប្រឈមវិធានការកងកម្លាំងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលយ៉ាងណាក្តី។ ការប្តេជ្ញានោះធ្វើឲ្យអ្នកគាំទ្របាននាំគ្នាទះដៃសាទរយ៉ាងកងរំពង កោតសរសើរនូវភាពអង់អាចក្លាហានរបស់លោក សម រង្ស៉ី។ តែពួកគេក៏រងការអស់សង្ឃឹមមួយដងព្រោះក្រោយសន្យានោះលោក សម រង្ស៉ី បានឡើងយន្តចាកចេញពីកូរ៉េខាងត្បូង តែមិនមែនហោះហើរមកកម្ពុជាទេ គឺហោះហើរទៅប្រទេសបារាំងទេតើ។

លុះឆ្នាំ២០១៦ ២០១៧ និង២០១៨ ក៏បានសន្យាជាបន្តបន្ទាប់ទៀតថា នឹងវិលត្រឡប់ចូលកម្ពុជាឲ្យបាន ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា ឆ្នាំ២០១៨ផងដែរ។ ការសន្យារបស់លោក សម រង្ស៉ី នៅឆ្នាំ២០១៦ ២០១៧ និង២០១៨ ក៏ដូចជាគ្នាទៅនឹងឆ្នាំ២០១៥ផងដែរ គឺសន្យាបានត្រឹមតែសន្យា តែបុរស «គង់ហ៊ាន» សម័យថ្មីរូបនេះ មិនបានអនុវត្តន៍តាមការសន្យារបស់ខ្លួននោះឡើយ។

មកដល់ឆ្នាំ២០១៩នេះ គឺជាឆ្នាំទី៥ហើយ ដែលទណ្ឌិត សម រង្ស៉ី ប្រកាសបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនថា វិលត្រឡប់មកកាន់ប្រទេសកម្ពុជាឲ្យបាននៅក្នុងកំឡុងខែមីនាខាងមុខ។ ការសន្យាជាថ្មីរបស់ទណ្ឌិតរត់ចោលស្រុកខ្លាចគុករូបនេះ កំពុងតែផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងដល់អ្នកគាំទ្ររបស់ខ្លួនមួយចំនួនទាំងនៅក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងការប្រកាសវិលចូលស្រុកទណ្ឌិត សម រង្ស៉ី ដែលតាំងខ្លួនជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិ ក៏កំពុងដើរធ្វើយុទ្ធនាការស្វែងរកថវិកា ដើម្បីវិលចូលស្រុកផងដែរ។

ដំណើរវិលចូលស្រុកនេះ គឺលោក សម រង្ស៉ី គ្រោងចំណាយថវិការហូតដល់ទៅ៣០ម៉ឺនដុល្លារអាមេរិកឯណោះ។ អ្នកតាមដានស្ថានការណ៍នយោបាយកំពុងរង់ចាំមើលយ៉ាងអន្ទះសារជាទីបំផុតថា តើឆ្នាំ២០១៩នេះ ជាការប្តេជ្ញាចិត្តចុងក្រោយរបស់លោក សម រង្ស៉ី ក្នុងការវិលត្រឡប់មកស្រុកខ្មែរវិញឬយ៉ាងណា?

ទន្ទឹមនឹងការទន្ទឹងរង់ចាំនេះ ក៏មានសាធារណៈមតិមួយចំនួនបានសន្និដ្ឋាន និងលើកឡើងរួចទៅហើយថា យោងទៅតាមការសន្យាចំនួន៤ឆ្នាំកន្លងមក រួមជាចរិតកំសាកញីពីធម្មជាតិផងនោះ គឺច្បាស់ណាស់ថា ទណ្ឌិតរូបនេះ នឹងគ្មានថ្ងៃវិលត្រឡប់ចូលស្រុកខ្មែរតាមការសន្យារបស់ខ្លួននោះឡើយ។ ការសន្យានេះគ្រាន់តែជាគោះប៉ោត ទូងស្គរបង្អើលត្រីចូលទ្រូតែប៉ុណ្ណោះ៕