(ភ្នំពេញ)៖ លោកស្រី ឈឹមពៅ សុកាន់ឌី បានក្លាយជាអគ្គនាយិកាស្រ្តីដំបូងគេ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្នុងរយៈពេល៤០ឆ្នាំមកនេះ។ លោកស្រី ឈឹមពៅ សុកាន់ឌី ត្រូវបានរាជរដ្ឋាភិបាល សម្រេចតែងតំាងជាអគ្គនាយិកាថ្មី នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បន្ទាប់ពីលោក ទន់ សារ៉ាត ត្រូវបានទៅបំពេញភារៈកិច្ចថ្មី ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសតែងតំាងជាផ្លូវការ លោកស្រី ឈឹម ពៅសុកាន់ឌី ជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន បន្ទាប់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។

ក្នុងពិធីប្រកាសចូលកាន់ដ៏សែនមហោឡារឹកនេះ លោក ខៀវ កាញារីទ្ធ បានសម្តែងការអបអរសាទរចំពោះលោកស្រី ឈឹមពៅ សុកាន់ឌី ដែលត្រូវបានតែតំាងជាអគ្គនាយិកាវិទ្យុជាតិកម្ពុជា។

លោកបានបញ្ជាក់ថា កន្លងមកនេះ លោកស្រី ឈឹមពៅ សុកាន់ឌី បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការបំរើអង្គភាពវិទ្យុជាតិកម្ពុជា ឲ្យសម្រេចបានសមិទ្ធិផលធំៗជាច្រើន ជូនជាតិមាតុភូមិ ពិសេសការបំរើតាមតម្រូវការ របស់ប្រិយមិត្តអ្នកស្តាប់វិទ្យុជាតិកម្ពុជា ដូចជា កម្មវិធីព័ត៌មាន និងការកម្សាន្តនានា។

លោកថា «ថ្ងៃនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដោយសារយើងបានបំពេញឡើងវិញនូវអត្រា២ភាគ៥ ដែលយើងតែងតែកំណត់ថា ក្នុងថ្នាក់ដឹកនាំគឺឲ្យមាននារី ហើយយើងមានអគ្គនាយក៥ តែងតែមាននារី ហើយទន្ទឹមនោះគឺជាការខិតខំ លើកកម្ពស់តួនាទីរបស់នារីទំាងនៅក្នុងសង្គមជាតិទំាងមូល ទំាងនៅក្នុងប្រព័ន្ធ ឃោសនាយើងដោយឡែក»

លោកស្រី ឈឹមពៅ សុកាន់ឌី ដែលត្រូវបានតែងតាំងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារក្នុងតួនាទី មុខងាររបស់ខ្លួនឲ្យបានល្អប្រសើរ ក្រោមការដឹកនាំរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីនឹងជំរុញឲ្យមន្រ្តី និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាវិទ្យុជាតិកម្ពុជា គ្រប់នាយកដ្ឋានមានកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាអភិវឌ្ឍន៍អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឲ្យកាន់តែរីកចំរើន ហើយប្រកួតប្រជែងបានជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើបៗ ដ៏សម្បូរបែបដែលកំពុងកើតមានឡើង ជាមួយវិទ្យុឯកជននានា។

លោកស្រីបន្តថា «នាងខ្ញុំយល់យ៉ាងច្បាស់ណាស់ថា ការទទួលបាននូវតួនាទីថ្មី ជាអ្នកដឹកនាំស្ថាប័នមួយ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ប៉ុន្តែការដឹកនាំឲ្យស្ថាប័ននោះ ប្រព្រឹត្តទៅដោយជោគជ័យ គឺកាន់តែសំខាន់ជាងនេះទៅទៀត»

សូមបញ្ជាក់ថា លោកស្រី ឈឹមពៅ សុកាន់ឌី ត្រូវបានចូលបំរើការងារដំបូងនៅការសែតប្រជាជន ហើយបានផ្ទេរមកបំរើការងារ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅដើមទសវត្ស៩០។ ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ លោកស្រី បានខិតខំបំពេញការងារ នៅក្នុងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាយ៉ាងសកម្ម ហើយត្រូវបានថ្នាក់ដឹកនាំផ្តល់តួនាទីជាបន្តបន្ទាប់ រហូតក្លាយជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៕