(ភ្នំពេញ)៖ លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ជាមួយនឹងសក្តានុពល នៃអច្ឆរិយភាពជាច្រើនដូចជា៖ ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក សម្បត្តិបេតិកភណ្ឌ ទាំងរូបី និងអរូបី ធនធានធម្មជាតិឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រស់ទន្លេមេគង្គ ម្ហូបអាហារប្រពៃណីរស់ឆ្ងាញ់ ប្រពៃណីរស់នៅប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិ របស់ប្រជាជនកម្ពុជា ស្របនឹងការប្រសិទ្ធនាម «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្តៅ» ។

លោក សូ វិសុទ្ធី បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍ របស់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

ពិធីនោះដែរក៏មានការចូលរួមពីលោក Zhou Anwei អគ្គនាយកផែនការទេសចរណ៍ នៃមន្ទីទេសចរណ៍ វប្បធម៍ វិទ្យុ ទូរទស្សន៍ និងកីឡា ខេត្តហៃណាន លោក FU FENG HUA នាយករងកិច្ចការទីផ្សារអន្តរជាតិ នៃមន្ទីទេសចរណ៍ វប្បធម៍ វិទ្យុ ទូរទស្សន៍ និងកីឡា ខេត្តហៃណាន លោក ស សារិន អគ្គលេខាធិការសមាគមន៍ ទីភ្នាក់ងារទេសចរកម្ពុជា CATA រួមទាំងភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។

លោកបានថ្លែងបន្តថា ដោយមានសក្តានុពលទេសចរណ៍ដ៏ល្អក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួន ៦.២លាននាក់ កើនឡើង១១ភាគរយ ក្នុងនោះទេសចរចិនមានចំនួនជាង ១.៩លាននាក់ កើនឡើង៧០ភាគរយ ដែលឈរក្នុងលំដាប់ទី១ នៃទីផ្សារអាទិភាពទាំង១០របស់កម្ពុជា។ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់ ក្នុងនោះមានទេសចរចិនជាង ៣លាននាក់ ដោយនាំចំណូលប្រមាណ៥ពាន់លានដុល្លារ និងបង្កើតការងារប្រមាណ ១លានកន្លែង ហើយនៅក្នុងឆ្នាំ២០៣០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ១៥លាននាក់ ដែលនឹងនាំមកនូវចំណូលប្រមាណ ១០ពាន់លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ២លានកន្លែង។

លោកបានឱ្យដឹងទៀតថា ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ទេសចរចិន ក៏ដូចជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់ និងវិថី ក្រសួងទេសចរណ៍បានរៀបចំ ផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិន (២០១៦ ២០២០) ជាពិសេសតាមការដាក់ចេញនូវសៀវភៅសស្ដីពី china ready សម្រាប់ទេសចរចិន ដែលស្របទៅនឹង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ទេសចរណ៍អាស៊ាន (២០១៥ ២០២៥) និងគម្រោងបង្កើតមជ្ឈមណ្ឌលកម្ពុជា-ចិន ដើម្បីត្រៀមទទួលទេសចរចិនជាង ៣លាននាក់នៅឆ្នាំ២០២០។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្នដើម្បីសម្រួលការធ្វើដំណើរ កម្ពុជាបានផ្ដល់ទិដ្ឋការច្រើនប្រភេទដល់ទេសចរចិន ដូចជាទិដ្ឋការពេលមកដល់ ទិដ្ឋាការអេឡិចត្រូនិច និងទិដ្ឋការចេញចូលច្រើនដង សម្រាប់រយៈពេល១ទៅ៣ឆ្នាំ ជូនទេសចរ និងវិនិយោគិនចិន ហើយទន្ទឹមនឹងការសម្របសម្រួលបដិសណ្ឋារកិច្ច និងសេវាកម្មដល់ទេសចរចិន កម្ពុជាក៏មានជើងហោះហើរត្រង់ Charted Flight ពីទីក្រុងធំៗ ជាច្រើនរបស់ចិនផងដែរ ដូចជា ទីក្រុង Beijing សៀងហៃ ហុងកុង ជាំងស៊ូ Xiamen សរុបចំនួន ១៨១ជើងក្នុងមួយសប្តាហ៍ ដោយរាជធានីភ្នំពេញមាន៧៦ជើង សៀមរាប ៩៣ជើង និងខេត្តព្រះសីហនុមាន១២ជើងផងដែរ។

លោក Zhou Anwei បានឱ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះ ទេសចរណ៍ហៃណាន បានបង្កើតនៅទេសចរណ៍ថ្មីៗ ដូចជា ទេសចរណ៍សមុទ្រ ទេសចរណ៍កម្សាន្តទេសចរណ៍វប្បធម៌ ទេសចរណ៍ជនបទ ទេសចរណ៍ពិព័រណ៍ ទេសចរណ៍តំបន់ព្រៃធម្មជាតិ ទេសចរណ៍ទីក្រុងពិសេស ដំណើរកំសាន្តទិញឥវាន់ ទេសចរណ៍ឧស្សាហសកម្ម ទស្សនៈកិច្ចពិសេស និងទេសចរណ៍ក្រេបទឹកឃ្មុំ លើពីនេះទៅទៀតយើងមានទេសចរណ៍កប៉ាល់ ​និងមានទីលានវាយកូនហ្គោល ហើយនៅពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការវិនិយោគបន្ថែមទេសចរណ៍ថ្នាក់ខ្ពស់ និងទំនើបផងដែរ៕