(កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោក ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បាននាំយកធុងចម្រោះទឹកស្អាតចំនួន៨៥០ធុង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅប្រគល់ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកកងមាស និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន៨៥០គ្រួសារ ដើម្បីចូលរួមចំណែក ដល់ការដោះស្រាយបញ្ហាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកទាំងពីរនេះ។

លោក ប៉ៃ សំបូរ បានថ្លែងអំណរគុណក្រុមហ៊ុន Huawei Cambodia ដែលបានឧបត្ថម្ភជាធុងចម្រោះទឹកស្អាត ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាកង្វះខាតទឹកស្អាត តាមរយៈ វ.ស.ស.។ ជំនួយឧបត្ថម្ភនេះ គឺជាផ្នែកមួយក្នុងការទទួលខុសត្រូវដល់សង្គមរបស់ក្រុមហ៊ុន Huawei Cambodia​ ដែលជាក្រុមហ៊ុនមានការច្នៃប្រឌិតខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ ឧស្សាហកម្មបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មានវិទ្យា​ (ICT) នៅក្នុងប្រទេសកម្ពុជា។

វ.ស.ស. តែងតែសម្របសម្រួលការងារជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីកៀរគរជំនួយសម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ដែលឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែង របស់ប្រជាជននៅមូលដ្ឋានស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន៕