(ភ្នំពេញ)៖ នៅលើកំណាត់ផ្លូវបេតុងមួយកន្លែង កំពុងរងការខូចខាតយ៉ាងដំណំ ដោយសារការបាក់ស្រុត បណ្ដាលឲ្យកើតមានជាជង្ហុកដ៏ធំមួយ ដែលតភ្ជាប់ចាប់ពីផ្លូវលេខ១៨០០ រហូតដល់ផ្លូវបុរីអង្គរភ្នំពេញ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌ បានចាត់ឲ្យកម្លាំងប្រជាការពារ នាំយកសម្ភារសំណង់ (ខ្សាច់ គ្រោះថ្ម ស៊ីម៉ង់ត៌) ដើម្បីលាយចាក់ជាបេតុង ជួសជុលលប់បំបាត់ចោលភ្លាមៗ រួចរាល់ជាស្ថាពរ។

លោក ជា ពិសី បានបញ្ជាក់ថា ការចាត់ឲ្យកម្លាំងប្រជាការពារ ចុះជួសជុលផ្លូវបាក់ស្រុតខាងលើនេះ ធ្វើឡើងដើម្បីទប់ស្កាត់កុំឲ្យខូចខាត កាន់តែធ្ងន់ធ្ងរជាងនេះទៀត ក៏ដូចជា រួមចំណែកកាត់បន្ថយ លើការចំណាយថវិការបស់ជាតិ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ទៅលើប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងកិច្ចប្រជុំ និងក្រៅផ្លូវការក្ដីលោក ជា ពិសី បានលើកឡើងពាក់ព័ន្ធការចាក់ជាបេតុងលប់បំបាត់រាល់ជង្គុកតូចធំ «សំបុកមាន់» គឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់ និងដោះស្រាយជាជំហ៊ានៗ ឥតឈប់ឈរឡើយ និងជួសជុលឲ្យទាល់តែអស់ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាត។

លោកបន្ដថា បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឬជាសំណូមពរពីប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែជាសេវាតម្រូវការចាំបាច់នៅចំពោះមុខមួយ ដែលចាំបាច់ត្រូវមានវិធានការ ធ្វើទៅតាមលទ្ធភាពបណ្ដោះអាសន្ន ជាក់ស្ដែង ដើម្បីឆ្លើយតបឲ្យទាន់សភាពការ ក្នុងការទប់ស្កាត់កុំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះ។

លោក ជា ពិសី បានបន្ថែមទៀត ការធ្វើបែបនេះ ក្នុងគោលបំណងចូលរួមចំណែក កាត់បន្ថយលើការចំណាយថវិការបស់ជាតិ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ទៅលើប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ៕