(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចង្អុលបង្ហាញដល់មន្រ្តីទាំងកម្ពុជា​ និងចិន គប្បីធ្វើយ៉ាងណាឲ្យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩នេះ កាន់តែមានភាពរស់រវើក។

ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យមើលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ មានតាំងពីអតីតកាល ដែលមានចរិកជាប្រវត្តិសាស្ត្រ បន្តរីកចម្រើនកាន់តែខ្លាំងឡើងលើគ្រប់វិស័យ។

ការលើកទឹកចិត្ត និងជំរុញពីសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩​នេះ នៅចំពោះមុខលោក ឡ ស៊ូកាង ( Luo Shugang) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនៅវិមានសន្តិភាព។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ជំនួប លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា លោក ឡ ស៊ូកាង បានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។

លោកថា ក្នុងជំនួបរវាងសម្ដេច ជាមួយប្រធានាធិបតី ស៊ី ជិនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ដោយឡែកក្នុងជំនួបជាមួយលោក លី ខឺឈាំង និងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួននោះ គឺអនុវត្តទៅតាមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធិបតី ស៊ី ជិនពីង។

លោក ឡ បានជម្រាបជូនសម្តេចតេជោដែរថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជាពេលនេះ គឺតាមការអនុញ្ញាតពីលោក ស៊ី ជិនពីង ក៏ដូចជាលោក លី ខឺឈាំង ដើម្បីប្រកាសនូវឆ្នាំវប្បធម៌ និងទេសចរណ៍រវាងចិន និងកម្ពុជា។

ក្នុងន័យនេះដែរ លោកក៏បានគោរពជំរាបរាយការណ៍ ជូនសម្ដេចថា លោកបានសហការ ធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ​ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗ សម្រាប់ឆ្នាំវប្បធម៌ និងទេសចរណ៍​ ឆ្នាំ២០១៩នេះ ដែលរួមមានទាំងការរៀបចំឲ្យមានរបាំ និងសកម្មភាពផ្សេងៗទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ក៏សូមសម្ដែងនូវការគាំទ្រ ចំពោះការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា និងបានចង្អុលបង្ហាញថា គប្បីធ្វើយ៉ាងណាឲ្យឆ្នាំទេសចរណ៍ និងវប្បធម៌ នៃប្រទេសទាំងពីរឆ្នាំ២០១៩នេះ ឲ្យមានភាពរស់រវើក៕