(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ដែលកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន កាលពីយប់ថ្ងៃទី២៣ ខែមករា ត្រូវតំណាងអយ្យការលោក ប្លង់ សុផល ដោះលែងវិញឲ្យទៅផ្ទះវិញហើយ ដើម្បីបានឱកាសកែប្រែខ្លួនព្រោះពួកគេនៅក្មេងៗណាស់។ នេះបើតាមមន្ដ្រីតុលាការថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។

មន្រ្តីតុលាការមួយរូប បានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវលោកព្រះរាជអាជ្ញារង ប្លង់ សុផល ដោះលែងកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នោះរួមមាន៖ ទី១៖ឈ្មោះ ផន ធារ៉ា និងទី២៖ឈ្មោះ ម៉ៅ រីសុខករុណា។

ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោល ឃាត់ខ្លួនកាលពីម៉ោង១០៖៣០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្បែរស្តុបត្រឡោកបែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងចំណុចគោលដៅឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងគ្រឿងស្រវឹង។

នគរបាលមូលដ្ឋានខណ្ឌទួលគោកវិញ បានបង្ហើបថា នៅពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាង ជាគ្រឿងញៀនមួយចំនួនយ៉ាងពិតប្រាកដ ប៉ុន្តែសមត្ថកិច្ចជំនាញពិនិត្យទឹកនោមជនសង្ស័យ គឺគ្មានសារធាតុញៀននោះទេ។

តែសមត្ថកិច្ចក៏ឆ្ងល់ដែរថា បើជនសង្ស័យមិនសេពគ្រឿងញៀន ហេតុអ្វីត្រូវទិញគ្រឿងញៀនទុកនៅជាប់នឹងខ្លួន? ដូច្នេះទើបសមត្ថកិច្ច សម្រេចកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការតាមច្បាប់។

ពាក់ព័ន្ធករណីដោះលែងជនសង្ស័យ ទាំង២នាក់ខាងលើនេះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការមិនទាន់សុំការបញ្ជាក់នូវមូលហេតុពីលោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បាននៅឡើយទេព្រោះ លោកមិនទាន់ឆ្លើយសំណួរដែលបានផ្ញើជូននៅក្នុងគ្រុប Telegram។

យ៉ាងណាក៏ដោយ ការដោះលែងជនសង្ស័យទាំង២នាក់នេះ ត្រូវបានមន្រ្តីលួចបង្ហើបថា ជាចំណាត់ការរបស់ក្រឡាបញ្ជីរបស់លោក ប្លង់ សុផល៕