(ភ្នំពេញ)៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលបានចំណូលពន្ធ-អាករ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) បានចំនួន ៨,៧៩១.៤០ ប៊ីលានរៀល (ប្រមាណ ២,១៩៧.៨៥ លានដុល្លារអាមេរិក) ស្មើនឹង១១៤.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៧ កើន១៣.៣៧%។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ ប្រចាំឆ្នាំ២០១៨ និងសមិទ្ធផល៥ឆ្នាំ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បាន​បង្ហាញ​ថា ក្នុងខែធ្នូ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ​ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៥៧០,០៧ ប៊ីលាន​រៀល (ប្រមាណជា ១៤២,៥២ លានដុល្លារ អាមេរិក) ស្មើនឹង ៧,៤១% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែធ្នូ ឆ្នាំ២០១៧ ឃើញថាកើនឡើងចំនួន ១២៥,៧៧ ប៊ីលានរៀល (ប្រមាណជា ៣១.៤៤ លានដុល្លារអាមេរិក) ស្មើនឹង ២៨.៣១%។

លោកបញ្ជាក់ថា សរុបរយៈពេល១២ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៨,៧៩១.៤០ ប៊ីលានរៀល (ប្រមាណ ២,១៩៧.៨៥ លានដុល្លារអាមេរិក) ស្មើនឹង១១៤.២៧% នៃផែនការប្រចាំឆ្នាំ ដែលក្នុងនោះ ទំហំចំណូលលើសផែនការ មានចំនួន ១,០៩៧.៩០ ប៊ីលានរៀល (ប្រមាណ ២៧៤.៤៧ លានដុល្លារអាមេរិក)។ ប្រសិនបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៧ ឃើញថា ចំណូលពន្ធ-អាករ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៨ កើនឡើងចំនួន ១,០៣៦.៥៩ ប៊ីលានរៀល (ប្រមាណជា២៥៩.១៥ លានដុល្លារអាមេរិក) ស្មើនឹង ១៣.៣៧%។

ជារួមសរុប ក្នុងរយៈពេល៥ចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវកំណើនចំណូលពន្ធ​ ក្នុង​រង្វង់ប្រមាណ ២០% ក្នុងមួយឆ្នាំ ក្នុងនោះឆ្នាំ២០១៤ បានចំនួន៤២៦៧ ប៊ីលានរៀល (១,០៦៧លានដុល្លារ), ឆ្នាំ២០១៥ បាន៥,២១០ ប៊ីលានរៀល (១,៣០២លានដុល្លារ), ឆ្នាំ២០១៦ បាន៦,០១០.៤៨ប៊ីលានរៀល (១,៥០២.៦២លានដុល្លារ), ឆ្នាំ២០១៧ បាន៧,៩០៦.៥២ប៊ីលានរៀល (១,៩៧៦.៦៤លានដុល្លារ) និងឆ្នាំ២០១៨ បាន៨,៧៩១.៤០ប៊ីលានរៀល (២,១៩៧.៨៥លានដុល្លារ)។

សម្រាប់ឆ្នាំ២០១៩នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ​ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេច ឲ្យបានលើសផែនការ ឲ្យបានជាអតិបរិមានោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រអគ្គនាយកដ្ឋានពន្ធដារ បន្តបេសកកម្មរបស់ខ្លួន និងផ្តល់អនុសាសន៍ណែនាំ លើវិធានការ និងទិសដៅ ត្រូវអនុវត្តបន្ត រួមមាន៖

១៖ បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដោយសិក្សារៀបចំ ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើតឲ្យមានមជ្ឈមណ្ឌលរក្សាទិន្នន័យរួម (Big Data) របស់អគ្គនាយកដ្ឋានពន្ធដារ។

២៖ រៀបចំធ្វើបច្ចុប្បន្នភាព និងសិក្សារៀបចំបន្ថែមនូវបទប្បញ្ញត្តិស្ដីពន្ធដារ សម្រាប់គំាទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធ។

៣៖ សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣។

៤៖ ពង្រឹងការអនុវត្តយន្តការនៃការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករ លើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ។

៥៖ បន្តខិតខំកែលម្អការគ្រប់គ្រងប្រមូលបំណុលពន្ធ។
៦៖ ពង្រឹងការយកចិត្តទុកដាក់រៀបចំនីតិវិធីក្នុងការធ្វើសវនកម្ម។

៧៖ បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រងវាយតម្លៃក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស។
៨៖ បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យទាំងអស់នៅរាជធានីភ្នំពេញ និងនៅតាមតំបន់ដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ។

៩៖ បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារនិងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ៕