(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តហាយឡែនឌ័រ ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-7749 និងរថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9886 នៅតាមបណ្ដាយផ្លូវលេខ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយភាគីរថយន្តហាយឡែនឌ័រ ដែលកំពុងធ្វើដំណើរស្របទិសរបស់ខ្លួននៅលើផ្លូវលេខ៥៩២ បានជ្រុលចង្កូតទៅបុករថយន្តឡង់គ្រីស័រ ដែលចតនៅលើផ្លូវ បន្ទាប់ពីព្យាយាមគេចពីម៉ូតូ។ ក្រោយកើតហេតុម្ចាស់រថយន្តហាយឡែនឌ័រ ពាក់ផ្លាកលេខខេមរភូមិន្ទ បានព្រមសងសំណងទៅឲ្យភាគីរថយន្តឡង់គ្រីស័រ ដើម្បីបញ្ចប់បញ្ហា។

បើទោះបីភាគីទាំងពីរបានព្រមព្រៀងបិទបញ្ចប់បញ្ហាក្រៅសំណាញ់ច្បាប់យ៉ាងណាក្តី តែសំណួរជាច្រើនបានផុសឡើងបង្កើតជាចម្ងល់ចោទសួរថា រវាងរថយន្តហាយឡែនឌ័រ ដែលកំពុងធ្វើដំណើរស្របទិស ជ្រុលទៅបុករថយន្តឡង់គ្រីស័រ ដែលចតនៅលើផ្លូវ ហើយបញ្ច្រាស់ទិសទៀត តើភាគីណាខុស ហើយភាគីណាត្រូវ?

ក្នុងច្បាប់ស្តីអំពីចរាចរណ៍ផ្លូវគោកដែលបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៥ មាត្រា ២៣ ស្តីពីការឈប់ និងចតនៅលើផ្លូវថ្នល់ បានកំណត់ថា គ្រប់យានជំនិះដែលឈប់ ឬ ចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀត ដែលកំពុងធ្វើចរាចរណ៍នោះឡើយ។

ក្នុងមាត្រានេះ បានកំណត់ទៀតថា នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍។ អ្នកបើកបរត្រូវចត ឬឈប់ ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ។ ចំពោះទ្រូងផ្លូវឯកទិសវិញ អ្នកបើកបរត្រូវចត ឬឈប់ខាងស្តាំ ឬខាងឆ្វេងតាមទិសចរាចរណ៍។

បើយោងតាមការកំណត់នៅក្នុងច្បាប់នេះ បានបង្ហាញថា ការចតរបស់រថយន្តឡង់គ្រីស័រ គឺអនុវត្តន៍ខុសទៅនឹងច្បាប់ចំនួនពីរករណី ករណីទី១ ចតបង្កការរំខានដល់ការធ្វើចរាចរណ៍របស់យានជំនិះដទៃ ហើយករណីទី២ គឺចតបញ្ច្រាស់ទិស។ តាមអនុក្រឹត្យស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមាត្រា៦ អ្នកបើកបររថយន្តឡង់គ្រីស័រត្រូវពិន័យប្រាក់ ២៥,០០០រៀល។

មន្ត្រីនគរបាលចរាចរណ៍ បានលើកឡើងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគីម្ចាស់រថយន្តហាយឡែនឌ័រមិនមែនជាអ្នកខុស ហើយក៏ត្រូវសងសំណងទៅភាគីរថយន្តឡង់គ្រីស័រនោះឡើយ ភាគីរថយន្តឡង់គ្រីស័រវិញទេដែលខុសនោះ។

មន្ត្រីនគរបាលចរាចរណ៍រូបនេះ បានលើកឡើងថែមទៀតថា ក្នុងហេតុការណ៍នេះព្រោះតែភាគីរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខខេមរភូមិន្ទមិនចេះច្បាប់ចរាចរណ៍ទើបត្រូវសងថវិកាទៅភាគីរថយន្តឡង់គ្រីស័រដែលជាអ្នកខុសច្បាប់ទៅវិញ៕