(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទកាសែតមួយ បង្ហាញអំពីលទ្ធផលប្រកបដោយជោគជ័យ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

បន្ទាប់ពីរៀបរាប់អំពីលទ្ធផលវិជ្ជមាននានា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនហើយនោះ លោកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបើកឱ្យមានការសួរសំណួបន្ថែមទៀត អំពីសមិទ្ធផល ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរចិន និងកម្ពុជា។

ខាងក្រោមនេះជាកម្រងសំណួរ និងចម្លើយ ដែលអគ្គរដ្ឋទូតចិនបានឆ្លើយចំពោះសំណួររបស់អ្នកសារព័ត៌មានកម្ពុជា-ចិន នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន៖

សំណួរ៖ តើលោកអាចបង្ហាញបានទេ អំពីដំណើរការប្រព្រឹត្តទៅ នៅក្នុងឆ្នាំនេះរបស់អាកាសយានដ្ឋានសៀមរាបថ្មី និងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។ គម្រោងធំទាំងពីរនេះ មានឥទ្ធិពលជំរុញយ៉ាងដូចម្តេចខ្លះ ចំពោះវិស័យទេសចរណ៍ គមនាគមន៍ និងការតភ្ជាប់ទៅវិញទៅមកក្នុងតំបន់?

ចម្លើយ៖ គម្រោងដែលអ្នកបានលើកឡើងអម្បាញ់វិញ សុទ្ធតែជាគម្រោងសំខាន់មួយ ក្រោមក្របខណ្ឌ ខ្សែក្រវាត់មួយផ្លូវមួយ ហើយអាកាសយាន្តដ្ឋានថ្មី ក្នុងខេត្តសៀមរាប គ្រោងថានឹងមានភ្ញៀវចេញចូល ប្រហែលជាក្នុងមួយឆ្នាំៗ៧លាននាក់។ ឥឡូវ បាននិងកំពុងសិក្សាខាងដីធ្លី ជាការកសាងផ្លូវចូលក្នុងអាកាសយាន្តដ្ឋានហើយ។ នៅក្នុងឆ្នាំ២០១៩ យើងចាប់ផ្តើមជំរុញការស្ថាបនា គម្រោងទាំងនេះ គ្រោងថានៅក្នុងឆមាសទី១ នៅក្នុងឆ្នាំ២០១៩ យើងនឹងកសាងមូលដ្ឋានមួយចំនួន ហើយក្នុងឆ្នាំ២០១៩ យើងកសាងមូលដ្ឋានថូមីណូ នៃអាកាសយាន្តដ្ឋានមួយនេះ។ ខ្ញុំមានអារម្មណ៍ថា នេះអាចដើរតួនាទី ជំរុញដល់ការអភិវឌ្ឍទេសចរណ៍ គមនាគមន៍ក្នុងតំបន់ នៅក្នុងប្រទេសកម្ពុជា។ ចំពោះផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ជាគម្រោង ដែលឲ្យប្រទេសកម្ពុជា យកចិត្តទុកដាក់ធ្វើ គម្រោងនេះនឹងចំណាយថវិកាជាង ២ពាន់លានដុល្លារអាមេរិក ជាផ្លូវល្បឿនលឿនលេខ១ របស់ប្រទេសកម្ពុជា។ គម្រោងនេះនឹងតភ្ជាប់រាជធានីភ្នំពេញ ជាមួយកំពង់ផែព្រះសីហនុ ហើយប្រវែងផ្លូវសរុប១៩០គីឡូម៉ែត្រ ដែលនឹងចំណាយពេលវេលា៤ឆ្នាំ ក្នុងការសាង់សង់ ហើយយើងសង្ឃឹមថា គម្រោងនេះនឹងបញ្ចប់នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។ ប្រហែលនៅក្នុងខែមីនា យើងនឹងចាប់ផ្តើមគម្រោងនេះ យើងគ្រោងថានឹងប្រមូលដីនៅចុងឆ្នាំ២០១៩ នេះជាកិច្ចការដ៏សំខាន់មួយ។ គម្រោងនេះនឹងផ្តល់ប្រសិទ្ធិភាពកាន់តែខ្ពស់ ប្រទេសចិនក៏បានជួយដល់ការសាង់សង់នៃសម្ភារ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

សំណួរ៖ ចិនជាប្រភពវិនិយោគទុនដ៏ធំរបស់កម្ពុជា​ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន​ សែន បានជំរុញមួយកម្រិតទៀត ចំពោះការទាក់ទាញអ្នកវិនិយោគទុន។ តើឯកឧត្តមឯកអគ្គរាជទូត មានក្តីរំពឹងយ៉ាងណាចំពោះវិនិយោគិនចិន នៅកម្ពុជា?

ចម្លើយ៖ ឥឡូវប្រទេសចិន បានក្លាយទៅជាប្រភពវិនិយោគបរទេសដ៏ធំជាងគេ របស់ប្រទេសកម្ពុជាហើយ ទំហំវិនិយោគរបស់ចិន គឺពិតជាមានអាត្រាធំធេងនៅក្នុងប្រទេសកម្ពុជា ហើយយើងសង្ឃឹមថា អនាគតយើងនឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិនិយោគ។ វិនិយោគរបស់ចិន មិនត្រឹមតែដោះស្រាយបញ្ហាការងារ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ក៏អាចនាំមកនូវយន្តការបច្ចេកទេស​ ក៏ដូចជាយន្តការគ្រប់គ្រង ដែលមានបទពិសោធន៍ច្រើនដល់ប្រទេសកម្ពុជា ហើយនឹងជួយដល់ប្រទេសកម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស ដូចជាកម្មករបច្ចេកទេសជំនាញកាន់តែច្រើន ក៏ដូចជាអ្នកគ្រប់គ្រងកម្រិតខ្ពស់មួយចំនួនថែមទៀត។ ជាបន្តភាគីចិននឹងលើកទឹកចិត្តក្រុមហ៊ុនចិន ដែលមានប្រសិទ្ធភាព ហើយកាន់តែច្រើន មកវិនិយោគនៅកម្ពុជា។ នៅក្នុងវេទិកាធុរកិច្ច ដែលប្រព្រឹត្តទៅនៅក្រុងប៉េកាំង ដែលប្រព្រឹត្តទៅនៅក្នុងអំឡុងទស្សនកិច្ច របស់សម្តេចតេជោ ទៅកាន់ប្រទេសចិន យើងក៏បានដឹងថាចិននិងកម្ពុជា ពិតជាសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធ យើងក៏បានលើកទឹកចិត្ត ដល់បណ្តាវិនិយោគិនកាន់តែច្រើន លើវិស័យអគ្គិសនី ទំនប់វារីអគ្គិសនី ក៏ដូចជាខ្សែកាប ខ្សែអគ្គិសនី ដែលនេះសុទ្ធតែជាការវិនិយោគ ដែលភាគីចិនលើកទឹកចិត្ត​​ ក្រុមហ៊ុនកាន់តែច្រើនឲ្យវិនិយោគ។ យើងក៏លើកទឹកចិត្តក្រុមហ៊ុនឲ្យវិនិយោគ វិស័យកសិកម្ម ដូចខ្ញុំបានឧទ្ទេសនាមអម្បាញ់មិញថា ការកែច្នៃកសិផល មានសក្តានុពលជាខ្លាំង។ ប្រទេសចិននឹងគាំទ្រ​ពាក់ព័ន្ធនឹងការវិនិយោគវិស័យទេសចរណ៍ ឧទាហរណ៍ថា តាមរយៈឆ្នាំ២០១៩​ គឺជាឆ្នាំវប្បធម៌រវាងចិន និងកម្ពុជា ហើយប្រទេសចិននឹងកសាងអូតែល ឬជាភោជនីយដ្ឋានកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា។ យើងក៏មានការងារជាច្រើននៅកែប (ខេត្តកែប)។ បើសិនជាវិស័យទេសចរណ៍មានការរីកចម្រើនឡើងខ្លាំង ត្រូវការកែបបន្ថែមទៀត។ បើយើងមានមិត្តភក្តិកម្ពុជា អភិវឌ្ឍន៍កែបបន្ថែម យើងនឹងមានភ្ញៀវទេសចរបន្ថែមទៀត។ យើងនឹងលើកទឹកចិត្តអ្នកវិនិយោគចិន ទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ហើយក៏ដូចជាវិស័យផ្សេងទៀត​ជាច្រើន។ គួររំលឹកថា ប្រទេសចិនមិនលើកទឹកចិត្តក្រុមហ៊ុនចិន ដែលវិនិយោគកាស៉ីណូ នៅក្នុងប្រទេសកម្ពុជា។ ដោយសារតែ លេងល្បែងស៉ីសង ឬកសាងកាស៉ីណូ គឺជាអំពើដែលខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

សំណួរ៖ ក្នុងអំឡុងពេលថ្មីៗនេះ គឺព័ត៌មានក្លែងក្លាយទាក់ទងនឹងជនជាតិចិន ត្រូវបានផ្សព្វផ្សាយយ៉ាងកុះករ នៅលើបណ្តាញសង្គមកម្ពុជា ហើយក៏បានជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងចិន និងកម្ពុជា ក៏បានប៉ះពាល់ដល់រូបភាពខាងក្រៅប្រទេសចិនផងដែរ។ តើឯកឧត្តមគិតយ៉ាងណាចំពោះបញ្ហានេះ?

ចម្លើយ៖ ខ្ញុំទទួលស្គាល់ថា មានព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម។ នៅក្នុងបណ្តាញសង្គម ក៏បានផ្សព្វផ្សាយថា មានវត្ថុប្រើប្រាស់ក្នុងបង្គន់​ បន្ទប់ទឹក ដែលមានរូបភាពអង្គរ ផលិតដោយក្រុមហ៊ុនចិន។ ខាងស្ថានទូតពិតជាផ្តោតសំខាន់ទៅលើ ព័ត៌មានក្លែងក្លាយទាំងនេះ។ យើងក៏បានសិក្សាយ៉ាងជ្រាលជ្រៅ ហើយក៏បានសិក្សាថា គ្មានក្រុមហ៊ុនមួយណាទេ ដែលក្រុមហ៊ុនចិនផលិតវត្ថុប្រើប្រាស់ នៅក្នុងបន្ទប់ទឹក។ ខ្ញុំក៏បានលឺព័ត៌មានក្លែងក្លាយថា ខាងទេសចរណ៍របស់ចិន មិនផ្តល់ប្រយោជន៍ដល់ការីកចម្រើន សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ គេថាពេលដែលទេសចរណ៍ចិន បានដើរលេងនៅក្នុងប្រទេសកម្ពុជា ស្នាក់នៅតែក្នុងអូតែលរបស់ជនជាតិចិនទេ ប៉ុន្តែអ្វីដែលខ្ញុំបានប្រើប្រាស់ ឬប្រើឧបករណ៍ សុទ្ធតែផលិតនៅក្នុងប្រទេសកម្ពុជា និងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយផ្តល់ការងារជាច្រើនជូនដល់ប្រជាជនកម្ពុជា ហើយនឹងធ្វើឲ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ខ្ញុំគិតថា នេះមកពីមូលហេតុពីរ ១៖ គឺ Media មួយចំនួនមានទស្សនិកជនកាន់តែច្រើន ដូច្នេះគាត់ប្រើប្រាស់ចំណងជើងអត់ពិត ២៖ ម្យ៉ាងទៀត មានមជ្ឈដ្ឋានមួយចំនួនមិនចង់ឃើញទំនាក់ទំនងចិន និងកម្ពុជា ល្អបែបនេះ។ ខ្ញុំសង្ឈឹមថា ទំនាក់ទំនងចិន និងកម្ពុជា មានភាពស្អិតរមួតដូចសព្វថ្ងៃ។ យើងក៏សូមកោតសរសើរប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តោតសំខាន់ទៅលើ ព័ត៌មានអត់ពិត ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានវាយប្រហារទៅលើព័ត៌មានមិនពិតជាច្រើន លើកច្រើនដងហើយ ជាពិសេសគឺប៉ុន្មានថ្ងៃមុន មានព័ត៌មានមិនពិតមួយថា មានជនជាតិចិនមួយបានបង្ករបួសនៅលើផ្លូវថ្នល់ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវ នេះជាព័ត៌មានអត់ពិត១០០% ហើយកម្ពុជាក៏បានចាត់ទុកថា មនុស្សដែលបង្កព័ត៌មានអត់ពិត គឺជាជនដែលល្មើសច្បាប់។ ខ្ញុំក៏គិតថា Media របស់យើងនឹងផ្សព្វផ្សាយ ព័ត៌មានឲ្យពិតទូលំទូលាយថែមទៀត។ ខ្ញុំក៏ស្នើថា​ បើសិនជាអាចបើសិនមានព័ត៌មានពិត មិនពិត សូមមិត្តភក្តិ Media ទូរស័ព្ទទៅកាន់ស្ថានទូតចិន ហើយយើងនឹងផ្តល់ភាពថា តើវាជាព័ត៌មានពិត ឬមិនពិត។

សំណួរ៖ ថ្មីៗប្រហែលលោកបានដឹងហើយថា​ អឺរ៉ុបបានយកពន្ធអង្ករកម្ពុជា ហើយអឺរ៉ុបក៏បានព្រមានការដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» ពីកម្ពុជាដែរ។ តើចិនដែលជាប្រទេសឯករាជ្យខាងសេដ្ឋកិច្ច មានវិធីសាស្រ្តបែបណាខ្លះ ដើម្បីជួយដល់ប្រទេសកម្ពុជាពីបញ្ហានេះ?

ចម្លើយ៖ អម្បាញ់មិញ ខ្ញុំបានបង្ហាញអំពីកិច្ចសម្របសម្រួល ការជាក់ស្តែងរវាងប្រទេសទាំងពីរមួយចំនួន។ ដោយសារប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អប្រសើរ នៅក្នុងវិស័យកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ហើយប្រទេសចិន នឹងគាំទ្រវិស័យកសិកម្មប្រទេសកម្ពុជា ដែលនាំចូលអង្ករប្រទេសកម្ពុជា ចូលក្នុងទីផ្សាររបស់ប្រទេសចិន។ យើងក៏បានដឹងហើយថា ប្រទេសចិនក៏បានផលិតអង្ករជាច្រើន។ ប្រទេសចិន ក៏បានប្រកាសដែរថា នឹងនាំអង្ករ៤០ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ គឺជាវិធានការមួយ ដែលគាំទ្រយ៉ាងពេញទំហឹងទៅដល់វិស័យកសិកម្ម របស់ប្រទេសកម្ពុជា។ បើសិនជាយើងបានផលិតអង្ករជាច្រើន យើងអាចកែច្នៃកសិផលនោះ ជាអង្ករមានគុណភាព មានតម្លៃខ្ពស់ជាង។ នេះគឺជាពេលអនាគត ភាគីទាំងពីរនឹងសហការគ្នាឲ្យកាន់តែ ប្រសើរបន្ថែមទៀត នៅលើជំនួញមួយនេះ។ ភាគីទាំងពីរក៏បានចាប់ផ្តើមចរចារធ្វើកិច្ចព្រមព្រៀងទ្វេភាគីរវាងចិននិងកម្ពុជា អំពីពាណិជ្ជកម្មសេរី ហើយនេះជាវិធានការមួយ នឹងលើកទឹកចិត្តឲ្យវិស័យកសិកម្មរវាងប្រទេសទាំងពីរ មានភាពកាន់តែល្អប្រសើរថែមទៀត។ ខ្ញុំក៏ជឿជាក់ថា ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងអាស៊ាន កសិផលរបស់កម្ពុជា នឹងមានទីផ្សារកាន់តែល្អថែមទៀត៕