(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ពិធីអបអរសាទរដែលនឹងធ្វើឡើងយ៉ាងមហោឡារឹកនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសនានាផងដែរ។ ក្រៅពីនោះនាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើននឹងត្រូវយកមកបង្ហាញផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់ជាតិទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះហើយនោះ។ កងយោធពលខេមរភូមិន្ទក៏ត្រូវបានធ្វើការកែសម្រួលប្រព័ន្ធគ្រប់គ្រង និងការដឹកនាំផងដែរ។ កងទ័ពជើងគោក ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ហើយក៏បានកំណត់យកថ្ងៃទី២៤ ខែមករា ជាថ្ងៃកំណើតរបស់ខ្លួន និងប្រារព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំផងដែរ។

ក្នុងពេលបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដំបូង កងទ័ពជើងគោក មានអង្គភាពចំណុះច្រើនរហូតដល់ ១៨កងពលធំ, ៥ កងពលតូច និង ៤ វរសេនាធំ, ៤ វរសេនាតូច ប៉ុន្តែកងទ័ពជើងគោក បានធ្វើការកែរទម្រង់ដោយបានកែរសម្រួលអង្គភាព មកនៅត្រឹម ៨ កងពលតូច និង ១ វរសេនាធំ។

នៅក្នុងកំលុងចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៦ ក្រៅពីបង្រួមក្បាលអង្គភាព ក៏មានការបង្កើតអង្គភាពថ្មី មួយចំនួនដូចជា កងឯកភាពការពារព្រំដែន វរសេនាតូចព្រំដែន កងអនុសេនាធំ ស្រុក ជាប់ព្រំដែន និង កែរសម្រួលតួនាទី ភារកិច្ចប្តូរឈ្មោះដល់អង្គភាព និង ស្ថាប័នជំនាញមួយចំនួនជាបន្តបន្ទាប់ផងដែរ។

នៅឆ្នាំ២០១៨ កងទ័ពជើងគោក មានស្ថាប័នអង្គភាពចំណុះផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោករួមមាន៖ ១៥ ការិយាល័យ, ៥ បញ្ជាការដ្ឋានជំនាញ, ១ មជ្ឈមណ្ឌល និង មានមណ្ឌលអភិវឌ្ឃន៍ចំនួន១។ កងទ័ពជើងគោក ក៏មានភារកិច្ចគ្រប់គ្រង និងដឹកនាំបញ្ជា ៦ យោធភូមិភាគ, ២ កងពលធំអន្តរាគមន៍, ៥ កងពលតូចអន្តរាគមន៍ និង ៦ កងពលតូច, ២៤ តំបន់ប្រតិបត្តិការសឹករង ខេត្ត ក្រុង ១ វរសេនាធំ, ៦ សាលាពលទាហាន និង ៧ កងការពារព្រំដែន។

ឆ្លងកាត់ការបំពេញភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបនូវការប្រឈមជាប្រវត្តិសាស្ត្រជាច្រើនក្នុងពេលកន្លងមក។ បញ្ហាប្រឈមដែលប្រកបទៅដោយបទពិសោធន៍ជាក់ស្តែង សម្រាប់ភារកិច្ច ការពារជាតិ ការពារបូរណៈភាពទឹកដី បានធ្វើឲ្យកងទ័ពជើងគោកកាន់តែពង្រឹងបាននូវភាពម្ចាស់ការប្រកបដោយស្មារតីស្នេហជាតិជ្រាលជ្រៅមានឆន្ទៈមោះមុតក្នុងការរក្សាឲ្យបាននូវសន្តិភាព និង ស្ថេរភាពនយាបាយ នៅក្នុងប្រទេស និង បន្តរក្សាចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឈន៍ជាមួយបណ្តាប្រទេសជិតខាងល្អ និង ជាមួយបណ្តារប្រទេសក្នុងតំបន់ និងនៅលើសកលលោក។

ក្នុងន័យនេះ កងទ័ពជើងគោក ដែលមានគ្រប់បណ្តារផ្នែក គ្រប់ថ្នាក់អង្គភាពស្ថាប័ន គ្រប់ជំនាញ គ្រប់យោធភូមិភាគ និងគ្រប់តំបន់ ប្រតិបត្តិការសឹកខេត្ត ត្រូវបន្តខិតខំពង្រឹងប្រៀបការពារជាតិនៅតាមព្រំដែន និងនៅផ្ទៃក្នុងប្រទេស បន្តធ្វើការកែរទម្រង់កងទ័ព ឲ្យមានទាំងបរិមាណ និងគុណភាព ពង្រឹងតួនាទីរបស់កងឯកភាពទ័ពថ្មើរជើង និងជំនាញដោយ ធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកនាំបញ្ជារវាងបញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ កម្លាំងអន្តរាគមន៍ និង កម្លាំងជួរមុខ។

ឈានចូលចូលមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កងទ័ពជើងគោក ក្នុងការចូលរួមអនុវត្តិផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាលតែងតាំង ជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ហើយទទឹមនេះក្រសួងការពារជាតិ បានសម្រេចធ្វើការកែសម្រួលអង្គភាពចំនួន ៦ រួមមាន៖ កងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចថ្មើរជើងលេខ៧០ កងពលតូចទ័ពពិសេសឆត្រ័យោងលេខ៩១១ និងកងពលតូចដឹកជញ្ជូនលេខ៩០ ដែលពីមុនស្ថិតនៅក្រោមការដឹកនាំបញ្ជារបស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានផ្ទេរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ។

ឈានចូលមកដល់ដំណាក់កាលថ្នីនេះ កងទ័ពជើងគោក ត្រូវបានបែងចែកភារកិច្ច និងលើកកម្ពស់តួនាទីដឹកនាំបញ្ជាឲ្យកាន់តែមានប្រសិទ្ធភាព បន្តលើកកម្ពស់សមត្ថភាពយោធិនតាមរយះការបណ្តុះបណ្តាល ហ្វឹកហ្វឺនរៀនសូត្រ និងអប់រំដល់កងទ័ពឲ្យយល់ជ្រួតជ្រាបអំពីគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ច្បាប់ លក្ខន្តិកៈ និង បទវិន័យទូទៅកងយោធពលខេមរភូមិន្ទ ពិសេសអប់រំលើកកម្ពស់ មនសិការ ស្នេហាជាតិដល់កងទ័ព ត្រៀមលក្ខណៈនូវរាល់មធ្យោបាយ សំភារៈ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ និង បន្តខិតខំចូលរួមចំណែកកសាង ស្តារ និង អភិវឌ្ឍន៏ ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាកត៕