(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដែលទស្សនកិច្ចនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ពន្ធ លើការនាំចូលអង្ករពីប្រទេសកម្ពុជា។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលអមដំណើរសម្តេចតេជោ រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដែលទស្សនកិច្ចនេះ គឺដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង នៅឆ្នាំ២០១៩ របស់សម្តេចតេជោ ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ហើយក៏ជាទស្សនកិច្ចផ្លូវការលើកទី៦ ទៅកាន់ប្រទេសចិនផងដែរ។ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន នាពេលនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតពីសំណាក់ លោក ខុង សៀនយ៉ូ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន, លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា, លោកស្រី ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គ​រាជទូតកម្ពុជា ប្រចាំប្រទេស​ចិន និងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និង​ឥស្សរ​ជនការទូតរបស់កម្ពុជាជាច្រើនរូបផ្សេងទៀត។

កម្រាលព្រំពណ៌ក្រហមយ៉ាងឆ្អិតឆ្អាវ អមដោយកងទ័ពកិត្តិយសឈរនៅអមសាងខាងផ្លូវ ត្រូវបានរៀបចំដើម្បីផ្តល់ជាកិត្តិយសខ្ពង់ខ្ពស់បំផុតជូន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ចំណែកតាមដងផ្លូវចេញពីអាកាសយានដ្ឋានគេសង្កេតឃើញទង់ជាតិកម្ពុជា និងទង់ជាតិចិន ត្រូវបានចងយ៉ាងព្រោងព្រាត។

បន្ទាប់ពីបានធ្វើដំណើរទៅដល់ប្រទេសចិន នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលសួរសុខទុក្ខនិស្សិតជិត ៥០០នាក់ ដែលកំពុងសិក្សារៀនសូត្រនៅប្រទេសចិន។ ក្នុងជំនួបនោះ សម្តេចបានថ្លែងថា ការជួយរបស់ចិនដល់កម្ពុជា គឺដើម្បីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការពង្រឹងឯករាជ្យភាព ទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ ដែលមានមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់រូបភាពទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការរិះគន់របស់បរទេសមួយចំនួន ដែលចោទកម្ពុជាកាត់ដីឲ្យចិន​ ហើយថាការចោទប្រកាន់របស់បរទេសទាំងនោះ ក៏ព្រោះតែឃើញចិនវិនិយោគច្រើននៅកម្ពុជា ខណៈពួកគេមិនបានជួយអ្វីសោះដល់កម្ពុជា។ ប្រទេសនៅលើពិភពលោកនេះ កំពុងតែធ្វើការទាក់ទាញអ្នកទេសចរចិនខ្លាំងណាស់ រាប់ទាំងប្រទេសជិតខាងកម្ពុជា ក៏កំពុងតែមានការទាក់ទាញ់អ្នកទេសចរ និងអ្នកវិនិយោគទុនចិនផងដែរ។

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន នៅទីក្រុងប៉េកាំង។ ក្នុងជំនួបនោះ សម្តេចបានជំរុញក្រុមហ៊ុនសាងសង់ស្ពាន និងថ្នល់របស់ចិន ពន្លឿនគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ ដែលបានសិក្សា និងដោះស្រាយផលប៉ះពាល់រួចហើយនោះ។ សម្តេចបានស្នើក្រុមហ៊ុននេះសិក្សាឲ្យបានល្អិតល្អន់ចំពោះគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតផងដែរ។

បន្ទាប់មកទៀតសម្តេចតេជោ ហ៊ុន សែន បានបន្តអនុញ្ញាតឱ្យ ថ្នាក់ដឹកនាំក្រុមហ៊ុនវិស្វកម្ម និងដែកថែមចិន ដឹកនាំដោយលោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ចូលជួបសម្តែងការគួរសមបន្តទៀត។ ក្នុងជំនួបនោះ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានបង្ហាញបំណងតភ្ជាប់ខ្សែកាបអុបទិចក្រុមបាតសមុទ្រពីទីក្រុងហុងកុង ប្រទេសចិន មកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់សេវាអ៉ីនធើណេតឲ្យមានល្បឿនកាន់តែលឿនថែមទៀត។

ក្រោយពីទទួលជួបភ្ញៀវវិនិយោគិនចិនទាំងនេះ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយបុរសដ៏មានឥទ្ធិពលទី១របស់ចិន នោះគឺលោកប្រធានាធិបតីចិន ស៊ី ជីនពីង ជាអ្នកដែលសារព័ត៌មានចាត់ទុកថាជនដែលមានអំណាចកំពូលដូចលោកប្រធានម៉ៅ។ នៅក្នុងជំនួបនោះ លោកប្រធានាធិបតី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ បុរសខ្លាំងមហាយក្សចិន បានបង្ហាញជំនឿជាក់ថា កម្ពុជានឹងរីកចម្រើនកាន់តែខ្លាំងក្នុងរយៈពេល៦០ឆ្នាំ ទៅមុខក្នុងការធ្វើទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយប្រទេសចិន។ ប្រធានាធិបតីចិន បានចាត់ទុកដំណើរទស្សនកិច្ចវផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។

លោកប្រធានាធិបតី ក៏បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែនថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងនោះភាគីទាំងសងខាងនឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប សម្តេចតេជោ បានជម្រាបប្រធានាធិបតីចិន អំពីសភាពការណ៍ ក្នុងប្រទេសកម្ពុជា ពិសេស ស្ថានការណ៍ក្រោយការបោះឆ្នោតសកល រួមនឹងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្នុងជំនួបពិភាក្សានោះដែរ នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើប្រធានាធិបតីចិន ជំរុញអ្នកវិនិយោគចិនបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការបង្កើតរោងចក្រថ្មីៗ ថែមទៀត។ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន សម្តេចតេជោ ចង់ឃើញទំនាក់ទំនងជាប្រពៃណី និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ បន្តថែទាំ និងរក្សាឲ្យកាន់តែរឹងមាំថែមទៀត។

លោកប្រធានាធិបតីចិន ក៏បានលើកឡើងដែរថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺមានលក្ខណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនងនៃប្រទេសទាំងពីរមានលក្ខណៈសំខាន់បំផុត។ លោកអះអាងថា ចិននិងកម្ពុជា នឹងបន្តរួមគ្នាជាសហគមន៍តែមួយ ដើម្បីរៀបចំផែនការធ្វើកិច្វសហការលើគ្រប់វិស័យទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជនិងប្រជាជន។

នៅចុងបញ្ចប់នៃចំនួបនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍនៅកម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។លោកបានប្រកាសបន្តនាំចូលអង្ករកម្ពុជាទៅកាន់ប្រទេសចិនឲ្យបាន៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០១៩នេះ ដែលមានការកើនឡើង១០ម៉ឹនតោនបើធៀបនឹងឆ្នាំមុន ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ដែរនោះ សម្តេចតេជោ ហ៊ុន សែន មានជំនួបដាច់ដោយឡែកពីគ្នាចំនួនពីរផ្សេងទៀត គឺជំនួបពិភាក្សាការងារជាមួយ លោកស្រី Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និង លោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។

ក្នុងឱកាសជួបសម្តែងការគួរសមនោះ លោកស្រី Gu Xiulian បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី ពីភាពរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរចិន និងកម្ពុជា បានបង្កើតឡើងនូវ សមាគមមិត្តភាពចិន-កម្ពុជា កាលពីពេលកន្លងទៅ។ សមាគមមិត្តភាពចិន-កម្ពុជា មានសមាជិកចូលរួមគឺជាអតីតមន្ត្រីការទូតរបស់ប្រទេសចិន ប្រចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌ក្នុងប្រទេសកម្ពុជា។

ដោយឡែកក្នុងជំនួបពិភាក្សាការងារជាមួយលោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនវិញ សម្តេចតេជោ និងលោក សុង តាវ បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ចិន។ លោក សុង តាវ បានលើកឡើងថា សម្តេចតេជោ គឺជាអ្នកបានយកចិត្តទុកដាក់ពីទំនាក់ទំនងរវាងចិន និងកម្ពុជា តាមរយៈទស្សនកិច្ច និងការងារផ្សេងៗទៀត ពិសេសទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជាថ្ងៃទី៣ ការបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន, លោក ហ៊ូ ឈុនហ៊័រ (Hu Chun Hau) ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី កាវ យ៉ាន (Gao Yan) ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកា ស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន។

ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ចិននោះ ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន និងលោកអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីបើកវេទិកាជំរុញ ពាណិជ្ជកម្មកម្ពុជា ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនេះគឺជាឱកាសដ៏ល្អ និងផ្តល់នូវភាពជឿជាក់សម្រាប់អ្នកវិនិយោគទុនចិន និងអ្នកវិនិយោគបរទេសដទៃទៀត ក្នុងការមកបណ្តាក់ទុកវិនិយោគ ក្នុងប្រទេសកម្ពុជា។

លោក ហ៊ូ ឈុនហ័រ បានលើកឡើងថា ភាគីទាំងពីរចិន-កម្ពុជា កំពុងឈានចូលយុគសម័យថ្មីនៃការលើកកម្ពស់គុណភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយទទួលបាននូវមហាសិមទ្ធផលដ៏ស្តុគ្គស្តម្ភ។ ក្នុងនោះទី១ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងយ៉ាងលឿន ពោលគឺចាប់តាំងពីឆ្នាំ២០១២មកដល់ បច្ចុប្បន្នចិនគឺជាដៃគូពាណិជ្ជកម្មធំទី១ របស់កម្ពុជា។ ឆ្នាំ២០១៨ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាង៥ពាន់លានដុល្លាអាមេរិក ពោលគឺប្រទេសចិនគឺជាទីផ្សារធំបំផុត សម្រាប់ប្រទេសកម្ពុជា ក្នុងការទទួលការនាំចូលអង្ករ និងផ្លែឈើ។

ក្រោយបញ្ចប់​វេទិកាពាណិជ្ជកម្មកម្ពុជា-ចិននោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិន លោក ឆេន ស៊ីឈីង (Chen Siqing) បានចូលជួបសម្តែងការគួរសម។ លោក ឆេន ស៊ីឈីង បានអះអាងប្រាប់សម្តេចតេជោ ហ៊ុន សែន ថាលោកនឹងបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសគឺផ្តល់ទុនសម្រាប់ក្រុមហ៊ុននានាវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ លោក ឆេន ស៊ីឈីង បានថ្លែងថា ធនាគាររបស់លោកបានធ្វើការជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលរួមវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ក្នុងបំណងទាក់ទាញអ្នកវិនិយោគចិនឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។ ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ សម្តេចបានព្យាយាមលើកបង្ហាញពីការធ្វើកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និងលក្ខណៈពិសេសៗមួយចំនួន ដែលសុទ្ធសឹងជាអំណោយផលសម្រាប់អ្នកវិនិយោគ និងធុរកិច្ចជន។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តនូវអភិក្រមចំនួន៥ រួមមាន ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ក្រោមបាវចនាចំនួន២ គឺការកែទម្រង់ខាងក្នុង និងការបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

ដោយឡែក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅវិមានវីរជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ សម្តេចតេជោ និងគណៈប្រតិភូកម្ពុជា បានលំឱនកាយវាចាចិត្តដោយសេចក្តីគោរព ជូនចំពោះវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី និងការវាយប្រយុទ្ធការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន រហូតក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០។

បន្តមកទៀត សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ នៅក្នុងជំនួបនោះ លោក វ៉ាង យ៉ាង បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចតេជោ ដោយគួសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោមកប្រទេសចិន គឺជាការរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន។ សម្តេចតេជោគឺជាមេដឹកនាំនយោបាយមួយរូប ដែលមានបទពិសោធន៍ច្រើនហើយ លោកក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០១៨ កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះភ្លូកទឹកភ្លូកដី និងបានអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីទៀតជានាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាសាជាថ្មីទៀត។

រហូតដល់ នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើង នៅមហាវិមានប្រជាជនចិន កណ្តាលទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសមភាគី នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ព្រមទាំងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិនជាច្រើនរូប។

បន្ទាប់មកប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ចិន បានបើកកិច្ចប្រជុំទ្វេភាគីក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ នៅក្នុងជំនួបនោះ សម្តេចតេជោ បានជម្រាបនាយករដ្ឋមន្ត្រីចិនថា ស្ថានការណ៍នយោបាយ និងបញ្ហាសង្គមនៅកម្ពុជាមានភាពល្អប្រសើរ ជាពិសេសកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨ រក្សាកំណើន ៧ភាគរយ ជាមួយការធ្វើកំណែទម្រង់ជាច្រើន។ សម្តេចចង់ឃើញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជសេរីរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។

ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរី សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យភាគីទាំងពិនិត្យ និងសិក្សាទៅលើបញ្ហានេះ។ សម្តេចបានស្នើឲ្យចិនបន្តនាំចូលផលិតផល និងកសិផលកសិកម្មរបស់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន ដែលប្រទេសចិនជាទីផ្សារដ៏ធំមួយនៅលើពិភពលោក។ ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ ក៏ដូចជាវិស័យផ្សេងៗទៀតនោះ សម្តេចបានថ្លែងអំណរគុណមិត្តចិន ដែលបានជួយកម្ពុជានាពេលកន្លងមក ហើយសម្តេចក៏បានស្នើឲ្យចិនបន្តជួយលើវិស័យនេះបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការចូលចតរបស់នាវារបស់ចិន ដែលបានចូលចតនៅខេត្តព្រះសីហនុ ចំនួន៣លើកនៅក្នុងឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោក លី ខឺឈាង ចំពោះការផ្តល់ជំនួយ៨៤០លានយ័នសម្រាប់វិស័យយោធានាពេលកន្លងទៅនេះ។ សម្តេចតេជោ បានបង្ហាញការចង់ឃើញរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បន្តជួយដល់វិស័យផ្សេងៗទៀត រួមទាំងវិស័យនគរបាលផងដែរសម្រាប់ការគ្រង់គ្រងសន្តិសុខ។ ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានគោរពអញ្ជើញលោក លី ខឺឈាង បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។

នាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិន មានការរីកចម្រើន និងវិវឌ្ឍយ៉ាងច្រើន ហើយបានអរគុណសម្តេចនាយករដ្ឋមន្ត្រី ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីនេះ។ ចិនចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តរបស់ចិន ហើយកម្ពុជាបច្ចុប្បន្នមានស្ថិរភាពនយោបាយ មានសន្តិសុខ និងសន្តិភាពផងដែរ។ បច្ចុប្បន្ននេះទោះបីមានការប្រឈម និងសម្ពាធពីខាងក្រៅយ៉ាងណាក្តី តែកម្ពុជា គឺជាកន្លែងអភិវឌ្ឍន៍ដ៏ល្អ។ រដ្ឋាភិបាលចិន នឹងបង្កើនការនាំចូលអង្ករពីកម្ពុជា ដើម្បីជួយដល់កម្ពុជា។ រីឯគម្រោងជួសជុលប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀត កម្ពុជា និងចិន អាចបន្តសហការគ្នា។

នាយករដ្ឋមន្ត្រីចិន បានថ្លែងថា ចិននឹងបន្តនាំចូលកសិផលពីប្រទេសកម្ពុជា ហើយសង្ឃឹមថា កម្ពុជានឹងបន្តនាំចេញកសិផលផ្សេងៗទៀតទៅកាន់ប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីចិន ក៏បានស្នើឲ្យកម្ពុជា និងចិនបន្តប្រើប្រាស់យន្តការដែលមានរួមមានយន្តទ្វេភាគី និងយន្តការតំបន់។

ពាក់ព័ន្ធនឹងការស្នើឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា ភាគីទាំងពីរនឹងចាប់ផ្តើមពិភាក្សារួមគ្នាក្នុងពេលវេលាសមស្របណាមួយ។ នាយករដ្ឋមន្ត្រីចិន បានលើកឡើងថា នៅខែមេសា ឆ្នាំ២០១៩នេះ លោកនឹងមានដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប។ ក្នុងដំណើរនេះនឹងមានការពិភាក្សាជាមួយភាគីសហគមន៍អឺរ៉ុបអំពីបញ្ហាអឺរ៉ុប និងអាស៊ាន ដែលជាបញ្ហាសំខាន់។ លើពីនេះទៀតលោកនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា កម្ពុជា និងចិន អាចធ្វើការរួមគ្នា ដើម្បីជួយដល់ក្រុមហ៊ុននានា ដែលកំពុងវិនិយោគនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រីចិន បានលើកឡើងដែរថា លោកនឹងរកពេលវេលាសមស្របណាមួយនឹងបំពេញទស្សនកិច្ចនៅកម្ពុជា។

បន្ទាប់បានជួបពិភាក្សាលើការងារសំខាន់ៗមួយចំនួនរួចហើយនោះនៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨។

ឯកសារនៃកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖

ទី១៖ លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជនបទជំហានទី២ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។

ទី២៖ លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។

ទី៣៖ លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រ ដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។

ទី៤៖ លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ទី៥៖ លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ដែលរងការខូចខាតដោយទឹកចំនន់ ចុះហត្ថលេខារវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ទី៦៖ លិខិតបញ្ជាក់ការប្រគល់ ទទួល ស្តីពីគម្រោងជួសជុលប្រាសាទតាកែវ ចុះហត្ថលេខារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ទី៧៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្តព្រះវិហារ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ហ៊ូ ស៊ាវលាន ប្រធានធនាគារនីហរ័ណ អាហរ័ណចិន។

ទី៨៖ កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក យី ហួយម៉ាន ប្រធាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន។

បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យខ្ពស់ នៅលើទឹកដីមហាមិត្តចិនរយៈពេល៣ថ្ងៃកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរ​មកដល់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ៕