(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតជាន់ខ្ពស់របស់ លោក សម រង្ស៉ី បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានប្រាប់ការពិតដល់តុលាការ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងពេលចូលបំភ្លឺជូនចៅក្រមស៊ើបសួរ ក្នុងនាមជាសាក្សី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។

នៅពេលចេញពីបន្ទប់សាកសួរ លោក គង់ គាំ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំស្បថថា បានដឹងអីជម្រាបហ្នឹង មិនបានបំភ្លៃ បំផ្លើសឬមួលបង្កាច់អ្វីទេ ហើយខ្ញុំគិតថា មេធាវីដើមចោទគេជាអ្នកដាក់បន្ទុក ឯមេធាវីចុងចោទគឺជាអ្នកដោះបន្ទុក ខ្ញុំជាសាក្សីមិនបានដាក់បន្ទុកទេ មិនបានដោះបន្ទុកទេ គ្រាន់តែបំភ្លឺ ដើម្បីឱ្យតុលាការមានព័ត៌មានគ្រប់គ្រាន់ផ្តល់យុត្តិធម៌ដល់ អ្នកដែលត្រូវចោទតែប៉ុណ្ណឹងទេបាទ»

បើតាម លោក គង់ គាំ, នៅក្នុងពេលសាកសួរ​នោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសួរអំពីជី​វិតនយោបាយរបស់លោក អំពីស្ថានភាពគណបក្សសង្រ្គោះជាតិ និងតួនាទីជាទីប្រឹក្សាគណបក្សសង្រ្គោះជាតិរបស់លោក ព្រមទាំងសួរអំពីទំនាក់ទំនងរបស់លោក ជាមួយលោក កឹម សុខា និង លោក សម រង្ស៉ី។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក មិនបានបង្ហើបអំពីចម្លើយរបស់លោកនៅចំពោះមុខតុលាការថាយ៉ាងណានោះទេ។ ដោយចាត់ទុកថា ការបំភ្លឺរបស់លោក គឺជាជំនួយ ឬជាប្រភពដល់តុលាការ ហើយអ្វីៗគឺអាស្រ័យលើតុលាការខ្លួនឯង។

សម្រាប់លោក គង់ គាំ, លោកមានការភ្ញាក់ផ្អើលដែលឃើញវីដេអូ លោក កឹម សុខា ដែលសារភាពអំពីការឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

សូមរំលឹកថា លោក គង់ គាំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបាន​លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)។

លោក កឹម សុខា ត្រូវបាន​តុលាការចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧៕