(ប៉េកាំង, ចិន)៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានបង្ហាញជំហរដ៏មុតមាំនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា នៅតែបន្តជំរុញការវិនិយោគមកកាន់កម្ពុជា បើទោះបីកម្ពុជានាពេលបច្ចុប្បន្នកំពុងមានបញ្ហាប្រឈម ដោយការគំរាមផ្សេងៗផ្នែកពាណិជ្ជកម្ម ពីបណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបក៏ដោយនោះ។

ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីមហាអំណាចចិន បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅមហាវិមានប្រជាជនចិន កណ្តាលទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ។ ក្នុងជំនួបនោះក្រៅពីការសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅគ្នាទៅវិញទៅមកក្នុងនាមមិត្តដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានជជែកគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានគូសបញ្ជាក់ឲ្យដឹងថា នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា និងចិន នៅមានសក្តានុពលជាច្រើនសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា មានគម្រោងវិនិយោគជាច្រើនស្ថិតនៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយខ្សែក្រវាត់ និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធនាគារចិនអាចគាំទ្រផ្នែកហិរញ្ញប្បទាន។

សម្តេចតេជោ ហ៊ុន សែន បានស្នើនាយករដ្ឋមន្ត្រីចិន ឲ្យគាំទ្រដល់គម្រោងទាំងនោះ ដើម្បីនាំមកនូវប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក កៅ គឹមហួន។

លោក លី ខឺឈាង បានបង្ហាញការយល់ស្របដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើង ហើយបានបង្ហាញជំហរគាំទ្រដល់គម្រោងវិនិយោគនានារវាងចិន និងកម្ពុជា។ លោកនាយករដ្ឋមន្ត្រីចិន បានអះអាងថា បច្ចុប្បន្នប្រទេសកម្ពុជានៅតែជាកន្លែងអភិវឌ្ឍន៍ដ៏មានសក្តានុពល ហើយលោកនឹងជំរុញអ្នកវិនិយោគចិនឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

លោក លី ខឺឈាង បានថ្លែងថា ចិនចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តរបស់ចិន ហើយកម្ពុជាបច្ចុប្បន្នមានស្ថេរភាពនយោបាយ មានសន្តិសុខ និងសន្តិភាព។ បច្ចុប្បន្ននេះទោះបីមានការប្រឈម និងសម្ពាធពីខាងក្រៅយ៉ាងណាក្តី តែកម្ពុជាគឺជាកន្លែងអភិវឌ្ឍន៍ដ៏ល្អ។ នាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា រដ្ឋាភិបាលចិន នឹងបង្កើនការនាំចូលអង្ករពីកម្ពុជា ដើម្បីជួយដល់កម្ពុជា។

លោកនាយករដ្ឋមន្ត្រីចិន ក៏បានអះអាងផងដែរ ចិននឹងបន្តនាំចូលកសិផលពីប្រទេសកម្ពុជាផងដែរ ហើយសង្ឃឹមថា កម្ពុជានឹងបន្តនាំចេញកសិផលផ្សេងៗទៀតទៅកាន់ប្រទេសចិន។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានឯកភាពគ្នាឲ្យភាគីពាក់ព័ន្ធពិភាក្សាទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរផងដែរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងចិន កំពុងមានសន្ទុះយ៉ាងល្អប្រសើរ។ របាយការណ៍បង្ហាញថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានប្រមាណ ៦ប៊ីលានដុល្លារ ហើយប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣។

ទំហំវិនិយោគវិញ បានស្ទុះឡើងរហូតដល់ប្រមាណ ៦,៨ប៊ីលានដុល្លារ កើនប្រមាណ៧% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខគេ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុនវិនិយោគសរុបប្រមាន ៣,៦ប៊ីលានដុល្លារ ស្មើនឹង ៥៣ភាគរយ នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ ៥៤ភាគរយ ធៀបនឹងឆ្នាំ២០១៧៕