(ប៉េកាំង)៖ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើង នៅមហាវិមានប្រជាជនចិន កណ្តាលទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសមភាគី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង ព្រមទាំងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។

គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងនៅ ពេលនេះរួមមានលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា, លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក វង្សី វុស្សុត​ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, លោកស្រី អ៊ាត សិលា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូបទៀត។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីចិន បានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់មកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានអញ្ជើញបើកកិច្ចប្រជុំទ្វេភាគីក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង មានប្រសាសន៍បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ក៏ដូចជាគណៈប្រតិភូនៅក្នុងប្រទេសចិន។

លោកនាយករដ្ឋមន្ត្រីចិន បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិន ក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន។ លោកបានមានប្រសាសន៍ផងដែរថា លោកបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ ដែលដំណើរទស្សនកិច្ចនោះមិនត្រឹមតែជាដំណើរទស្សនកិច្ចផ្លូវការនោះទេ តែក៏បានចូលរួមប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គផងដែរ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចមកប្រទេសចិននាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រទេសទាំងពីរផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាង កាលពីឆ្នាំ២០១៨ គឺបានចូលរួមចំណែកពង្រឹងនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

ក្នុងជំនួបនេះសម្តេចនាយករដ្ឋមន្ត្រី បានចោទសួរនាយករដ្ឋមន្ត្រីថា តើឆ្នាំ២០១៩នេះ មានមេដឹកនាំប្រទេសណាមកទស្សនកិច្ចនៅក្នុងប្រទេសចិនហើយឬនៅ? ឆ្លើយតបសំណួរនេះលោក លី ខឺឈាង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេសជាមិត្តរបស់ចិនលើកដំបូងបំផុត ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០១៩នេះ។

លោកនាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ថា លោកបានឃើញទំនាក់ទំនងកម្ពុជា និងចិន មានការរីកចម្រើន និងវិវឌ្ឍន៍យ៉ាងច្រើន ហើយបានអរគុណសម្តេចនាយករដ្ឋមន្ត្រី ដែលបានរួមចំណែក យ៉ាងសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីនេះ។ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏បានលើកឡើងនូវបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅផងដែរ។ លោកបានសម្តែងការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានគាំទ្របោះឆ្នោតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី។

លោក លី ខឺឈាង បានលើកឡើងថា កិច្ចសហការរវាងចិន និងកម្ពុជា គឺជាការគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ លោកបានចាត់ទុកសម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាមិត្តភក្តិចាស់នៃប្រជាពលរដ្ឋចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក លី ខឺឈាង ដែលបានទទួលសម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ សម្តេចតេជោក៏បានអរគុណលោក លី ខឺឈាង ដែលបានសម្តែងការអបអរសាទរដល់គណបក្សប្រជាជន និងរូបសម្តេចផ្ទាល់ ដែលទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីពីការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់មិត្តចិន ដែលតែងបានទទួលព្រះដំណើររបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការអបអរសាទរចំពោះខួប៤០ឆ្នាំ នៃការដាក់ចេញនយោបាយកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន រហូតប្រែក្លាយប្រទេសទៅជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងការទទួលបានជោគជ័យយ៉ាងខ្លាំងក្លារបស់ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាប នាយករដ្ឋមន្ត្រីចិន ពីស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ស្ថានការណ៍នយោបាយ និងបញ្ហាសង្គមនៅកម្ពុជាមានភាពល្អប្រសើរ ជាពិសេសកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨ រក្សាកំណើប្រមាណ៧ភាគរយ ជាមួយការធ្វើកំណែទម្រង់ជាច្រើន។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលនេះកម្ពុជាបាន នឹងកំពុងបន្តអនុវត្តន៍នូវអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោត។ ជាពិសេសការផ្តល់នូវកិច្ចគាំពារសង្គម។

សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសចិន ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជានាពេលកន្លងទៅនេះ។ សម្តេចតេជោ ក៏បានអរគុណរដ្ឋាភិបាលចិន ដែលបានគាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ចែងការងារ ដើម្បីរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលសំខាន់នៅក្នុងជំនួបរវាងសម្តេច និងប្រធានាធីបតី ស៊ី ជីនពីង កាលពីម្សិលមិញនេះ គឺការផ្តល់កូតានាំអង្ករកម្ពុជាចូលប្រទេសចិនពី ៣០ម៉ឺនតោន ទៅ៤០ម៉ឺនតោន។ សម្តេចតេជោថា ការបង្កើនកូតានេះគឺជាការឆ្លើយតបផ្នែកនយោបាយយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា និងប្រទេសដទៃទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា សម្តេចចង់ឃើញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជសេរីរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចពិតជារីករាយនៅពេលឃើញទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងចិន ដែលឈានមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ បានបន្តថា កាលពីឆ្នាំ២០១៨កន្លងទៅ លោកបានអញ្ជើញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយភាគីទាំងពីរបានប្រារព្ធខួប៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍ថា ជំនួយសន្ធឹកសន្ធាប់ពីប្រទេសចិន ដល់ប្រទេសកម្ពុជា គឺបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចតេជោថា ជំនួយនេះបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា។ សម្តេចតេជោ អរគុណចិន ដែលបានផ្តល់ជំនួយសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០១៨។

សម្តេចនាយករដ្ឋមន្ត្រនៃកម្ពុជា បានលើកឡើងថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត សម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានគម្រោងជាច្រើនស្ថិតនៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយខ្សែក្រវាត់ និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធនាគារចិនអាចគាំទ្រផ្នែកហិរញ្ញប្បទាន។ សម្តេចតេជោ មានប្រសាសន៍ថា ការគាំទ្រដល់គម្រោងនោះ គឺជានាំមកនូវប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

សម្តេចតេជោរំពឹងប្រទេសទាំងពីរ នឹងមានគម្រោងជាច្រើនទៀតស្ថិតនៅក្នុងក្របខណ្ឌនៃគំណិតផ្តួចផ្តើមខ្សែក្រវាង់ និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា នៅថ្ងៃម្សិលមិញនេះលោកប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយ ៤ពាន់លានយ័នសម្រាប់រយៈពេល៣ឆ្នាំពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញនូវគម្រោង៦សំខាន់ៗពាក់ព័ន្ធប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងប្រព័ន្ធអគ្គិសនី។ សម្តេចតេជោ ស្នើឲ្យចិនគាំទ្រគម្រោងសំខាន់ៗទាំង៦នេះ។

ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរីសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីទាំងពិនិត្យ និងសិក្សាទៅលើបញ្ហានេះ។ ក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យចិនបន្តនាំចូលផលិតផល និងកសិផលកសិកម្មរបស់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន ប្រទេសចិនជាទីផ្សារដ៏ធំមួយនៅលើពិភពលោក។

ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ ក៏ដូចជាវិស័យផ្សេងៗទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណមិត្តចិន ដែលបានជួយកម្ពុជានាពេលកន្លងមក ហើយសម្តេចក៏បានស្នើឲ្យចិនបន្តជួយលើវិស័យនេះបន្ថែមទៀត។ សម្តេចតេជោ បានស្នើចិនជួយជួសជុលប្រាសាទបុរាណនៅកម្ពុជា ហើយអរគុណដល់ចិន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាជិត ២ពាន់នាក់កំពុងសិក្សានៅក្នុងប្រទេសចិន។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃធនធានមនុស្សសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាសន្តិសុខផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការចូលចតរបស់នាវារបស់ចិន ដែលបានចូលចតនៅខេត្តព្រះសីហនុ ចំនួន៣លើកនៅក្នុងឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោក លី ខឺឈាង ចំពោះការផ្តល់ជំនួយ៨៤០លានយ័នសម្រាប់វិស័យយោធានាពេលកន្លងទៅនេះ។ សម្តេចតេជោ បានបង្ហាញការចង់ឃើញរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បន្តជួយដល់វិស័យផ្សេងៗទៀត រួមទាំងវិស័យនគរបាលផងដែរសម្រាប់ការគ្រង់គ្រងសន្តិសុខ។

ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានគោរពអញ្ជើញលោក លី ខឺឈាង បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។

លោក លី ខឺឈាង បានថ្លែងថា ចិនចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តរបស់ចិន ហើយកម្ពុជាបច្ចុប្បន្នមានស្ថេរភាពនយោបាយ មានសន្តិសុខ និងសន្តិភាពផងដែរ។ លោកមានប្រសាសន៍ថា បច្ចុប្បន្ននេះទោះបីមានការប្រឈម និងសម្ពាធពីខាងក្រៅយ៉ាងណាក្តី តែកម្ពុជា គឺជាកន្លែងអភិវឌ្ឍន៍ដ៏ល្អ។ នាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា រដ្ឋាភិបាលចិន នឹងបង្កើនការនាំចូលអង្ករពីកម្ពុជា ដើម្បីជួយដល់កម្ពុជា។ រីឯគម្រោងជួសជុលប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀត កម្ពុជា និងចិន អាចបន្តសហការគ្នា។

នាយករដ្ឋមន្ត្រីចិន បានថ្លែងថា ចិននឹងបន្តនាំចូលកសិផលពីប្រទេសកម្ពុជាផងដែរ ហើយសង្ឃឹមថា កម្ពុជានឹងបន្តនាំចេញកសិផលផ្សេងៗទៀតទៅកាន់ប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត។ លោកនាយករដ្ឋមន្ត្រីចិន ក៏បានស្នើឲ្យកម្ពុជា និងចិនបន្តប្រើប្រាស់យន្តការដែលមានរួមមានយន្តទ្វេភាគី និងយន្តការតំបន់។

ពាក់ព័ន្ធនឹងការស្នើឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាគីទាំងពីរនឹងចាប់ផ្តើមពិភាក្សារួមគ្នាក្នុងពេលវេលាសមស្របណាមួយ។ លោកនាយករដ្ឋមន្ត្រីចិន បានលើកឡើងថា នៅខែមេសា ឆ្នាំ២០១៩នេះ លោកនឹងមានដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប។ ក្នុងដំណើរនេះនឹងមានការពិភាក្សាជាមួយភាគីសហគមន៍អឺរ៉ុបអំពីបញ្ហាអឺរ៉ុប និងអាស៊ាន ដែលជាបញ្ហាសំខាន់។ លើពីនេះទៀតលោកនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា កម្ពុជា និងចិន អាចធ្វើការរួមគ្នា ដើម្បីជួយដល់ក្រុមហ៊ុននានា ដែលកំពុងវិនិយោគនៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រីចិន បានលើកឡើងដែរថា លោកនឹងរកពេលវេលាសមស្របណាមួយនឹងបំពេញទស្សនកិច្ចនៅកម្ពុជា។

បន្ទាប់បានជួបពិភាក្សាលើការងារសំខាន់ៗមួយចំនួនរួចហើយនោះនៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨។

ឯកសារនៃកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖

ទី១. លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជនបទជំហានទី២ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។

ទី២. លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។

ទី៣. លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រ ដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។

ទី៤. លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ទី៥. លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ដែលរងការខូចខាតដោយទឹកចំនន់ ចុះហត្ថលេខារវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ទី៦. លិខិតបញ្ជាក់ការប្រគល់ ទទួល ស្តីពីគម្រោងជួសជុលប្រាសាទតាកែវ ចុះហត្ថលេខារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ទី៧. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្តព្រះវិហារ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ហ៊ូ ស៊ាវលាន ប្រធានធនាគារនីហរ័ណ អាហរ័ណចិន។

ទី៨. កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក យី ហួយម៉ាន ប្រធាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន៕