(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា តារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយកុយ និងនាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលេខ​៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយរថយន្ដបែកកង់រេទៅបុកដើមឈើ។

បើតាមលោកឧត្តមសេនីយ៍​ស្នងការ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩នេះ បណ្ដាលមកពីរថយន្តបែកកង់រ៉េ ទៅបុកដើមឈើ។ ដោយរថយន្ដដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-9968។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ទៀតថា រថយន្ដនេះបើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ​៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសកែងដៃស្តាំ និងអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) ​អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដោយជនរងគ្រោះទាំងពីរធ្វើដំណើរ មកពី​ខេត្តរតនគរី ទៅរាជធានីភ្នំពេញ៕